ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​វៀតណាម​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម CPTPP


តំណាង​នៃ​សមាជិក​កិច្ចព្រមព្រៀង TPP ថត​រូប​ជា​ក្រុម​ នៅ​ក្នុង​ក្រុង Santiago ប្រទេស​ឈីលី កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។
តំណាង​នៃ​សមាជិក​កិច្ចព្រមព្រៀង TPP ថត​រូប​ជា​ក្រុម​ នៅ​ក្នុង​ក្រុង Santiago ប្រទេស​ឈីលី កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ទី ៧ ដែល​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​ប៉ាស៊ីហ្វិក​ដ៏​ទូលំទូលាយ​មួយ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​នេះ។

ប្រទេស​ចំនួន ១១ បាន​ផ្ដល់​ដង្ហើម​ឡើង​វិញ​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា TPP ដោយ​គ្មាន​វត្តមាន​របស់​សហរដ្ឋ​អាមេរិក។ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង TPP នេះ​កាល​ពី​ឆ្នាំ​មុន។

កាល​ពី​ខែ​មុន ប្រទេស​អូស្ត្រាលី​បាន​ក្លាយជា​ប្រទេស​ទី ៦ ដែល​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​នេះ ដោយ​បើក​ផ្លូវ​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​នៅ​ចុង​ខែ​ធ្នូ​ខាង​មុខ​នេះ ដោយសារ​សមាជិក​ជាង​ពាក់​កណ្ដាល​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​វៀតណាម​បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ ដោយ​រដ្ឋសភា​វៀតណាម​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ដើម្បី​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​នេះ។

លោក Nguyen Van Giau ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ក្រៅ​ប្រទេស​នៃ​រដ្ឋសភា​ជាតិ​វៀតណាម និយាយ​ដូច្នេះ​ថា៖ «នេះ​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ដ៏​សំខាន់​មួយ ដោយ​បញ្ជាក់​អំពី​តួនាទី​សកម្ម​របស់​ប្រទេស​យើង​នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ»។

សេដ្ឋកិច្ច​នាំ​ចេញ​រីក​ចម្រើន​លឿន​របស់​ប្រទេស​វៀតណាម​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន​ពី​លទ្ធភាព​បើក​ចំហ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ដែល​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទំនិញ​ផលិត​ក្នុង​តម្លៃ​ថោក​នានា​ដូចជា​ស្បែកជើង​ម៉ាក Adidas អាវ​យឺត​ម៉ាក Gap និង​ទូរស័ព្ទ​ម៉ាក Samsung ជា​ដើម។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នេះ​មាន​ឈ្មោះ​ថា​កិច្ច​ព្រមព្រៀង​ទូលំទូលាយ និង​វិវឌ្ឍ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា CPTPP។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ចង​សមាជិក​ទាំង​អស់​នៅ​ក្នុង​ផ្លូវ​ច្បាប់​ដ៏​តឹងតែង​មួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ពន្ធ​គយ​ទាប និង​ទីផ្សារ​បើក​ចំហ ក៏​ដូចជា​ដាក់​ឲ្យ​ប្រើ​នូវ​បទដ្ឋាន​ពលកម្ម​ថ្មី​ផង​ដែរ៕

XS
SM
MD
LG