ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ មរណភាព​របស់​លោក ជា ស៊ីម មិន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​កម្ពុជា​ទេ


លោក ជា ស៊ីម (ឆ្វេង) អតីត​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាអតីត​ប្រធានព្រឹទ្ធសភាជាតិ បានទទួលមរណភាពនៅ​​ថ្ងៃ​ច័ន្ទ​ទី៨​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ​​
លោក ជា ស៊ីម (ឆ្វេង) អតីត​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាអតីត​ប្រធានព្រឹទ្ធសភាជាតិ បានទទួលមរណភាពនៅ​​ថ្ងៃ​ច័ន្ទ​ទី៨​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ​​

ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស ​និងក្រៅ​ប្រទេស​ខ្លះ​បាន​និយាយ​ថា​ មរណភាព​ដោយ ជរា​ពាធ​ និង​រោគាពាធ​របស់​លោក​ ​ជា ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ច័ន្ទ​ទី៨​ ខែ​មិថុនា​ឆ្នាំ​២០១៥​ នឹង​បើក​ឱកាស​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​កាន់​កាប់​អំណាច​ក្នុង​គណបក្ស​យ៉ាង​ពេញ​មុខ​បន្ថែម​លើ​អំណាច​របស់​លោក​ក្នុង​រដ្ឋាភិបាល​ដែល​គេ​គិត​ថា​ នឹង​គ្មាន​ការ​ប្រែប្រួល​នយោបាយ​កម្ពុជា​ធំ​ដុំ​នោះ​ទេ។​

លោក​បណ្ឌិត​សុខ ទូច ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ ​បាន​ថ្លែង​ ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បានប្រុង​ប្រៀប​រួច​ហើយ​ចំពោះ​ស្ថាន​ការណ៍​នេះ។​

«មរណភាព​របស់​សម្តេច​ជា ស៊ីម​មិនមាន​អ្វី​ប្រែប្រួល​នៅ​ក្នុង​នយោបាយ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​ទេ ​គឺគណបក្ស​ប្រជាជន​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជាស្រេច​ ជ្រើសរើស​អ្នក​ស្នង។​ បើ​តាម​មហា​សន្និបាត​របស់​គណបក្ស​គឺ​មាន​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ស្នង​ទៅ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក​ សុខ ទូច​ អះអាង​បន្ត​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ជា​អ្នក​ចាត់​ចែង​ គោល​នយោបាយ​ធំៗ​ជាច្រើន​ឆ្នាំ​កន្លង​មក​ ទាំង​ក្នុង​គណបក្ស​និង​ក្រៅ​គណបក្ស​គឺ​មិនមែន​លោក​ជា ស៊ីម​ទេ។​

«គាត់​គ្រាន់​តែ​ជា​តួ​អង្គ​សម្រាប់​បំពេញ​នៅ​ក្នុង​គណបក្ស​ ព្រោះគាត់​មាន​សុខភាព​ជរា​យូរ​មក​ហើយ។ ​តែ​សម្តេច​ជា ស៊ីម ​លោក​ក៏​មាន​ជើង​ក្រោម​របស់លោក​ច្រើន​ដែរ​គឺ​មាន​ឯកឧត្តម​ស ខេង​ ហើយ​នៅ​ក្នុង​ឯកឧត្តម​ស ខេង​ហ្នឹង​មាន​សេនារីយោ​ ជា​ច្រើន​ទៀត​ តែ​ក្រោយ​មក​ហាក់​ដូចជា​ទន់ខ្សោយ​ ហើយ​ចុង​ក្រោយ​នេះ​ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ឡើង​ខ្លាំង​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រួបរួមគ្នា​ទៅ​ជា​ធ្លុង​មួយ ​ហើយ​មិនមាន​ប៉ូល​ពីរ​ដូច​មុន​ទេ»។​

លោក​ទទួល​ស្គាល់​ថា​ មាន​ភាគី​ប្រជែង​អំណាច​ផ្ទៃ​ក្នុង​ចំនួន​ពីរ​គឺ​ភាគី​ខាង​លោកជា ស៊ីម ​និង​លោក​ហ៊ុន​ សែន ​ដែល​មាន​ឥទ្ធិពល​ក្នុង​គណបក្ស​គ្រប់គ្រង​ប្រទេស​ នេះ​ តែ​ការ​ប្រទាញ​ប្រទង់​គ្នា​មិនមាន​ទៀត​ទេ​ នៅពេល​គណបក្ស​នេះ​ត្រៀម​ទប់​ទល់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៉ី ​និង​លោក​កឹម សុខា ​ដែល ទើប​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ដល់​ទៅ៥៥​អាសនៈ​ក្នុង​សភា​ដែល​មានអាសនៈ​សរុប​ចំនួន១២៣​ ​កាលពី​ការ​បោះឆ្នោត​សភានៅ​ឆ្នាំ​២០១៣​កន្លង​មក។​

«បើ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រទាញ​ប្រទង់ ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អត្តឃាត​សម្លាប់ខ្លួន​ឯង ​ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជាត្រូវការ​ឯកភាព​ផ្ទៃ​ក្នុង​គណបក្ស ​ពីព្រោះ​គណបក្ស​សង្គ្រោះជាតិ​ខ្លាំង»។​

លោក​សុខ ទូច​បាន​រំឭក​ពី​ស្នាដៃ​របស់​លោក​ជា ស៊ីម​ខ្លះៗ​ថា ​លោកជា ស៊ីម​បាន​ដើរ​តួនាទី​សម្រុះ​សម្រួល​នយោបាយ​ និង​ជា​ស្ថាបនិក​រណសិរ្ស​២​ធ្នូ ​ដើម្បី​រំដោះ​ កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ខ្មែរក្រហម។​ ហើយ​លោក​មិនមែន​ជា​អ្នក​ដែល​បន្សល់​ស្នាដៃ​អាក្រក់​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ល្អក់កករ​ក្នុង​ចំណោម​អ្នក​នយោបាយ​ដូច​គ្នា​ទេ។​

លោកអ៊ូ វីរៈ ​នាយក​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​មួយ​ក្នុង​ប្រទេស​ កម្ពុជា​ឈ្មោះវេទិកា​អនាគត​ (Future Forum) ​បាន​ទទួល​ស្គាល់​ថា ​ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លង​មក​នេះ​ លោកជា ស៊ីម​គ្រាន់តែ​ជានិមិត្តរូប​គណបក្ស​ប៉ុណ្ណោះ ហើយ​មរណភាព​របស់​លោក​មិន​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អ្វីទេ ​ដោយសារ​គាត់​ជា​មេ​ដឹកនាំ​មិនមាន​អំណាច​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ។​

«សំណួរ​សួរ​ថា​ តើ​នឹង​មាន​ការ​ដូរ​ទេ? ​ខ្ញុំ​ថា ​អាច​ដូរ​ខ្លះគឺ​ត្រង់​ថា ​លោក​ហ៊ុន សែន​ជា​អ្នក​មាន​អំណាច​ស្រាប់​ ហើយ​បើ​សិន​ជា​លោកហ៊ុន សែន​ក្លាយ​ជា​ប្រធាន​គណបក្ស​ដូច​អ្វី ​ដែល​បាន​លើក​ឡើង​កាល​ពី​ខែ​៤​ (មេសា​ក្នុង​មហា​សន្និបាត)​ ​ខ្ញុំ​មើល​ទៅ​ប្រហែល​ជា​អាច​ដូរ​ កែ​មួយ​ចំនួន​លឿន​ជាង​មុន។ ​សំណួរ​សួរថា​ តើ​គណបក្ស​ហ្នឹង​អាច​ធ្វើ​បាន​លឿន​ជាង​មុន​ទេ?​ ខ្ញុំ​ថា ​ធ្វើ​អី​ក៏​ដោយ​ក៏​បានលឿន​ជាង​មុន​ដែរ។​ តែ​សំណួរ​សួរ​ថា​ ​តើ​លឿន​ជាងមុន​ហ្នឹង​ដូរ​ទៅ​យ៉ាង​ម៉េច?​ រឿង​ហ្នឹង​យើង​អត់​ទាន់​ដឹង​ទេ»។​

លោក​សង្កេត​ឃើញ​មាន​ការ​ចង់ដូរ​ឲ្យ​យុវជន​មាន​ឥទ្ធិពល​ក្នុង​គណបក្ស​ ផ្តល់​អាទិភាព​ដល់​ក្មេង​ជំនាន់​ក្រោយ។ ​ហើយ​លោក​បញ្ជាក់​ទៀត​ថា​ មរណភាពរបស់​លោកជា ស៊ីមគឺ​ជា​និមិត្ត​រូប​នៃ​ការ​ដូរ​ជំនាន់​ផង​ដែរ។​

លោក​បាន​ហៅ​លោកជា ស៊ីម​ថា​ ជា​តួអង្គ​នយោបាយ​ស្លូត​មួយ​រូប ​ក្នុង​គណបក្ស​ ប្រជាជន​ ដែល​សូម្បី​តែ​គណបក្ស​ជំទាស់​ក៏​អាច​ទទួល​យក​បាន​ដែរ​ ដែល​លោកសង្ឃឹម​ថា ​នឹង​មាន​ការ​ចូលរួម​មរណទុក្ខ​ពី​ប្រជា​ពលរដ្ឋ​ទូទៅ​ដល់​ក្រុម​គ្រួសារនិង​មាន​ការ​ចាប់​អារម្មណ៍​របៀប​ការទូត​ពី​បរទេស​ខ្លះ។​

«ដូច​ខ្ញុំ​ថា​អញ្ចឹង តាម​ពិត​ជា​រឿង​មួយ​ដែល​គេ​ដឹង​ថា ​ទី១ ​សម្តេច​មិន​សូវ​ជាមាន​ អំណាច​ទាំងស្រុង ​មិនមាន​អំណាច​ច្រើន​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ មក​នេះ​ មិនសូវ​មាន​អំណាច​ទេ។ ​ហើយ​ទី២ ​គេ​ដឹង​ថា ​លោក​ឈឺ​ធ្ងន់ធ្ងរ​អស់​ រយៈ​ពេល​ប្រហែល​ជា​៤​ទៅ​៥​ឆ្នាំ​នេះ ​គឺ​ដឹង​ច្រើន​គ្នា។​ អញ្ចឹង​ខ្ញុំ​មើល​ទៅ​អន្តរជាតិ​ គេ​មិន​យក​ចិត្តទុក​ដាក់​ច្រើន​ទេ។​ គ្រាន់តែ​ជា​ការ​ទូត​នឹង​មាន​ការ​យក​ចិត្តទុក​ដាក់ ​ តែ​បើ​និយាយ​ពីស្ថានភាព​ជាក់ស្តែង​ ខ្ញុំ​មើល​ទៅ​មិន​មាន​ជា​ការ​យក​ចិត្តទុក​ដាក់​ ច្រើន​ទេ»។​

លោក​ ​Peter Maguire​ សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ និង​ជា​ អ្នក​ឃ្លាំ​មើល​កម្ពុជា​ម្នាក់ ​បាន​យល់​ឃើញ​ស្រដៀង​គ្នា​ដែរ។​ លោក​ថ្លែង​ថា ​មរណភាព​របស់​លោក​ជា ស៊ីម​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ផង​នោះ ​នឹង​គ្មាន​អ្វី​ប្រែប្រួល​ខ្លាំង​ហួសហេតុ​ទេ ​ដោយសារ​កម្ពុជា​មាន​មេដឹក​នាំ​តែ​មួយ​បី​ទសវត្សរ៍​មក​ហើយ។​

«តែ​ខ្ញុំ​គិត​ថា​ ការ​ស្លាប់នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ព្រឹត្តិ​ការណ៍​ដែល​ថា​ គណបក្ស​ ប្រជាជន​កម្ពុជា​នឹង​បង្កើត​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ ​ប្រសិនបើ​គណបក្ស​នេះ​គិត​ថា​ ពួកគេ​អាចនៅ​បន្ត​គ្រប់​គ្រង​នយោបាយ​កម្ពុជា»។​

នៅ​ពេល​វីអូអេ​សួរ​ថា​ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទំនង​ជា​នឹង​កាន់ កាប់​អំណាច​ក្នុង​គណបក្ស​ជា​ប្រធាន​ជំនួស​លោក​ជា ស៊ីម ​ហើយនឹង​កាន់កាប់ រដ្ឋាភិបាល​ តើ​នឹង​មាន​អ្វី​ប្រែប្រួល? ​លោក​ Peter Maguire ​បាន​អះអាង​ថា៖​

«បញ្ហា​ទៅមុខ​ទៀត​នឹង​នៅតែ​ដដែល ​រហូត​ទាល់​តែ​ចិន​អស់​លុយ។​ ហើយ​ខ្ញុំ​គិត​ ថា ​ស្ថាន​ការណ៍​នានា​នឹង​មាន​ការ​ចាប់​អារម្មណ៍​ នៅ​ពេល​ចិន​មិន​អាច​ជួយ​ផ្តល់​ ជំនួយ​ថវិកា​ធ្វើ​ជា​ប្រទេស​មាន​សប្បុរស​ធម៌​ទៀត»។​

ក្រោយពី​ការ​លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម​ឲ្យ​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩​ជាមួយ​នឹង​ឥស្សរ​ជន​ដទៃ​ទៀត​នោះ​ លោកជា ស៊ីម​ធ្លាប់​កាន់​តំណែង​ជា​ប្រធាន​គណបក្ស ​ហើយ​ក៏​ធ្លាប់​កាន់​កាប់មុខ​តំណែង​ជា​ប្រធាន​ព្រឹទ្ធ​សភា ​ប្រធាន​រដ្ឋសភា ​ដែល​ម្តងម្កាល​ក្លាយ​ជា​ប្រមុខ​រដ្ឋស្តី​ទី​ក៏​ពិតមែន​ តែ​មិន​ ​ដែល​មាន​ឱកាស​បាន​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។​

ប្រទេស​កម្ពុជា​ក្រោមការ​ដឹកនាំ​របស់​លោកហ៊ុន សែន​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ជាមួយ​ចិន ​ដោយសារ​ប្រទេស​ចិន​គឺជា​ប្រទេស​មាន​ការ​វិនិយោគ​ទុន​ច្រើន​នៅកម្ពុជា ​ជាប្រទេស​ផ្តល់​ជំនួយ​ឥត​លក្ខខណ្ឌ​ដល់​ប្រទេស​កម្ពុជា ​និង​គាំទ្រ​នយោបាយ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ៕

XS
SM
MD
LG