ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ប្ដេជ្ញា​ប្រឆាំង​ការ​ជួញដូរ​ឈើ​ខុសច្បាប់​ពី​កម្ពុជា​ តែ​ការពារ​កិច្ច​ព្រមព្រៀង​ទិញ​ឈើ​ពី​វៀតណាម


រូបឯកសារ៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។ (ពិន ស៊ីសុវណ្ណ/VOA)
រូបឯកសារ៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។ (ពិន ស៊ីសុវណ្ណ/VOA)

​សហភាព​អឺរ៉ុប​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​សប្ដាហ៍​នេះ​ថា​ការ​ចុះ​កិច្ចព្រមព្រៀង​ដៃ​គូ​ស្ម័គ្រចិត្ត (Voluntary Partnership Agreements) ​ហៅ​កាត់​ថា​ (VPAs)​ ​រវាង​ភាគី​សហភាព​អឺរ៉ុប និង​ភាគីប្រទេសវៀតណាម​ ​សម្រាប់​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម​ ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ធនធាន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​ ​ហើយ​ថា​កិច្ចព្រមព្រៀង​នេះ​ ​នឹង​ជួយ​ទ្រទ្រង់​ប្រទេស​កម្ពុជា​ ឲ្យអនុវត្ត​ច្បាប់​ដែល​ខ្លួន​មាន​ ​ដើម្បី​ការ​ពារ​សម្បត្តិ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​នេះ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​បាន​ផ្ញើ​ជូន​VOA​ ​តាម​សារ​អេឡិចត្រូនិក​ឬEmail។​

ការ​ថ្លែង​ការពារ​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង(VPAs)​នេះ​ ធ្វើ​ឡើង​ក្រោយពី​មាន​ប្រតិកម្ម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​បាន​អះអាង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង(VPAs)​ ​រវាង​សហគមន៍​អឺរ៉ុប​ ​និង​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី១៨​ ​ខែ​តុលា​ ​ខាង​មុខ​នេះ​ ​នឹង​បង្ក​វិនាសកម្ម​បន្ថែម​ទៀត​ទៅលើ​ព្រៃ​ឈើ​កម្ពុជា​ ​ខណៈ​ដែល​មាន​លំហូរ​ឈើ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់​ចូល​ទៅ​ទីផ្សារ​វៀតណាម​ ​ពី​ប្រទេស​ជិត​ខាង​នានា​ ក្នុង​ចំណោម​នោះ​ ​ភាគ​ច្រើន​មក​ពី​កម្ពុជា​តែ​ម្ដង។

លោក​ ​George Edgar​ ​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​លិខិត​របស់​លោក​ថា​ ​សហភាព​អឺរ៉ុប​បាន​កត់​សម្គាល់​ទៅ​លើ​បញ្ហា​នា​នា​ ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​រួម​ពី​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា។​ ​សហ​ភាព​អឺរ៉ុប​បាន​ប្ដេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុសច្បាប់​និង​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ទាក់​ទង​គ្នា​ ​តាមរយៈ​ផែន​ការ​សកម្ម​ភាព​នៃការ​អនុវត្តន៍​ច្បាប់​ព្រៃ​ឈើ អភិបាល​កិច្ច និង​ពាណិជ្ជកម្ម​របស់​សហគមន៍​អឺរ៉ុប​ ​(FLEGT)។

លោក​បញ្ជាក់​បន្ថែម​ថា​ផែនការ​សកម្ម​ភាព​នេះ​ មាន​គោល​ដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងអភិបាល​កិច្ច​ព្រៃ​ឈើ​ ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ និង​ជំរុញ​ពាណិជ្ជកម្ម​ទៅ​លើ​ផលិត​ផល​ឈើ​ដែល​ត្រូវ​បាន​ប្រមូល​មក​ដោយ​ស្របច្បាប់​ និងមាន​ចីរភាព។​

​លោក​ឯក​អគ្គរដ្ឋទូត​បាន​ពន្យល់​ថា​ ​ការ​ចេញ​អាជ្ញាប័ណ្ណ​តាម​កម្មវិធី​នៃ​ការអនុវត្ត​ច្បាប់​ព្រៃ​ឈើ អភិបាល​កិច្ច និង​ពាណិជ្ជកម្ម​របស់​សហគមន៍​អឺរ៉ុប​ (FLEGT) ត្រូវ​បាន​អនុវត្ត​តាម​ការ​សន្និដ្ឋាន​នៃ​កិច្ច​ព្រមព្រៀង​ដៃគូ​ស្ម័គ្រចិត្ត​ (VPAs) ជាមួយ​ប្រទេស​ជា​ដៃ​គូ។ បើ​តាមច្បាប់​ ប្រទេស​មួយ​ដែល​បាន​ឲ្យសច្ចានុមតិ​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ​ អាចគ្រាន់តែ​ចាប់​ផ្ដើម​ចេញ​អាជ្ញាប័ណ្ណ​សម្រាប់​ឈើ និង​ផលិតផល​ឈើ​ ដែល​ខ្លួន​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ធានា​ភាព​ស្រប​ច្បាប់​ ដែល​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ​ហើយ​វា​ជា​ដំណើរការ​មួយ​ដែល​អាច​ស៊ី​ពេល​ច្រើន​ឆ្នាំ​ ក្រោយ​ការ​ផ្ដល់​សច្ចានុមតិ​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ស្ម័គ្រចិត្ត​ (VPAs) ​ដដែល​នេះ។​

លោក​ឯកអគ្គរដ្ឋទូត​ George Edgar​ ​បាន​សរសេរ​លិខិត​របស់​លោកជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​អត្ថន័យ​ដើម​ថា៖

«បន្ទាប់​ពី​មាន​ការ​ឲ្យ​សច្ចានុមតិ​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ស្ម័គ្រចិត្ត​ (VPAs)​ ប្រទេស​វៀតណាម​នឹង​ត្រូវ​បង្កើត​ប្រព័ន្ធ​ធានា​ភាព​ស្របច្បាប់​ឈើ​របស់​ប្រទេស​វៀតណាម​ (VNTLAS) ដែល​ការ​គ្រប់គ្រង​ភាព​ស្របច្បាប់​នៃ​ឈើ​ដែល​បាន​នាំ​ចូល​គឺ​ជា​ចំណែក​ធំ​មួយ​ និង​ពង្រឹង​យន្តការ​មានប្រសិទ្ធភាព​របស់​ខ្លួន​នានា​ដើម្បី​រក​ឲ្យ​ឃើញ​ការ​រំលោភបំពាន​ផ្សេងៗ​ ក៏​ដូច​ជា​ ធានា​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ប្រសើរ​ឡើង​ថែម​ទៀត»។

លោក​ឯកអគ្គរដ្ឋទូត​អះអាង​ថា​ ប្រទេស​វៀតណាម​ បាន​ប្ដេជ្ញា​ចិត្តចេញ​បទបញ្ញត្តិ តម្រូវ​ឲ្យ​អ្នក​នាំចូល​ទាំង​ឡាយ​ ​អនុវត្ត​នីតិវិធី​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​ធានា​ថា​ មាន​តែ​ឈើ​ស្របច្បាប់​ទេ ទើប​អាច​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​បាន​ ដែល​វា​ស្រដៀង​គ្នា​ទៅ​នឹង​កាតព្វកិច្ច​ជាច្រើន​ដែល​សហភាព​អឺរ៉ុប​ខ្លួន​ឯង​ បាន​ដាក់​ឲ្យ​អនុវត្ត​ជាធរមាន​ ជាមួយ​បទបញ្ញត្តិ​ឈើ​របស់​អឺរ៉ុប។

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៨​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​ប្រាំពីរ ដែល​ធ្វើការ​តស៊ូ​មតិ​ការពារ​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ និង​បាន​ផ្ញើ​ជូន​ទៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ដើម្បី​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុបលើកពេល​ចុះ​កិច្ចព្រមព្រៀង VPAs​ លុះ​ត្រា​តែ​មាន​ការ​កំណត់​តួនាទី​លើ​ប្រព័ន្ធ​ធានា​រ៉ាប់រង​ឈើ​ស្របច្បាប់​ (TLAS)នានា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ចព្រមព្រៀង​VPAsដ​ដែល​នោះ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​បញ្ជាក់​ទៀត​ថា​ ឈ្មួញ​ឈើ​វៀតណាម​កំពុងតែ​សកម្ម​ក្នុង​ការ​បំផ្លាញ​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សូកប៉ាន់​មន្ត្រី​រដ្ឋ​នៅ​គ្រប់​កម្រិត​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដើម្បី​រក​ស៊ី​ឈើ​ដែល​មាន​តម្លៃ​ទាំងនេះ​ ក្រៅ​ពី​ក្របខ័ណ្ឌ​ច្បាប់។ ពួកគេ​ថា​ ការវិវត្តន៍​ថ្មីៗ​នៃ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​ឡាវ​ បាន​បង្កើន​សម្ពាធ​របស់​វៀតណាម​មក​លើ​ព្រៃ​ឈើ​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​ផង​ដែរ។

លោក​ George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​ដឹង​ពី​បញ្ហា​នានា​ដែល​លើកឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការ​ការពារ​សម្បត្តិ​ព្រៃ​ឈើ​កម្ពុជា​នោះ​ យល់ថា​ ប្រសិន​បើ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​ដៃគូ​ស្ម័គ្រ​ចិត្ត​ជាមួយ​ការអនុវត្ត​ច្បាប់​ព្រៃឈើ​របស់​សហភាព​អឺរ៉ុប​ (FLEGT VPA) ត្រឹមត្រូវ​នោះ​ វា​នឹង​មាន​សក្ដានុពល​ដើម្បី​គាំទ្រ​ការ​អនុវត្តន៍​ច្បាប់​ពាក់​ព័ន្ធ​ផ្សេងៗ​នៅ​កម្ពុជា។ យ៉ាង​ណា​ក៏ដោយ​ លោក​ថា​ វា​ទាមទារ​ឲ្យ​មាន​«ការ​ប្ដេជ្ញា​ចិត្ត​ និង​សកម្មភាពពី​ខាង​ភាគី​កម្ពុជា​ ដើម្បី​ចាត់វិធានការ​ចាំបាច់​ ដោះស្រាយ​បញ្ហា​កាប់​ឈើ​ខុស​ច្បាប់​នេះ»។

លោក​ ​អ៊ូច ឡេង​ ​អ្នក​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ​និង​ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស ​(CHRTF) មិន​យល់​ស្រប​នឹង​ការ​អធិប្បាយ​របស់​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​នោះ​ទេ។ លោក​ប្រាប់ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​សហភាព​អឺរ៉ុប​ត្រូវ​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​ VPAs ​នេះ​តែម្ដង​ ​ព្រោះ​ថា​បើ​វា​ត្រូវ​បាន​អនុវត្ត​មែន​នោះ​ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ក្នុង​មហន្តរាយ​ជាក់​ជា​មិនខាន​ឡើយ។​ ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ​វៀតណាម​មិន​មាន​ធនធាន​ព្រៃឈើ​ច្រើន​ដូច​អ្វី​ដែល​កម្ពុជា​មាន​នោះ​ទេ។

«សំដី​ខ្ញុំ​ទាយ​មិន​ខុស​ទេ។ អនាគត​ បើ​សិន​ជា​ ​បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម​ វៀតណាម​នឹង​ចូល​មក​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដឹកជញ្ជូន​ព្រៃឈើ​ពី​ស្រុក​ខ្មែរ​ ​គ្រប់​រូបភាព​ទាំងអស់​ ទាំង​ផ្នែក​ច្បាប់​ ទាំង​ផ្នែក​មិន​ត្រូវច្បាប់​ ទាំង​ផ្នែក​អ្វី​ក៏ដោយ​ឲ្យ​តែ​គេ​រក​ឈើ​បាន​ទាន់​ពេល​វេលា​ ព្រោះ​ថា​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​អត់​មាន​ឈើ​ធម្មជាតិ​តទៅ​ទៀត​ទេ​ មាន​តែ​ឈើ​ស្រល់​ ឈើ​ចម្ការ​ ដី​បន្តិច​បន្តួច​មិន​អាច​ផ្គត់​ផ្គង់​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​តាម​ទីផ្សារ​កុម្ម៉ង់​របស់​គេ​បាន​ទេ។​ ​អ៊ីចឹង​មាន​តែ​មក​យក​ពី​កម្ពុជា​ដោយ​ប្រើ​គ្រប់​រូប​ភាព​ទាំង​អស់»។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា សហភាព​អឺរ៉ុប​ដែល​តាំង​ខ្លួន​ថា​ជា​ប្រជាជាតិ​ស្អាតស្អំ​នោះ ​មិន​គួរ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជំនួញ​ជួញដូរ​ឈើ​ជាមួយ​វៀតណាម ​ដែល​មាន​ប្រវត្តិ​មិន​ល្អ​ខាង​រត់​ពន្ធ​ឈើ​ក្នុង​តំបន់​អាស៊ី​នេះ​ ​ជា​យូរ​មក​ហើយ​នោះ​ទេ។

លោក​ថ្លែង​ថា៖​

«មិន​ឲ្យ​អឺរ៉ុប​ទាក់ទង​ការ​រក​ស៊ី​ឈើ​តែម្ដង។ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ ​ហើយ​ត្រួត​ពិនិត្យ​ ជាមួយ​រដ្ឋាភិបាល​វៀតណាម​វិញ​ ​ជា​ជាង​ដែល​អឺរ៉ុប​គាត់​ជា​ ភាគី​ល្អ​ ប្រទេស​ល្អ​ ​ប្រឡូក​ប្រឡាក់​ជាមួយ​នឹង​ឧក្រិដ្ឋជន​មក​ពី​ប្រទេស​វៀតណាម។​ ​ខ្ញុំ​ហ៊ាន​និយាយ​ថា​ ​ឧក្រិដ្ឋជន​ព្រោះ​គេ​មក​រត់​ពន្ធ​ឈើ​ មក​លួច​ឈើ​ពី​ស្រុក​យើង»។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ កែវ អូម៉ាលីស្ស​ ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ តែ​មិនទាន់​អាច​ទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​ ​VOA​ ​ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ភាគី​វៀតណាម​បាន​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ ​Forest Trends​ ​បាន​ផ្សព្វផ្សាយ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៨​ ដែល​បាន​បញ្ជាក់​ថា​ ​ទិន្នន័យ​របស់​គយ​វៀតណាម​បង្ហាញ​អំពី​ការ​កើន​ឡើង​ដ៏​គួរឲ្យ​កត់​សម្គាល់​អំពី​ការ​នាំ​ចូល​ឈើ​ហ៊ុបនិង​ឈើ​អារ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ​២០១៧។​

​ទិន្នន័យ​ដែល​ចងក្រង​ដោយ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ ​Forest Trends​ ​នោះ ​បាន​បង្ហាញ​ថា​ ​ឈើ​ប្រមាណ​ជាង​១៦ម៉ឺន​ ​(១៦៣,០៧១)​ ​ម៉ែត្រ​គូប​របស់​កម្ពុជា​ ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​ ​២០១៧ ពោល​គឺ​មានការ​កើន​ឡើង​ចំនួន​១៧​ភាគរយ​លើស​ពី​ឆ្នាំ​មុន ហើយ​តម្លៃ​នៃ​ការ​នាំ​ចេញ​ ​បាន​កើន​ឡើង​ដល់​២១​ភាគរយ​ ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជា​ ​៤០​លាន​ដុល្លារ​អាមេរិក។​

បើ​ក្រឡេក​មើល​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ ដែល​បាន​ដាក់​ជូន​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជាកាល​ពី​ថ្ងៃ​ទី​១០​ខែ​តុលា​កន្លង​ទៅ​នោះ​ វិសាលភាពនៃ​ការ​ឃុបឃិត​របស់​រដ្ឋ​នៅ​ក្នុង​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ បាន​លេច​ឡើង​ជាថ្មី​ម្ដង​ទៀត​នា​ឆ្នាំ២០១៧​ នៅ​ពេល​ឈើ​យ៉ាង​តិច​៣០០​០០០​ម៉ែត្រ​គូប ត្រូវ​បាន​លួច​ពី​ខេត្ត​ភាគ​ខាងកើត​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល៦ខែ។ ឈើ​នេះ ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ទ្រង់ទ្រាយ​ជា​ឈើ​មូល។ ការប្រព្រឹត្ត​ទង្វើ​បែប​នេះ​ ត្រូវ​បាន​ប្រកាសថា​ជា​អំពើ​ខុស​ច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៦​ ​មក​ម៉េ្លះ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​បាន​ចោទ​អាជ្ញាធរ​វៀតណាម​ថាមិន​ត្រឹមតែ​សម្រួល​លិខិត​អនុញ្ញាតចាំបាច់​នានា ក្នុង​ការ​ចូលទៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​វៀតណាម​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែកំណាត់​ឈើ​រាប់​ម៉ឺន ត្រូវ​បាន​ស្តុក​ទុក​មិន​ដល់​មួយ​គីឡូម៉ែត្រ​ដី​ពី​ព្រំដែន​នៅជិត​ប៉ុស្តិ៍​ព្រំដែន​ តាម​បន្ទាត់​ព្រំដែន​ជាច្រើន​ ក្រោមការ​គ្រប់គ្រង​របស់​យោធា​វៀតណាម។ គ្មានជំនាញ​បច្ចេកទេស​ណា​មួយ​ដែល​ត្រូវ​ទទួល​ស្គាល់​ថា ​ការ​នាំ​ចេញឈើ​មូល​ទាំង​នេះ​ ​គឺ​ខុសច្បាប់​ទាល់​តែ​សោះ​ដែល​នាំឲ្យ​មាន​ការ​សន្និដ្ឋាន​បាន​ថា​ អាជ្ញាធរ​វៀតណាម​នៅ​តែ​បន្ត​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​កើត​ឡើង​ជា​បន្ត​បន្ទាប់​រហូត​មក៕

XS
SM
MD
LG