ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Nguyen Phu Trong ដែល​ជា​​​​អ្នក​ប្រឆាំង​អំពើ​ពុក​រលួយ​ ជាប់​ឆ្នោត​ជា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម​​​ជាថ្មី


លោក​ Nguyen Phu Trong អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តវៀតណាម ថ្លែងនៅក្នុងពិធីសម្ពោធសមាជជាតិលើកទី១៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២១។

លោក​ Nguyen Phu Trong ដែល​បាន​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ជា​មេដឹកនាំ​មួយ​រូបដែល​មាន​អំណាច​ខ្ពស់បំផុត​របស់​វៀតណាម គឺ​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ខ្លាំងៗ​និង​យូរអង្វែងបំផុត​ម្នាក់​ក្នុង​ប្រទេស​វៀតណាម​ ចាប់​តាំង​ពី​ការ​បង្កើត​ចលនា​បដិវត្តន៍​ហូជីមិញ​មក។

លោក​ Trong ដែល​មាន​អាយុ​ ៧៦ ​ឆ្នាំ ​បាន​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​៣ ដ៏​កម្រ​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនីស្ត​ដែល​កំពុង​កាន់​អំណាច​នៅក្នុង​ប្រទេស​វៀតណាម នៅ​ក្នុងសន្និបាត​គណបក្ស​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ម្តង។ លោក​គឺ​ជា​មេដឹកនាំ​ដែល​បាន​ស្ថិត​ក្នុងតំណែង​កំពូល​ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ក្នុង​ការដឹកនាំ​ប្រទេស​វៀតណាម​ដែល​មាន​ប្រជាជន​ចំនួន ៩៨ ​លាន​នាក់។

ដោយទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ តាម​រយៈ​វិធានការ​នៃ​ការបង្ក្រាប​អំពើ​ពុក​រលួយនោះ​គណបក្ស​កុម្មុយនីស្ត​ដែល​ដឹកនាំ​ដោយ​លោក Trong បាន​ទទួល​រង​នូវ​ការ​រិះ​គន់​ពី​ក្រុម​សិទ្ធ​មនុស្ស ថា​បាន​បង្ក្រាប​ទៅ​លើ​សកម្ម​ជន​ប្រឆាំង​ផង​ដែរ។

ទោះ​ជា​លោកមាន​សុខភាព​មិន​សូវរឹង​មាំ​ខ្លាំង តែ​ការ​ដឹកនាំ​បញ្ជា​របស់​មាន​លក្ខណៈ​ខ្លាំង។​ បុរសដែល​ជា​អ្នកប្រកាន់​នូវ​ទ្រឹស្តី​ឡេនីនកាល់ម៉ាក្ស​រូប​នេះ​បាន​ក្លាយ​ជា​មេដឹកនាំគណបក្ស​កុម្មុយនីស្ត​វៀតណាមដ៏​យូរ​ជាង​គេ​បំផុត​ចាប់​តាំង​ពី​លោក​ Le Duan ដែល​បាន​ដឹក​នាំ​ប្រទេស​វៀតណាម​ជាមួយ​នឹង​កណ្តាប់​ដៃ​ដែកក្រោយ​មរណភាព​របស់ ​«អ៊ំហូ»​ ក្នុង​ឆ្នាំ​ ១៩៦៩​ មក។

ការ​ឡើង​ឋានៈនិង​ការ​ដឹកនាំ​ដ៏​យូរ​របស់​លោក Trong មានលក្ខណៈ​ខុស​ពី​និន្នាការ​ដឹក​នាំ​បែប​បែងចែក​អំណាច​របស់​មេដឹកនាំ​វៀតណាម​កាល​ពី ៤​ ជំនាន់​មុន​ចាប់​តាំង​ពីវៀតណាម​ធ្វើ​កំណែ​ទម្រង់«Doi Moi» ក្នុ​ង​ទសវត្សរ៍​ ១៩៨០ មក ​ដែល​បាន​ប្រែ​ក្លាយ​វៀតណាមពី​ប្រទេស​ ដែល​ត្រូវ​ហែក​ហួរ​ដោយ​សង្គ្រាមជាមួយ​នឹង​ការ​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្មជា​ស្នូល​ទៅ​ជា​ប្រទេស​មួយ​ ដែល​មាន​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ចដ៏​ឆាប់​រហ័ស​ក្នុង​តំបន់​អាស៊ី។

ក្នុង​នាម​ជា​ប្រធាន​គណបក្ស​កុម្មុយនីស្ត​អំណាច​របស់​លោក Trong មាន​ឥទ្ធិពល​លើប្រធានាធិបតី​នាយក​រដ្ឋមន្ត្រី​និង​ប្រធាន​សភា​ផង​ដែរ។​ លោក Trong ក៏​បាន​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​របស់​ប្រទេស​វៀតណាម​ផង​ដែរ ដែល​មាន​តួ​នាទីភាគ​ច្រើន​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ការ​ស្លាប់​របស់​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang ក្នុង​ឆ្នាំ​ ២០១៨​ មក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG