ស្របពេលដែលប្រទេសមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅខែវិច្ឆិកាខាងមុខនេះ នៅពេលដែលកំពុងប្រឈមនឹងការកើនឡើងនូវភាពតានតឹងខាងជាតិសាសន៍ និងសាសនា មេដឹកនាំនានាខាងសាសនាព្រះពុទ្ធ សាសនាគ្រិស្ត និងសាសនាឥស្លាម បានអំពាវនាវឱ្យមានគម្រោងផ្ដួចផ្ដើមសន្តិភាពថ្មីមួយ មុនពេលដែលអ្វីៗហួសពេល។
នៅក្នុងលិខិតអំពាវនាវមួយ មេដឹកនាំសាសនានិងអង្គការខាងជំនឿសាសនាជិត ៥០ បានលើកឡើងកាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅនេះ អំពីកំណើនអំពើហិង្សា និង «ការបែកបាក់គ្នា» នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ព្រះតេជគុណ Badata Seindita ដែលជាអ្នកចុះហត្ថលេខាម្នាក់ក្នុងចំណោមអ្នកចុះហត្ថលេខាលើលិខិតអំពាវនាវនេះ មានសង្ឃដីកាប្រាប់វីអូអេថា ការអំពាវនាវឲ្យមានការផ្សះផ្សារនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺ «ហួសពេលយូរហើយ» ដោយព្រះអង្គបានសង្កត់ធ្ងន់ថា ជម្លោះនេះបានបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងប្រទេស។
ព្រះតេជគុណ Seindita ដែលជាចៅអធិការវត្តពន្លឺអាស៊ី (Asia Light Monastery) នៅក្នុងក្រុង Pyin Oo Lwin មានសង្ឃដីកាដូច្នេះថា៖ «អាត្មាមិនយល់ទេថាហេតុអ្វីបានជាក្រុមប្រដាប់អាវុធទាំងអស់មិនអាចគិតអំពីការធ្វើឱ្យមានសន្តិភាព។ យើងខ្ញុំជំរុញភាគីពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់សង្គ្រាមឱ្យបានកាន់តែឆាប់កាន់តែប្រសើរ»។
ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាទទួលបានឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៤៨ មក ប្រទេសនេះបានប្រឈមនឹងបញ្ហាជាតិសាសន៍ និងបញ្ហាសាសនានានា ជាពិសេសនៅក្នុងរដ្ឋ Rakhine ជាប់ឆ្នេរសមុទ្រខាងលិចប្រទេស និងរដ្ឋ Chin នៅជិតខាង។
ជម្លោះនេះនាំឱ្យមានយុទ្ធនាការដ៏ប្រល័យរបស់កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រឆាំងនឹងជាតិសាសន៍ Rohingya កាន់សាសនាឥស្លាមកាលពីឆ្នាំ ២០១៧។ អង្គកាសហប្រជាជាតិហៅយុទ្ធនាការបង្ក្រាបនេះថាជា «ឧទាហរណ៍ជាក់ស្ដែងមួយនៃការបោសសម្អាតជាតិសាសន៍» ដែលបានបណ្តាលឱ្យមនុស្សជិតមួយលាននាក់រត់គេចទៅកាន់ប្រទេសបង់ក្លាដេស។
លិខិតដែលបានផ្តើមគំនិតដោយកាឌីណាល់ Charles Bo ដែលជាមហាសង្ឃនាយកនៃទីក្រុងរ៉ង់ហ្គូន បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាត្រូវការបង្វែរការផ្តោតរបស់ខ្លួនពីសង្គ្រាមស៊ីវិលទៅការដោះស្រាយវិបត្តិរាតត្បាតនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាភ្លើងឆេះព្រៃ។
លិខិតនេះបានបន្ថែមថា បញ្ហាប្រឈមនៅលើសាកលលោកទាំងបីនេះ គឺជា «ឱកាសដ៏ល្អបំផុតមួយ» សម្រាប់ក្រុមនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា ឲ្យរូមគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួមទាំងនេះ។
លិខិតដែលត្រូវបានផ្ញើទៅកាន់ក្រុមពលរដ្ឋស៊ីវិល ក្រុមជាតិសាសន៍ផ្សេងៗ ក្រុមសកម្មប្រយុទ្ធ គណបក្សនយោបាយ និងមេដឹកនាំសាសនានានានេះ បានសរសេរថា៖ «យើងធុញទ្រាន់នឹងសង្គ្រាមដែលហែកហួរដោយសត្រូវ»។
សេចក្តីអំពាវនាវនេះក៏បានបញ្ជាក់ផងដែរថា៖ «ទោះបីជាមានសោភ័ណភាពនៃភាពចម្រុះជាតិសាសន៍ និងសាសនាក៏ដោយ ក៏ប្រជាពលរដ្ឋមីយ៉ាន់ម៉ានូវប្រកាន់ភ្ជាប់នូវភាពយល់ខុសដែលសន្មត់ជាមុនអំពីលំដាប់ថ្នាក់នៃការបែងចែកជាតិសាសន៍»។
លោក Al Haj Kalifah U Aye Lwin ដែលបានចុះហត្ថលេខាលើលិខិតអំពាវនាវនេះក្នុងឋានៈជាប្រធាននៃមជ្ឈមណ្ឌលសាសនាឥស្លាមនៃប្រទេសមីយ៉ាន់ម៉ា (Islamic Center of Myanmar) បានព្រមានថា ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិរបស់ប្រទេស និងបណ្ដាលឲ្យយុវជនជាច្រើននាក់គ្មានការងារធ្វើ។
លោកបានថ្លែងថាគំនិតផ្ដួចផ្ដើមបែបសាសនានេះមានគោលបំណងលើកទឹកចិត្តមេដឹកនាំនយោបាយរបស់ប្រទេសឱ្យទៅកាន់តុចរចា នៅក្នុងអំឡុងពេលមានការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លោក Lwin បានប្រាប់វីអូអេថា៖ «វីរុសកូរ៉ូណាផ្តល់ឱកាសឲ្យយើងដើរតាមមាគ៌ាថ្មី។ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រឈមនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដោយអាចផ្ដល់ឱកាសឲ្យពួកគេរួមគ្នាដោះស្រាយបញ្ហា»។
លោក Kyaw Thu ដែលជាទីប្រឹក្សានៃក្រុមប្រឹក្សាកណ្តាលខាងសាសនាហិណ្ឌូក្នុងប្រទេសភូមា (All Myanmar Hindu Central Council) និងជាអ្នកចុះហត្ថលេខាម្នាក់ទៀតលើលិខិតនេះ បានថ្លែងប្រាប់វីអូអេថា រដ្ឋាភិបាល ពួកយោធា និងក្រុមប្រដាប់អាវុធនានានៃប្រទេសមីយ៉ាន់ម៉ា គួរបង្កើតឲ្យមានកិច្ចព្រមព្រៀងមួយដែលអាចធានាឱ្យមានស្ថិរភាពនៅក្នុងសង្គមមួយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោក Thu បាននិយាយដូច្នេះថា៖ «សូមពន្លឺនៃក្តីសង្ឃឹម សន្តិភាព និងវិបុលភាពរះឡើងសម្រាប់ប្រទេសមីយ៉ាន់ម៉ាថ្មីមួយ នៅពេលដែលយើងដើរឆ្ពោះទៅកាន់គោលដៅនៃលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត»។
ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ។ ការបោះឆ្នោតដែលនឹងធ្វើនៅក្នុងតំបន់មានជម្លោះផងនោះ ត្រូវបានមនុស្សជាច្រើនយល់ឃើញថាជាការសាកល្បងដ៏សំខាន់មួយសម្រាប់ការធ្វើអន្តរកាលរបស់ប្រទេសមីយ៉ាន់ម៉ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ