ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​កាត់ទោស​សកម្មជន​បរិស្ថាន​​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ចំពោះ​ការ​បង្ហោះ​សារ​រិះគន់​​លើ Facebook


រូបឯកសារ៖ ប៉ូលិស​ចាប់​ខ្លួន​អ្នកស្រី Dinh Thi Thu Thuy ដែល​ជា​សកម្មជន​បរិស្ថាន​ កាល​ពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិស​ចាប់​ខ្លួន​អ្នកស្រី Dinh Thi Thu Thuy ដែល​ជា​សកម្មជន​បរិស្ថាន​ កាល​ពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

តុលាការ​វៀតណាម​បាន​កាត់​ទោស​សកម្មជន​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា​ ចំពោះ​ការ​បង្ហាញ​សារ​លើ​ហ្វេសប៊ុក​ដែល​រិះគន់​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត ច្បាប់​សេដ្ឋកិច្ច ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​បញ្ហា​បរិស្ថាន។

មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកស្រី Dinh Thi Thu Thuy បាន​ប្រាប់​VOA​ថា តុលាការ​នៅ​ក្នុង​ខេត្ត Hau Giang នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស ​បាន​កាត់ទោស​អ្នកស្រី Dinh Thi Thu Thuy ដែល​ជា​សកម្មជន​បរិស្ថាន និង​វិស្វករ​ជលវប្បកម្ម​ពី​បទ «មួលបង្កាច់ និង​បង្ខូច​កិត្តិនាម​របស់​ថ្នាក់​ដឹកនាំ​បក្ស និង​រដ្ឋ»។

អ្នកស្រី Dinh Thi Thu Thuy អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា​ឆ្នាំ​២០២០ ដោយសារ​ការ​ចោទប្រកាន់​ពី​ការ​បង្កើត​ និង​ចែកចាយ​ព័ត៌មាន «ដើម្បី​ប្រឆាំង​នឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម»។

អ្នកស្រី​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​រិះគន់​លើ​វិធានការ​ដោះស្រាយ​បញ្ហា​កូវីដ​១៩ និង​រិះគន់​ថ្នាក់​ដឹកនាំ​បក្ស និង​ប៉ូលិស​មូលដ្ឋាន​ដោយ​បង្ហោះ​កំណាព្យ​ដែល​ឪពុក​របស់​អ្នកស្រី​បាន​តាក់តែង​ឡើង។

អ្នកស្រី Dinh Thi Thu Thuy និង​ឪពុក​របស់​អ្នកស្រី​ គឺ​លោក Dang Van Min។
អ្នកស្រី Dinh Thi Thu Thuy និង​ឪពុក​របស់​អ្នកស្រី​ គឺ​លោក Dang Van Min។

លោក​មេធាវី Trinh Vinh Phuc ដែល​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​របស់​អ្នកស្រី​Thuy បាន​ប្រាប់ ​VOA ​ថា៖

«មេធាវី​ការពារ​ទាំង​ពីរ​បាន​ផ្តល់​សំអាង​ហេតុផល​យ៉ាង​រឹងមាំ ប៉ុន្តែ​តុលាការ​មិន​អើពើ​នោះ​ទេ ហើយ​នៅ​តែ​ដាក់​ទោស​យ៉ាង​ធ្ងន់ ដោយ​កាត់​ទោស​កូនក្តី​របស់​យើង​ដែល​ជា​ម្តាយ​ទោល​ និង​មាន​កូន​តូច​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ។ អ្នកស្រី​បាន​បញ្ចេញ​មតិ​របស់​អ្នកស្រី​អំពី​បញ្ហា​បរិស្ថាន និង​បញ្ហា​សង្គម​ដោយ​ប្រើប្រាស់​ឥរិយាបថ​ស្ថាបនា និង​វិជ្ជមាន»។

លោក​មេធាវី​រូប​នេះ​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «មិន​មាន​អ្វី​ខុស​ជាមួយ​នឹង​អ្វី​ដែល​អ្នកស្រី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី​នោះ​ទេ លើក​លែង​តែ​ភាសា​ដែល​ប្រើប្រាស់​នោះ​រាង​ធ្ងន់​បន្តិច»។

អ្នកស្រី Thuy ដែល​ជា​អ្នក​តស៊ូ​មតិ​សម្រាប់​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​បរិស្ថាន​បាន​ជ្រើស​យក​ហ្វេសប៊ុក​ដើម្បី​បញ្ចេញ​ទស្សនៈ​របស់​អ្នកស្រី​អំពី​បញ្ហា​នយោបាយ​នៅ​ក្នុង​ឆ្នាំ២០១៦ បន្ទាប់​ពី​មាន​គ្រោះ​មហន្តរាយ​បរិស្ថាន​ Formosa ដែល​ក្នុង​ហេតុការណ៍​នេះ​សំណល់​ពុល​ចេញ​ពី​រោងចក្រ​បាន​បំពុល​ឆ្នេរ​សមុទ្រប្រវែង​ជាង​២០០ គ.ម.។

អ្នកស្រី​បាន​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​ពិភាក្សា​បញ្ហា​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បញ្ហា​រសើប​នៅ​ក្នុង​ប្រទេស​វៀតណាម រួម​មាន​សំណើ​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​សំណើ​ច្បាប់​ស្តីពី​សន្តិសុខ​អ៊ីនធឺណិត ព្រម​ទាំង​បញ្ហា​បរិស្ថាន​នៅ​ក្នុង​ខេត្ត Hau Giang ដែល​ជា​ស្រុក​កំណើត​របស់​អ្នកស្រី​ផង​ដែរ។ នេះ​បើ​យោង​តាម​អង្គការ Amnesty International។

មុន​ពេល​ចាប់​ខ្លួន​ អ្នកស្រី Thuy បាន​រិះគន់​ដល់​រដ្ឋាភិបាល​វៀតណាម​អំពី​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ រួម​ទាំង​ការ​សម្រេច​ចិត្ត​មិន​បិទ​ព្រំដែន​ជាមួយ​ចិន​ផង​ដែរ។

ហ្វេសប៊ុក​គឺ​ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​អ្នក​ប្រើប្រាស់​៦៥​លាន​នាក់។ នេះ​ជា​ចំនួន​អ្នក​ប្រើប្រាស់​ច្រើន​បំផុត​ទី​៧​នៅ​ក្នុង​ពិភពលោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន Statista ដែល​ធ្វើ​ការ​លើ​ទិន្នន័យ​ទីផ្សារ​នេះ។

ដោយសារ​តែ​បរិយាកាស​សារព័ត៌មាន​មាន​ការ​រឹតត្បិត​នៅ​ក្នុង​ប្រទេស​វៀតណាម ទី​ដែល​មាន​តែ​សារព័ត៌មាន​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​អាជ្ញាបណ្ណ អ្នក​សរសេរ​ប្លុក និង​អ្នក​កាសែត​បាន​នាំ​គ្នា​ប្រើប្រាស់​វេទិកា​ Facebook​ នេះ​ដើម្បី​អាច​រាយការណ៍​បាន​ដោយ​មាន​សេរីភាព​ជាង​មុន។​

ជា​ការ​ឆ្លើយតប វៀតណាម​បាន​ចាប់​ខ្លួន​បុគ្គល​ណា​ដែល​បង្ហោះ​សារ​រិះគន់ ឬ​ស្នើ​សុំ​ឱ្យ​ហ្វេសប៊ុក ឬ​បណ្តាញ​សង្គម​ផ្សេង​ទៀត​លុប​ចោល​នូវ​អត្ថបទ​ដែល​ខ្លួន​យល់​ថា ខុស​ច្បាប់។

ឪពុក​របស់​អ្នកស្រី Thuy បាន​ប្រាប់ ​VOA ​ថា អ្នកស្រី​បដិសេធ​ការ​ចោទប្រកាន់​នៅ​ក្នុង​តុលាការ។ លោក Dinh Van Minh ដែល​បាន​ចូលរួម​នៅ​ក្នុង​សវនាការ​នោះ​បាន​និយាយ​ថា ការ​ចោទប្រកាន់​ទៅ​លើ​អ្នកស្រី Thuy ដែល​រួម​មាន «សកម្មភាព​ប្រឆាំង​បដិវត្តន៍​កុម្មុយនិស្ត សង្គ្រាម​ចិត្តសាស្ត្រ និង​ការ​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ដល់​សាធារណជន» មិន​មាន​មូលដ្ឋាន​នោះ​ទេ។

លោក Minh បាន​ប្រាប់ ​VOA ​ថា៖ «អ្នកស្រី​ព្យាយាម​ចូលរួម​ជាមួយ​នឹង​អ្នក​ដទៃ​ដើម្បី​បង្កើត​ប្រទេស​កាន់​តែ​ល្អប្រសើរ និង​កាន់​តែ​មាន​វឌ្ឍនភាព ដែល​មាន​បរិស្ថាន​កាន់​តែ​ស្អាត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

លោក​បាន​បន្ថែម​ថា អ្នកស្រី Thuy បាន​បដិសេធ​ថា អ្នកស្រី​មិន​បាន​យក​របប​ដឹកនាំ​នេះ​ជា​គោលដៅ​នោះ​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា អ្នកស្រី Thuy បាន​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ជាច្រើន​ដើម្បី​បង្ហោះ និង​ចែកចាយ​ការ​បង្ហោះ​រាប់រយ​ដែល«ឃោសនា មួលបង្កាច់ និង​បង្ខូច​កិត្តិនាម​របស់​មេដឹកនាំ​បក្ស និង​រដ្ឋ ញុះញង់​ឱ្យ​មាន​គំនិត​ប្រឆាំង និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ» ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ និង​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល។

អ្នកស្រី Thuy បាន​អះអាង​ថា ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ត្រូវ​បាន​ការពារ​នៅ​ក្រោម​សិទ្ធិ​ជា​មូលដ្ឋាន រួម​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ និង​អនុសញ្ញា​អន្តរជាតិ​ដែល​វៀតណាម​បាន​ផ្តល់​សច្ចានុមតិ។នេះ​បើ​យោង​តាម​លោក Minh។

ឪពុក​វ័យ​៧៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា លោក​ត្រូវ​បាន​គេ​កោះ​ហៅ​ឱ្យ​ចូលរួម​ក្នុង​សវនាការ​របស់​កូនស្រី​លោក​ដោយសារ​តែ​កំណាព្យ​របស់​លោក ដែល​រិះគន់យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ដឹកនាំ​ដោយ​លោក ​Nguyen Phu Trong ជា​អគ្គលេខាធិការ​បក្ស និង​ជា​ប្រធានាធិបតី​វៀតណាម ហើយ​ប៉ូលិស​បាន​កោះហៅ​លោក​ចំពោះ​ការ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ផង​ដែរ។ លោក Minh បាន​និយាយ​ថា អ្នកស្រី Thuy បាន​បង្ហោះ​កំណាព្យ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី​ដោយ​មិន​បាន​ឱ្យ​លោក​ជា​ឪពុកដឹង​នោះ​ទេ។

ឪពុក​របស់​អ្នកស្រី​បាន​និយាយ​ថា ការ​លើក​យក​កំណាព្យ​ទាំង​នេះ​ដាក់​ចូល​បន្ថែម​ទៅ​ក្នុង​ការ​ចោទប្រកាន់​មាន​ន័យ​ថា ការ​ចោទប្រកាន់​លើ​អ្នកស្រី Thuy មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​មុន។

លោក Minh ក៏​ត្រូវ​បាន​ពិន័យ​ដោយ​សារ​តែ​កំណាព្យ​របស់​លោក​ដែរ។ នៅ​ក្នុង​សារ​របស់​លោក លោក Minh បាន​សរសេរ​ថា នៅ​ក្នុង​ខែ​សីហា អាជ្ញាធរ​បាន​ពិន័យ​លោក Minh ចំនួន​២,៥លាន​ដុង (ប្រមាណ​ជា​១០៨​ដុល្លារ​អាមេរិក) ចំពោះ​ «ការ​ចំអក និង​ការ​បង្ខូច​កិត្តិនាម​របស់​មេដឹកនាំ​បក្ស និង​អាជ្ញាធរ​មូលដ្ឋាន»។

សវនាការ​របស់​អ្នកស្រី Thuy ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹម​តែ​៥ថ្ងៃ​មុន​សមាជ​ជាតិ​លើក​ទី​១៣​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ ដែល​ជា​កិច្ចប្រជុំ​ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹកនាំ​កំពូល​សម្រាប់​រយៈពេល​៥ឆ្នាំ​ខាង​មុខ។ សមាជ​នេះ​បាន​ចាប់​ផ្តើម​សម័យ​ប្រជុំ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​ហាណូយ នៅថ្ងៃ​ទី​២៥ ខែ​មករា។

នៅ​មុន​ពេល​បើក​សវនាការ​របស់​អ្នកស្រី លោក John Sifton នាយក​ផ្នែក​តស៊ូ​មតិ​នៅ​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ទស្សន៍ទាយ​ថា អ្នកស្រី Thuy នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ចំពោះ «ការ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ធ្វើ​ជា​រៀងរាល់​ថ្ងៃ។ នោះ​គឺ​ការ​បង្ហោះ​ទស្សនៈ​របស់​ពួកគេ​នៅ​លើ​ហ្វេសប៊ុក»។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ជា​ការ​ប៉ាន់ស្មាន សវនាការ​នៅ​ថ្ងៃ​នេះ​គឺ​ដូច​សវនាការ​ផ្សេងៗ​ជាច្រើន​ទៀត​មុន​នេះ​ដែរ។ វា​គ្រាន់​តែ​ពិធី​ផ្លូវ​ការ​មួយ​ដែល​ទោស​របស់​ជនជាប់ចោទ​ត្រូវ​បាន​កំណត់​ជា​មុន​រួច​ទៅ​ហើយ​ដោយ​តុលាការ​ ដែល​មិន​ឯករាជ្យ និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​កុម្មុយនិស្ត​វៀតណាម»។

លោក Sifton បាន​អំពាវនាវ​ឱ្យ​វៀតណាម​ទម្លាក់​ការ​ចោទប្រកាន់​ និង​បញ្ចប់​ការ​អនុវត្ត​របស់​ខ្លួន​ក្នុង​ការ​ដាក់​ទោស​«ចំពោះ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស»៕

កំណត់សម្គាល់៖ វីអូអេ បានបញ្ចូលព័ត៌មានបន្ថែម ពី​កថាខណ្ឌទី១១ ដល់ទី២៥

XS
SM
MD
LG