ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូ​បង្ហាញ​ពី​អតីត​ទាហាន​មីយ៉ាន់ម៉ា​ពីរ​នាក់​សារភាព​ពី​អំពើ​ឃោរឃៅ​ទៅ​លើ​ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម


រូបឯកសារ៖ មន្ត្រី​សន្តិសុខ​មីយ៉ាន់ម៉ា​ដើរ​ក្បែរ​ផ្ទះរបស់​ជន​រ៉ូហ៊ីងយ៉ា ដែល​ត្រូវ​បាន​ដុត​កម្ទេច​ នៅ​ភូមិ Ka Nyin Tan នៅ​ជាយ​ក្រុង​ Maungdaw ស្ថិត​នៅ​រដ្ឋ​ Rakhine ភាគ​ខាង​ជើង នៃ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​សីហា ២០១៧។

កាសែត​ញូវយ៉កថាមស៍ និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​កាណាដា​ បាន​រាយការណ៍​ពី​ទាហាន​ដែល​បាន​រៀប​រាប់​លម្អិត​អំពី​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​នៅ​ឆ្នាំ ២០១៧ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​សម្លាប់​ឥត​រើស​មុខ អំពើ​រំលោភ​សេព​សន្ធវៈ និង​ការ​ដុត​បំផ្លាញ​ភូមិ​មួយ​ចំនួន។

កាសែត​ញូវយ៉កថាមស៍ (New York Times) និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​កាណាដា​ (Canadian Broadcasting Corporation)​ បាន​ផ្សព្វផ្សាយ​ថា ទាហាន​មីយ៉ាន់ម៉ា​២​នាក់ បាន​រៀប​រាប់​លម្អិត​អំពី​យុទ្ធនាការ​យោធា​គួរ​ឲ្យ​ភ័យ​ខ្លាចទៅ​លើ​ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម នៅ​រដ្ឋ​ Rakhine នៅ​ភាគ​ខាង​ជើង​ក្នុង​ឆ្នាំ២០១៧ ដែល​ជា​ព្រឹត្តការណ៍​មួយ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ទាំងពីរ​បាន​រាយការណ៍​ថា ទាហាន​ទាំង​២​នាក់​នេះ ដែល​គេ​ស្គាល់​អត្តសញ្ញាណ​ថា​មាន​ឈ្មោះ Myo Win Tun និង​ ឈ្មោះ Zaw Naing Tun បាន​ដក​ខ្លួន​ពី​កងទ័ព​មីយ៉ាន់ម៉ា​ដែល​គេ​ស្គាល់​ថា Tatmadaw ​កាល​ពី​ខែ​មុន ហើយ​បាន​និយាយ​នៅ​មុខ​កាមេរ៉ា​នៅ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​ពី​គ្នា អំពី​ឧក្រិដ្ឋកម្ម​ដែល​ពួក​គេ​បាន​ឃើញ និង​បាន​ចូល​រួម​ប្រព្រឹត្ត។

ទាហាន​ទាំង​២​នាក់​នេះ​បាន​និយាយ​ថា ពួក​គេ​បានធ្វើ​តាម​បទ​បញ្ជា​ឲ្យ​បាញ់​ និង​សម្លាប់​រាល់​ជន​រ៉ូហ៊ីងយ៉ា​ទាំង​ឡាយ​ដែល​ពួក​គេ​ឃើញ ហើយ​ក៏​បាន​សារភាព​ថា ពួក​គេមាន​វត្តមាន​នៅ​ពេល​ដែល​ទាហាន​រួម​ក្រុម​របស់​ពួក​គេ​បាន​រំលោភ​ក្មេង​ស្រី និង​ស្ត្រី ហើយ​ពួក​គេ​ក៏បាន​ចូលរួម​ក្នុង​ការ​ដុត​កម្ទេច​ភូមិ​នានាចោល​ទាំងស្រុង​ផង​ដែរ។

យុទ្ធនាយោធា​ដែលបង្កើត​ឡើងដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ដោយ​ក្រុម​យុទ្ធជន​រ៉ូហ៊ីងយ៉ា​ទៅលើ​ប៉ុស្តិ៍​សន្តិសុខ​នៅ​ទូទាំង​រដ្ឋ​ Rakhine បាន​បង្ក​ឲ្យ​កើត​មាន​នូវ​វិបត្តិ​ជន​ភៀស​ខ្លួន​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រត្តិសាស្ត្រ​ថ្មីៗ​នេះ។ អ្នក​ភូមិ​ដែល​ជា​ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង ៧សែន​នាក់ បាន​រត់​គេច​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិត​ខាង។

ការ​រៀបរាប់​ដែល​ត្រូវ​បាន​គេ​ថត​ទុក​នេះ និង​ជាការ​រៀបរាប់​លើក​ដំបូង​បង្អស់​ដែល​ផ្ដល់​ដោយ​ទាហាន​មីយ៉ាន់ម៉ា ដែលស៊ីសង្វាក់​ទៅ​នឹង​ការ​រៀបរាប់​ដែល​សាក្សី​រាប់​សិប​នាក់​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។

បណ្ដាញ​ផ្សាយព័ត៌មាន​កាណាដា​បាន​និយាយ​ថា ការ​រៀបរាប់​របស់​ទាហាន​ទាំង​នេះ ត្រូវ​បាន​ថត​ទុក​ជា​វីដេអូ​ដោយ​កង​ទ័ព​ Arakan ដែល​ជា​ក្រុម​បះបោរ​ប្រយុទ្ធ​គ្នាជាមួយ​យោធា​មីយ៉ាន់ម៉ា Tatmadaw។ អង្គការ​ Fortify Rights ដែល​ជា​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ គឺ​ជា​អ្នក​ទទួល​បានវីដេអូ​នេះ ហើយ​បាន​បកប្រែ​និង​វិភាគ​ទៅ​លើ​ការ​លើក​ឡើង​នានា

ទាំង​កាសែត​ញូវយ៉កថាមស៍ និង​បណ្ដាញ​ផ្សាយ​ព័ត៌មានកាណាដា​លើក​ឡើងថា ទាហាន​ទាំង​២​នាក់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC) នៅ​ទីក្រុង​ឡាអេ (ប្រទេស​ហូឡង់)។

លោក Matthew Smith នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Fortify Rights បាន​ហៅ​ការ​វិវត្ត​ថ្មី​នេះ​ថា​ជា «ពេល​វេលា​ដ៏​សំខាន់» សម្រាប់​ជន​រ៉ូហ៊ីងយ៉ា ដែល​គេ​ចាត់​ទុក​ថា​ជា​ជន​ភៀស​ខ្លួន​ពី​ប្រទេស​បង់ក្លាដែស ហើយ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​មិន​ផ្ដល់​សញ្ជាតិ​ឲ្យ បើ​ទោះ​បី​ជា​ពួក​គេ​បាន​រស់​នៅ​ក្នុង​ប្រទេស​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ​ក្ដី៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG