ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Amnesty International​ ថា​ ពួក​យោធា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​សម្លាប់​ជន​ស៊ីវិល​ក្នុង​ការ​វាយ​ប្រហារ​មិន​រើស​មុខ


រូប​ឯកសារ៖ ភ្លើង​ឆេះ​នៅ​ក្នុង​ភូមិ Let Kar ក្រុង Mrauk-U រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។
រូប​ឯកសារ៖ ភ្លើង​ឆេះ​នៅ​ក្នុង​ភូមិ Let Kar ក្រុង Mrauk-U រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

អង្គការ​ Amnesty International​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ ទី៨​ ខែ​កក្កដា​ថា​ ពួក​យោធា​មីយ៉ាន់ម៉ា​បាន​សម្លាប់​ពួក​ជន​ស៊ីវិល​ដោយ​មាន​រួម​បញ្ចូល​ទាំង​កុមារ​ផង​នៅ​ក្នុង​រដ្ឋ​ Rakhine ​និង​រដ្ឋ​ Chin នៃ​ប្រទេស​នេះ។

អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​និយាយ​ថា​ ពួក​គេ​បាន​ប្រមូល​ភស្តុតាង​ថ្មីៗ​ដែល​បញ្ជាក់​ថា​ មាន​ការ​ទម្លាក់​គ្រាប់​បែក​លើ​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ ​Chin​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​១២​នាក់​ស្លាប់។​ អង្គការ​នេះ​បាន​កត់​សម្គាល់​ថា​ របាយ​ការណ៍​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក៏​មាន​ឯកសារ​ដែល​ថា​ ​ពួក​ជន​ស៊ីវិល ​Rohingya ​ក៏​បាន​ត្រូវ​យក​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ដែរ។​

ឧប្បត្តិហេតុ​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​មាន​ជម្លោះ​កើន​ខ្លាំង​ជាង​មុន​នៅ​ក្នុង​រដ្ឋ​ទាំង​ពីរ​នេះ​ ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៩​លើ​ ប៉ុស្តិ៍​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​ Rakhine ​នា​ប៉ែក​ខាង​ជើង​ប្រទេស​ដោយ​កងទ័ព​ Arakan ​ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​នៃ​ពួក​ជន​អំបូរ​ភាគ​តិច​មួយ​នៅ​ក្នុង​រដ្ឋ ​Rakhine។​

លោក​ Nicholas Bequelin​ ជា​នាយក​ប្រចាំ​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ ​Amnesty​International។​ លោក​បាន​និយាយ​ថា៖ ​«នៅ​ពេល​ដែល​អាជ្ញាធរ​មីយ៉ាន់ម៉ា​បាន​សុំ​ឱ្យ​ប្រជារាស្ត្រ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដើម្បី​ជួយ​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​រដ្ឋ ​Rakhine ​និង​រដ្ឋ​ Chin ​នោះ​ កង​យោធា​មីយ៉ាន់ម៉ា​បាន​ដុត​ផ្ទះ​សម្បែង​ពួកគេ​ និង​សម្លាប់​ពួក​ជន​ស៊ីវិល​នៅ​ក្នុង​ការ​វាយ​ប្រហារ​មិន​រើស​មុខ​ដែល​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម»។​ ជំងឺ​កូវីដ១៩​ជា​ជំងឺ​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា។​

អង្គការ​ Amnesty International ​ឱ្យ​ដឹង​ថាដោយ​បាន​ប្តេជ្ញា​កម្ទេច​កងទ័ព​ Arakan ​នោះ​ កង​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើការ​សង​សឹក​ដែល​នាំ​ឱ្យ​មាន​កំណើន​អំពើ​ហិង្សា​និង​ពួក​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង។​

អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ក្នុង​វាយ​ប្រហារ​ទាំង​នេះ​ដែល​បាន​កើត​មាន​ឡើង​នៅ​ទី​ប្រជុំជន​ដែល​នៅ​ទី​នោះ​បណ្តាញ​អ៊ីនធឺណិត​បាន​ត្រូវ​កាត់ផ្តាច់​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៩​មក។​

ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចាត់​ទុក​ថា​ ការ​វាយ​ប្រហារ​ដោយ​មិន​រើស​មុខ​ដែល​បណ្តាល​ឱ្យ​ពួក​ជន​ស៊ីវិល​ស្លាប់​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។​

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​ ​ការ​កាត់​ផ្តាច់​បណ្តាញ​អ៊ីនធឺណិត​ជា​ការ​ចាំ​បាច់​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​កងទ័ព​ Arakan ​ប្រើ​ការ​ភ្ជាប់​អ៊ីនធឺណិត​ចល័ត​ដើម្បី​រៀបចំ​ការ​វាយ​ប្រហារ​លើ​ពួក​មន្ត្រី​ និង​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា។ មាន​តែ​ទីប្រជុំ​ជន ​Maungdaw ​តែ​មួយ​គត់​មាន​បណ្តាញ​ អ៊ីនធឺណិត​ចាប់​តាំង​ពី​ទី​ប្រជុំជន​៥​ក្នុង​បណ្តា​ទី​ប្រជុំជន​៩​មាន​ការ​កាត់​ផ្តាច់​ជា​ថ្មី​ទៀត​នៅ​ក្រោយ​ការ​កាត់​ផ្តាច់​នេះ​បាន​ត្រូវ​លុប​ចោល​ជា​បណ្តោះ​អាសន្ន​កាល​ពី​ខែ​កុម្ភៈ។​

ការ​ចូល​របស់​ពួក​អ្នក​កាសែត​ទៅ​ក្នុង​រដ្ឋ ​Rakhine ​មាន​ការ​រឹតត្បិត​ខ្លាំង​ណាស់។​ ពួក​អ្នក​សារ​ព័ត៌មាន​បរទេស​អាច​រាយ​ការណ៍​ពី​តំបន់​នោះ​តែ​នៅ​ក្រោយ​ទស្សន​កិច្ច​តាម​ការ​កំណត់​ទុក​ជា​មុន​នៅ​ពេល​មាន​ការ​អម​ដំណើរ​ដោយ​អ្នក​តំណាង​រដ្ឋាភិបាល។​

តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អ.ស.ប.​បាន​ស៊ើប​អង្កេត​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​រួច​ជា​ស្រេច​ហើយ​អំពី​ការ​ប្រព្រឹត្ត​ទៅ​លើ​ពួក​ជន​អំបូរ​ Rohingya ​រាប់​សែន​នាក់ដែល​បាន​រត់​គេច​ខ្លួន​ពី​រដ្ឋ ​Rakhine ​នៅ​ក្រោយ​មាន​ការ​បង្ក្រាប​ដោយ​កង​យោធា​ជិត​បី​ឆ្នាំ​កន្លង​ទៅ​នេះ។​

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​និយាយ​ថាការ​បង្ក្រាប​នេះ​ជា​ការ​ឆ្លើយ​តប​ត្រឹមត្រូវ​តាម​ច្បាប់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​ពួក​យុទ្ធជន​អំបូរ​ Rohingya ​ប្រដាប់​អាវុធ​មួយ​ក្រុម​តូច​ដែល​មាន​ឈ្មោះ​ថា​ កងទ័ព​សង្គ្រោះ​ពួក​ Rohingya ​ក្នុង​រដ្ឋ​ Arakan៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG