ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​វៀតណាម​ឃុំខ្លួន​បុរស​ម្នាក់​ជុំវិញ​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពាក់ព័ន្ធ​នឹង​នយោបាយ​និង​សិទ្ធិ​មនុស្ស


លោក Tran Quoc Khanh ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ០៩ ខែ​មីនា ដោយ​រង​ការ​ចោទ​ប្រកាន់​ថា បាន​​ប្រើប្រាស់​ការ​ផ្សាយផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​«បង្ខូច​ព័ត៌មាន​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សាធារណជន»។
លោក Tran Quoc Khanh ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ០៩ ខែ​មីនា ដោយ​រង​ការ​ចោទ​ប្រកាន់​ថា បាន​​ប្រើប្រាស់​ការ​ផ្សាយផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​«បង្ខូច​ព័ត៌មាន​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សាធារណជន»។

កាលពី​ពេល​ថ្មីៗ​នេះ ប៉ូលិស​នៅ​ខេត្ត​ Ninh Binh ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​បុរស​វ័យ ៦១​ ឆ្នាំ​ម្នាក់ ដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​បង្ហោះ​អត្ថបទ​ព័ត៌មាន​ស្តី​ពី​សិទ្ធិ​មនុស្ស និង​អំពើ​ពុករលួ​យ។ បុរស​រូប​នេះ ក៏​បាន​បញ្ជាក់​ពី​គោលបំណង​របស់​ខ្លួននៅ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​តំណែង​នៅ​រដ្ឋសភា។

លោក Tran Quoc Khanh ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ០៩ ខែ​មីនា ដោយ​រង​ការ​ចោទ​ប្រកាន់​ថា បានប្រើប្រាស់​ការ​ផ្សាយផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​«បង្ខូច​ព័ត៌មាន​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សាធារណជន»។

វេបសាយ​កង​សន្តិសុខ​ថ្នាក់​ខេត្ត​បាន​លើក​ឡើង​ថា លោក​ Tran Quoc Khanh ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​០៤​ខែ ដើម្បីត្រៀម​ឡើង​សវនាការ។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​ លោក​នឹង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១២ ​ឆ្នាំ។

លោក Khanh ដែល​មាន​មិត្ត​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​ជាង ៤.៧០០​នាក់ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ដើម្បី​បង្ហោះ​សារ​ស្តី​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស ការ​ចោទប្រកាន់​ពី​អំពើ​ពុករលួយ​ដោយ​មន្រ្តី​រដ្ឋាភិបាល និង​ជម្លោះ​ដែនដី​រវាង​វៀតណាម​និង​ចិន​ពាក់ព័ន្ធ​នឹង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​មួយ​មាន​ផ្លូវ​នាវាចរណ៍​តំបន់​នេសាទ និង​ធនធាន​ធម្មជាតិ​យ៉ាង​សំខាន់។

លោក Vu Quoc Ngu នាយក​អង្គការ​សិទ្ធិ​មនុស្ស ​Defend the Defenders នៅ​វៀតណាម​បាន​ថ្លែង​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​វៀតណាម​ថា ការ​ចាប់ខ្លួន​នេះ​គឺ​ជា «សកម្មភាព​រឹតត្បិត» ចុង​ក្រោយ​បង្អស់​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់ និង​សកម្មជន​ក្នុង​សង្គម ចាប់តាំង​ពី​សមាជជាតិគណបក្ស​កុម្មុយនីស្ត​វៀតណាម​មក។

លោក​បាន​និយាយ​ថា៖ «និន្នាការ​នៃ​ការ​ចាប់ខ្លួន​នេះ​គឺ​ទំនងនឹង​បន្ត​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ»។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​រាយការណ៍​ពី​ការ​កើនឡើង​នៃ​ការ​ចាប់ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ពេល​សមាជជាតិ​គណ​បក្ស ដែល​ធ្វើ​ឡើង​រាល់​ប្រាំ​ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស​សមាជិក​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

អគ្គលេខាធិការគណបក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc និង​រដ្ឋមន្រ្តី​សន្តិសុខ​សាធារណៈ​លោក To Lam ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​បន្ត​កាន់​តំណែង​របស់​ខ្លួន​សារជាថ្មី​ក្នុង​អំឡុងពេល​សមាជ​កាល​ពី​ចុង​ខែ​មករា។

ការ​បោះឆ្នោត​នឹង​ត្រូវ​បាន​ត្រៀម​ធ្វើឡើង​នៅ​ខែ​ឧសភា​សម្រាប់​សភា​ជាតិ​វៀតណាម ដែល​ចាត់ចែង​ផ្នែក​គោលនយោបាយ​ក្នុង​ស្រុក​និង​ការបរទស។

លោក Khanh បាន​ប្រកាស​ពី​គោលបំណង​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ​សម្រាប់​ការ​បោះឆ្នោត​នៅ​សភា។ ក្នុង​អំឡុងពេល​នៃ​ការ​ផ្សាយផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មីនា លោក​បាន​ពិភាក្សា​ពី​អ្វី​ដែល​លោក​យល់ឃើញ​ថា​ជា កំហុស​របស់​បណ្តា​ក្រសួង​នានា ដោយ​អំពាវនាវ​ឲ្យ​មន្រ្តី​តាម​ក្រសួង​ទាំង​នោះ​គោរព​នីតិរដ្ឋ។

VOA មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​លោក Khanh បាន​ដាក់​ស្នើ​នូវ​ពាក្យ​សុំ​ជា​ផ្លូវការ​ដល់​អាជ្ញាធរ​ថ្នាក់​តំបន់ ដើម្បី​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​លោក​បាន​ចុះ​ឈ្មោះ​ជា​ពលរដ្ឋ​ស្នាក់​អចិន្រ្តៃយ៍​នៅ​ឡើយ​នោះ​ទេ។

​លោក Khanh ក៏​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ពិភាក្សា​ពី​អង្គការ​ទទួល​បន្ទុក​ផ្នែក​សង្គម និង​នយោបាយ​ ដែល​លោក​បាន​បំណង​បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ លោក​បាន​និយាយ​ថា ពាក្យ​សុំ​ជា​ផ្លូវ​ការ​របស់​លោក​កាលពី​ឆ្នាំ ២០១៩ ដើម្បី​បង្កើត​អង្គការ​នេះ ដែល​លោក​បាន​ឲ្យ​ឈ្មោះ​ថា «សមាគម​ប្រជាធិបតេយ្យ​វៀតណាម» ត្រូវ​បាន​បដិសេធ។

ទីភ្នាក់ងារ​សន្តិសុខ​និង​ស៊ើបអង្កេត​ប្រចាំ​ខេត្ត​ Ninh Binh បាន​ចោទប្រកាន់​ថា រវាង​ឆ្នាំ​ ២០១៨ និង​២០២០ លោក Khanh បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​បង្ហោះ​និង​ផ្សព្វផ្សាយ «ព័ត៌មាន​ក្លែង​បន្លំ និង​បង្ខូច​កេរ្តិ៍ឈ្មោះ» ប្រទេស​វៀតណាម និង​ «ប្រឆាំង​នឹង​រដ្ឋ​អំណាច»។

រដ្ឋាភិបាល​វៀតណាម​បាន​ពង្រឹង​វិធានការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន និង​សកម្មជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បង្ហោះ​សារ ដែល​ជា​រឿយៗ​យោង​ទៅ​លើ​ការ​ចោទប្រកាន់​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម ឬ​ប្រឆាំង​នឹង​រដ្ឋអំណាច។

នៅ​ក្នុង​សវនការ​ដាច់​ដោយ​ឡែកកាល​ពី​ខែ​មករា អ្នក​សារព័ត៌មាន​ឯករាជ្យ​បីនាក់ និង​សកម្មជន​បរិស្ថាន​មួយ​រូប ដែល​បាន​បង្ហោះ និង​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាការ។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​វៀតណាម​ក៏​បាន​កោះហៅ​ឲ្យ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​បណ្តាញ​សង្គម​ដទៃ​ទៀត​ លុប​ចោល​នូវ​អត្ថបទ​ព័ត៌មាន​ផ្សេងៗ ដែល​ខ្លួន​ចាត់​ទុក​ថា បំពាន​ច្បាប់។

បណ្តាញ​សង្គម​បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅ​ក្នុង​ការ​ឆ្លើយឆ្លង និង​ចែករំលែក​ព័ត៌មាន​នៅ​ក្នុង​វៀតណាម ដែល​មាន​កំណត់ត្រា​សេរីភាព​សារព័ត៌មាន​ដុនដាប។ វៀតណាម​ទទួល​បាន​ចំណាត់ថ្នាក់ ១៧៥ ​ក្នុង​ចំណោម​ប្រទេស ​១៨០ ដែល​ចំណាត់ថ្នាក់​លេខ ​១​ មាន​ន័យ​ថា ​មាន​សេរីភាព​ខ្ពស់។ នេះ​បើ​យោង​ទៅ​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក

ដោយ​មាន​តែ​បណ្តាញ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដែល​ទទួល​បានអាជ្ញាបណ្ណ​នៅ​ក្នុង​ប្រទេស​អ្នក​សារព័ត៌មាន និង​មនុស្ស​ដទៃ​ទៀត​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ពិភាក្សា និង​ចែករំលែក​ព័ត៌មាន​ដោយ​សេរីជាង​មុន។

វៀតណាម​មាន​ចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ច្រើនជាង​គេ​បង្អស់​លំដាប់​ទី​០៧​ នៅ​លើ​ពិភពលោក ដោយ​មានអ្នក​ប្រើប្រាស់​ចំនួន ៦៥ លាន​នាក់។ នេះ​បើ​យោង​ទៅតាម​តួលេខ​ពី​ក្រុមហ៊ុន​ទិន្នន័យ​ទី​ផ្សារ​ Statista

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG