ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ប្តូរ​ពី​ការធ្វើពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ ទៅ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប


រូប​ឯកសារ៖ បុរសម្នាក់​មើល​បន្លែដាក់លក់​ក្នុងផ្សារទំនើប​មួយ​នៅ​ក្រុងហាណូយ ប្រទេស​វៀតណាម កាល​ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៤។ 
រូប​ឯកសារ៖ បុរសម្នាក់​មើល​បន្លែដាក់លក់​ក្នុងផ្សារទំនើប​មួយ​នៅ​ក្រុងហាណូយ ប្រទេស​វៀតណាម កាល​ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៤។ 

កិច្ចព្រមព្រៀង​នេះ​មាន​សារៈសំខាន់ មិន​ត្រឹម​តែ​ដោយសារ​វា​ជួយ​សម្រួល​ដល់​ការនាំ​ចេញ​ផលិតផល​មួយ​ចំនួន​ដូច​ជា ​ផ្លែឈើ​នៅ​តំបន់​ត្រូពិច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ដោយសារ​វា​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ការ​ការពារ​សិទ្ធិមនុស្ស​ សហជីព​ការងារ​ និង​ការការពារ​បរិស្ថាន​ផងដែរ។

ប្រទេសវៀតណាម​និង​ទ្វីបអឺរ៉ុប​អាច​នឹង​ទិញ​ដូរ​ផ្លែក្រូចថ្លុង​និង​ឈីស​ព័រទុយហ្គាល់​បន្ថែម​ទៀត​ទៅវិញ​ទៅមក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ប្រសិន​បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ចូល​ជា​ធរមាន។ កិច្ចព្រមព្រៀង​នេះ​នឹង​ភ្ជាប់​តំបន់​ទាំងពីរ​ដែល​បាន​ស្វែងរក​ដំណោះស្រាយ​លើ​ភាពតានតឹង​ផ្នែក​ពាណិជ្ជ​កម្ម ដែល​បាន​បង្ក​ឡើង​ដោយ​សហរដ្ឋអាមេរិក។ រដ្ឋសភា​អឺរ៉ុប​គ្រោង​រៀបចំ​ការពិភាក្សា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី២៨ ខែឧសភា​ខាង​មុខ​ បន្ទាប់​ពី​ការចរចា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រវាង​ប្រទេសវៀតណាម​ និង​សហភាព​អឺរ៉ុប។

កិច្ចព្រមព្រៀង​នេះ​មាន​សារៈសំខាន់ មិន​ត្រឹម​តែ​ដោយសារ​វា​ជួយ​សម្រួល​ដល់​ការនាំ​ចេញ​ផលិតផល​មួយ​ចំនួន​ដូច​ជា ​ផ្លែឈើ​នៅ​តំបន់​ត្រូពិច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ដោយសារ​វា​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ការ​ការពារ​សិទ្ធិមនុស្ស​ សហជីព​ការងារ​ និង​ការការពារ​បរិស្ថាន​ផងដែរ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ពួកអ្នករិះគន់​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ រវាង​វៀតណាម​និង​សហភាព​អឺរ៉ុប​នេះ​ នឹង​មិន​ជំរុញ​ឲ្យ​មាន​ការអនុវត្ត​ស្តង់ដារ​សិទ្ធិមនុស្ស​នោះ​ទេ ហើយ​នឹង​បញ្ចេញ​ការងារ​ទៅ​ក្រៅប្រទេស​ដែល​ធ្វើ​ឲ្យ​កម្មករ​រងគ្រោះ។

សម្រាប់​សហភាពអឺរ៉ុប​កិច្ចព្រមព្រៀង​នេះ​គឺ​ជា​ វិធី​មួយ​ទៀត​នៃ​លទ្ធភាព​ចូល​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ខ្លាំង​នៅ​ទ្វីបអាស៊ី​ គឺ​ជា​ការ​បង្កើត​ជា​គំរូ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ​ទទួល​ខុសត្រូវ​ចំពោះ​ការ​សន្យា​របស់​ខ្លួន​នៅក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​បាន​ស្មើ​ភាព។

ចំណែក​ឯ​សម្រាប់​ប្រទេស​វៀតណាម​វិញ​ វា​គឺ​ជា​ឱកាស​មួយ​ក្នុង​ការ​ហៅ​ខ្លួន​ឯង​ថា​ជា​ ប្រទេស​បើកចំហ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ដោយសារ​តែ​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ ព្រមទាំង​បាន​បង្កើន​ស្តង់ដារ​គុណភាព​ឲ្យ​ដល់​កម្រិត​មួយ​ដែល​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ចង់​បាន​ផងដែរ។ លោក Le Thanh Liem អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុងហូជីម៉ិញ​បាន​ថ្លែង​នៅ​ឯ​កិច្ចប្រជុំ​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប​នៅ​ប្រទេស​វៀតណាម​ថា «កិច្ចព្រមព្រៀង​ពាណិជ្ជកម្មនេះ​មាន​បញ្ចូល​នូវ​ការប្តេជ្ញាចិត្ត​ជា​ច្រើន​ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​អាជីវកម្ម​នៅក្នុង​ប្រទេសវៀតណាម​មាន​ភាព​ប្រសើរ​ឡើង»។

ក្រុម​មន្រ្តី​វៀតណាម​ជា​រឿយៗ​បាន​និយាយ​ថា ​ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​ក្រៅ​ប្រទេស​វា​នឹង​ជួយ​សម្រេច​ឲ្យ​បាន​នូវ​កំណែទម្រង់​ដ៏​លំបាក​មួយ​នៅក្នុង​ប្រទេស​វៀតណាម។ ឧទាហរណ៍​ដូចជា​ វា​ប្រហែល​ជា​ពិបាក​ក្នុង​ការ​បញ្ចុះបញ្ចូល​ពួកអភិរក្សនិយម​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកកម្មករ​បង្កើត​សហជីព​ការងារ​ដោយ​ពួកគេ​ផ្ទាល់។ ក៏​ប៉ុន្តែ​ប្រសិនបើ​មាន​ការ​លើក​ទឹកចិត្ត​ពី​ខាងក្រៅ​ ដូចជា​ការធ្វើ​ពាណិជ្ជកម្ម​បាន​ប្រសើរ​ជាងមុន​ជាមួយ​សហភាពអ៊ឺរ៉ុប​ជាដើម​ នោះ​វានឹ​ង​អាច​ធ្វើ ពួក​អភិរក្ស​និយម​ទាំងនោះ​ចូលរួម​ក្នុង​រឿង​នេះ​បាន។​

សហជីព​ការងារ​គឺ​ជា​ ក្តីបារម្ភ​មួយ​សម្រាប់​សហភាពអឺរ៉ុប។ ហើយ​ក្តីបារម្ភ​មួយ​ទៀត​គឺ​ការ​ហូរ​ចេញ​ការងារ​ ដែល​ប្រើ​កម្លាំង​ពលកម្ម​ទៅ​ទ្វីបអាស៊ី​រួមទាំង​វៀតណាម​ផងដែរ។ អ្នកធ្វើការ​នៅ​ទ្វីបអឺរ៉ុប​មាន​ការបារម្ភ​ថា​ នៅពេល​ដែល​ពួកគេ​ទទួល​យក​ការងារ​បណ្តោះអាសន្ន​នានា​ដូចជា ​ផ្នែក​ដឹកជញ្ជូន​ម្ហូបអាហារ​ជាដើម​ ជំនួស​ឲ្យ​ការងារ​ជាប់លាប់​របស់​ពួកគេ​ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ​នោះ​ ពួកគេ​មិន​សូវ​ទទួល​បាន​ផលប្រយោជន៍​ការងា​រដូច​ដែល​ទទួល​បានពី​និយោជក​រយៈពេលវែង​ ឬ​តាមរយៈ​កម្មវិធី​អនុគ្រោះពន្ធរបស់​រដ្ឋាភិបាល​នោះ​ទេ។

មាន​ក្តីបារម្ភ​មួយ​ផ្សេងទៀត​ត្រូវ​បាន​លើកឡើង​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ។ ប្រធាន​សភាពាណិជ្ចកម្ម​អឺរ៉ុប​លោក Nicolas Audier បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សភា​ពាណិជ្ជកម្ម​ថា «យើង​មាន​ក្តីបារម្ភ​មួយចំនួន​ពាក់ព័ន្ធនឹង​ការ​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​រួច​ហើយ»។

ស្រា​ពី​អឺរ៉ុប​កាន់​តែ​ច្រើន​អាច​នឹង​ត្រូវ​ដាក់​លក់​នៅ​វៀតណាម​ ដូច​នៅ​ក្នុង​ហាង​មួយ​នេះ​ក្នុង​ក្រុង​ហូជីមិញ​ ប្រសិន​បើ​អឺរ៉ុប និង​វៀតណាម​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។
ស្រា​ពី​អឺរ៉ុប​កាន់​តែ​ច្រើន​អាច​នឹង​ត្រូវ​ដាក់​លក់​នៅ​វៀតណាម​ ដូច​នៅ​ក្នុង​ហាង​មួយ​នេះ​ក្នុង​ក្រុង​ហូជីមិញ​ ប្រសិន​បើ​អឺរ៉ុប និង​វៀតណាម​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។

​អង្គការ​សិទ្ធិមនុស្ស Amnesty International បាន​រាយការណ៍​នៅ​ខែ​នេះ​ថា​ ចំនួន​អ្នកទោស​នយោបាយ​នៅវៀតណាម​បាន​កើនឡើង​ពី ៩៧នាក់​កាល​ពី​ឆ្នាំមុន ដល់១២៨នាក់​នៅ​ឆ្នាំ​នេះ​ បើទោះបីជា​អាជ្ញាធរ​វៀតណាម​បាន​បញ្ជាក់​ថា​ ពួកគេ​មិន​បាន​ឃុំ​ខ្លួន​មនុស្ស​ដោយសារ​ហេតុផល​នយោបាយ​ក៏​ដោយ។

មាន​អ្នកខ្លះ​មាន​ចម្ងល់​ថា​ តើ​សហភាពអឺរ៉ុប​នឹង​អនុវត្ត​តាម​ស្តង់ដារ​ជាប់លាប់​របស់​ខ្លួន​ដែរឬទេ​ នៅពេល​ដែល​សហភាព​អឺរ៉ុប​បន្ត​ដំណើរការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ចកម្ម​ជាមួយ​នឹង​វៀតណាម​នោះ​ ទោះបីជា​សហភាពអឺរ៉ុប​កំពុង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ជិត​ខាង​នានា​ដូចជា​ មីយាន់ម៉ា ​និង​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ក៏​ដោយ។

សហភាពអឺរ៉ុប ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងប្រ៊ុចសែល​ ប្រទេសបែលហ្សិក​ក៏​កំពុង​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះពន្ធ​របស់​ខ្លួន​ដែល​ហៅ​ថា ​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ ឬ EBA ចេញ​ពី​ប្រទេស​ទាំងពីរ​ដោយសារ​តែ​ប្រទេសកម្ពុជា​បាន​ធ្វើ​ការបង្ក្រាប​លើ​ក្រុម​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​កាល​ពី​ពេល​បោះឆ្នោត​ឆ្នាំ២០១៨ ហើយ​ប្រទេស​មីយាន់ម៉ា​វិញ​ ដែល​មាន​ពលរដ្ឋ​ភាគច្រើន​កាន់​សាសនា​ព្រះពុទ្ធ​បាន​សម្លាប់​រង្គាល​លើ​ពួកជនជាតិ​រូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម។

ក៏​ប៉ុន្តែ​ទាំង​សហភាព​អឺរ៉ុប​និង​វៀតណាម​ចង់​មាន​ជម្រើស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ព្រោះ​ថា​ ដៃ​គូពាណិជ្ជកម្ម​ដ៏​ធំ​គឺ​សហរដ្ឋអាមេរិក​កំពុង​ងាក​ចេញ​ពី​សេដ្ឋកិច្ច​ពិភពលោក។ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វីក​ហៅ​កាត់​ថា TPP កាល​ពី​ឆ្នាំ២០១៧។ ការ​ដក​ខ្លួន​របស់​សហរដ្ឋអាមេរិក​នេះ​ធ្វើ​ឲ្យ​វៀតណាម​ខកចិត្ត​ដោយសារ​តែ​សហរដ្ឋអាមេរិក​គឺ​ជា​ មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​វៀតណាម​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង TPP នេះ​ ដោយ​កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​វាយនភណ្ឌ​និង​រោងចក្រ​សម្លៀកបំពាក់​នានា​នៅ​វៀតណាម​អាច​ចូល​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​បាន។ ទីផ្សារ​សហភាពអឺរ៉ុប​ក៏​រង​ផលប៉ះពាល់​ផងដែរ​ នៅពេល​ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ បាន​បង្កើន​ពន្ធគយ​លើ​ដែកថែប​ និង​អាលុយមីញ៉ូម​នាំ​ចូល​ពី​បរទេស​កាល​ពី​ឆ្នាំ២០១៨ ហើយ​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ក៏​កំពុង​គំរាម​បង្កើន​ពន្ធគយ​លើ​ការ​នាំចូល​រថយន្ត​ពី​ទ្វីបអឺរ៉ុប​ផងដែរ។​

ទាំង​សហភាពអ៊ឺរ៉ុប​ និង​វៀតណាម​នៅ​កំពុង​ធ្វើ​ការ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ពួកគេ​ ហើយ​ករណី​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​ទ្វីបអឺរ៉ុប។ លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ​ជា ​សមាជិក​សហភាព​អ៊ឺរ៉ុប​ដូចជា​ ប្រទេសរ៉ូម៉ានី ​និង​សាធារណរដ្ឋឆែក​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ហើយ​បន្ទាប់​មក​លោក​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​មក​ពី​ប្រទេសរ៉ូម៉ានី​នៅ​ខែឧសភា​នេះ។ ការបញ្ចុះបញ្ចូល​ដើម្បី​ឲ្យ​ទទួល​បាន​កិច្ច​ព្រមព្រៀង​នេះ​នៅកំពុង​បន្ត​នៅ​ឡើយ ខណៈ​លោក​បាន​ទទួល​ស្វាគមន៍​ម្ចាស់ក្សត្រីយ៍​រជ្ជទាយាទ​របស់​ប្រទេសស៊ុយអ៊ែត​នៅ​ខែ​នេះ ​ហើយ​បន្ទាប់​មក​លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Stockholm​ ប្រទេស​ស៊ុយអ៊ែត​ដូច​តាម​ការគ្រោងទុក៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG