ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រី Angelina Jolie និយាយថា កុមារ​គឺជា​ជន​រងគ្រោះ​«ដែល​គេ​​មើល​មិន​ឃើញ»​នៃ​​​​ការ​រំលោភ​សេពសន្ធវៈ​នៅ​ក្នុង​សង្គ្រាម


រូបឯកសារ៖ អ្នកស្រី Angelina Jolie ប្រេសិត​ពិសេសឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន និយាយ​ជាមួយ​មនុស្ស​រស់​នៅ​ក្រុង Riohacha ប្រទេស​កូឡុំប៊ី កាល​ពីឆ្នាំ ២០១៩។
រូបឯកសារ៖ អ្នកស្រី Angelina Jolie ប្រេសិត​ពិសេសឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន និយាយ​ជាមួយ​មនុស្ស​រស់​នៅ​ក្រុង Riohacha ប្រទេស​កូឡុំប៊ី កាល​ពីឆ្នាំ ២០១៩។

តារា​សម្ដែង និង​ជា​សកម្មជន​ ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ការពារ​អ្នក​​ងាយ​រងគ្រោះ​បំផុត​ពី​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​យង់ឃ្នង​ទាំង​នោះ។

តារា​សម្ដែង​ និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ អ្នកស្រី Angelina Jolie ​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ចាប់​យក​ជន​ល្មើសឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះអំពើហិង្សា​ផ្លូវ​ភេទ​លើ​កុមារ នៅ​ក្នុង​ពេល​មាន​សង្គ្រាម។

ថ្លែង​ក្នុង​ខួប​២០​ឆ្នាំ​នៃ​ការ​បំពេញ​ការងារ​ជាមួយ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាតិ អ្នក​ស្រី Jolie ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បានជួប​កុមារ​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ផ្លូវភេទ អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​បាក់​ស្បាត​ និង​ការរំលោភ​បំពាន​ នៅ​គ្រប់​ទីកន្លែង។ គ្មាន​ទ្វីប​ណា​មួយ​ដែល​គ្មាន​ឧក្រិដ្ឋកម្ម​ទាំង​នេះ​កើត​ឡើង​ទេ»។

អ្នកស្រី​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ កាល​ពី​ថ្ងៃ​ទី ១៧ កក្កដា ដោយ​លើក​ឡើង​នូវ​ការ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​នេះ មួយ​ឆ្នាំ​បន្ទាប់​ពី​មាន​ការ​អនុម័ត​លើ​សេចក្ដីសម្រេច​លេខ​ ២៤៦៧ ដែល​ជា​សេចក្ដី​សម្រេច​ធ្វើ​ឡើង​ដើម្បីពង្រឹងយន្តការ​រក​យុត្តិធម៌ និងការ​ទទួល​ខុសត្រូវ។

អ្នកស្រី Jolie បាន​លើក​ឡើង​នូវ​ឧទាហរណ៍​មួយ​អំពី​កុមារ​ជនជាតិ​ភាគ​តិច Yezidi ដែល​អ្នកស្រី​បាន​ជួប​នៅភាគ​ខាងជើងនៃ​ប្រទេស​អ៊ីរ៉ាក់។ នៅ​ទីនោះ ម្ដាយ​ និង​សាច់​ញាតិ​រាប់​ពាន់​នាក់​របស់​កុមារ​ត្រូវ​បាន​គេ​ចាប់​ពង្រត់ បង្ខំ​ឲ្យ​ធ្វើ​ជាទាសករ និង​រង​ការ​បំពារបំពាន​តាំង​ពីឆ្នាំ ២០១៤ ប្រព្រឹត្ត​ដោយពួក​សកម្មប្រយុទ្ធ​នៃ​ក្រុម​រដ្ឋ​ឥស្លាម។ មនុស្ស​ជា​ច្រើន​កំពុង​បន្ត​ស្ថិត​នៅ​ក្នុង​ការ​ចាប់​បង្ខាំង​នៅ​ឡើយ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ទៅ​កាន់​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​យ៉ាង​ដូច្នេះ​ថា៖ «ក្មេងៗ​ជាច្រើន​បាន​ឃើញ​នឹង​ភ្នែក​ការ​សម្លាប់​សាច់​ញាតិ​របស់​ពួក​គេ និង​ការ​រំលោភ​សេព​សន្ធវៈ​លើ​ម្ដាយ​របស់​ពួកគេ។ វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ផ្ដល់​ការ​ថែទាំ​ផ្នែក​សុខាភិបាល​ដល់​ស្ត្រីនិង​កុមារ​ជនជាតិ​ភាគតិច ​Yezidi និយាយ​ថា ក្មេងស្រី​ស្ទើរ​គ្រប់​គ្នា​ដែល​អ្នកស្រី​បាន​ព្យាបាល​មាន​អាយុ​ចន្លោះ​ពី ៩ ទៅ ១៧ ឆ្នាំ ហើយ​ត្រូវ​បាន​រំលោភ​សេព​សន្ធវៈ ឬ​ប្រឈម​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ផ្សេង​ទៀត។ ក្នុង​ករណី​ខ្លះ ជន​រងគ្រោះ​ក៏​មាន​ទាំង​ក្មេង​ស្រី​អាយុ​ក្រោម ៩ ឆ្នាំ​ផង​ដែរ»។

រូបឯកសារ៖ អ្នកស្រី Angelina Jolie ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ជំរំ​ជនភៀសខ្លួន Kutupalong ក្នុង​តំបន់ Cox's Bazar ​ប្រទេស​បង់ក្លាដែស កាល​ពី​ឆ្នាំ ២០១៩។
រូបឯកសារ៖ អ្នកស្រី Angelina Jolie ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ជំរំ​ជនភៀសខ្លួន Kutupalong ក្នុង​តំបន់ Cox's Bazar ​ប្រទេស​បង់ក្លាដែស កាល​ពី​ឆ្នាំ ២០១៩។

អ្នកស្រី​មាន​ប្រសាសន៍​ថា ក្មេងៗ​បាន​ឆ្លង​កាត់​នូវ​ជំងឺស្ត្រេស​ដែល​កើត​មាន​បន្ទាប់​ពី​ព្រឹត្តិការណ៍​បាក់​ស្បាត ការ​ភ័យ​ខ្លាច ការ​បាក់​ទឹកចិត្ត ការ​នឹកឃើញ​រឿង​ចាស់ៗ និង​សុបិន​អាក្រក់។ ប៉ុន្តែ​ជនរងគ្រោះ​ដែល​មិន​អាច​មើល​ឃើញ​ទាំង​នេះ ត្រូវ​បាន​ទុក​ចោល​មិន​អើពើ នៅ​ពេល​និយាយ​ដល់​ការ​ផ្ដល់​សេវា​គាំទ្រ​នានា។

អ្នកស្រី Jolie បាន​ប្រសាសន៍​បន្ត​ថា៖ «សេវា​ថែទាំ​តិច​តួច​ដែល​មាន គឺ​ផ្ដោត​ទៅ​លើ​តែ​ស្ត្រី​ដែលនៅ​រស់​រាន​មានជីវិត ដែល​មាន​តម្រូវការ​ជំនួយ​ផ្នែក​ការ​ថែទាំ​លើ​ការ​បាក់​ស្បាត​យ៉ាង​ច្រើន ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ។ ការពិត​គឺ​ថា គ្មាន​អ្នក​ណា​ម្នាក់​ទទួល​បាន​ការ​ថែទាំ​ដែល​គេត្រូវ​ការ​ពិត​ប្រាកដ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ មាន​កង្វះ​ការ​ថែទាំ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​កុមារ»។

អ្នកស្រី Jolie បាន​មានប្រសាសន៍​ថា អ្នក​ស្រី​បានឃើញ​បញ្ហា​ទាំង​នេះ​នៅ​ក្នុង​គ្រប់​ទម្រង់​នៃ​ជម្លោះ ដែល​អ្នក​ស្រី​បាន​ទៅ​មើល​ ហើយ​អ្នកស្រី​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​អន្តរជាតិ បង្កើត​នូវ​មូលនិធិ​មួយ​ដើម្បី​ដោះស្រាយ​សេចក្ដីត្រូវ​ការ​របស់​អ្នក​រស់រាន​មានជីវិត។

អ្នកស្រី Khin Ohmar សកម្មជន​ដើម្បី​សន្តិភាព​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា បានថ្លែង​ក្នុង​នាម​អង្គការ​ក្រុម​ការងារ​ស្ដី​ពី​ស្ត្រី សន្តិភាព និង​សន្តិសុខ។ អ្នកស្រី​និយាយ​ថា នៅ​ប្រទេស​របស់​អ្នកស្រី ពួក​យោធា​បាន​ប្រើប្រាស់​ជាយូរ​មក​ហើយ​នូវ​ការ​រំលោភ​សេពសន្ធវៈ​ ធ្វើ​ជា​អាវុធ​ដើម្បី​ប្រឆាំង​នឹង​សហគមន៍​ជន​ជាតិដើម​ភាគ​តិច​នានា។

អ្នកស្រី Khin Ohmar មាន​ប្រសាសន៍​ថា៖ «រឿងរ៉ាវ​គួរ​ឲ្យ​រន្ធត់​ជាច្រើន​របស់​ស្ត្រី​រ៉ូហ៊ីងយ៉ា នៅ​ឆ្នាំ ២០១៦ និង​២០១៧ ដែល​គេ​ហៅ​ថា «ប្រតិបត្តិការ​បោស​សម្អាត» នៅ​តែ​កើត​មាន​បច្ចុប្បន្ន ​គួរ​ឲ្យ​រន្ធត់ ហើយ​បើនិយាយ​ពីភាព​យង់ឃ្នង​របស់​ពួក​គេ គឺ​ខុស​ពី​កន្លែង​ផ្សេង​ទៀត។ ទាំង​នោះ​តំណាង​ឲ្យ​របៀប​ដែល​ពួក​យោធា​ប្រើ​ប្រាស់​ហិង្សា​ផ្នែន​យេនឌ័រ ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​សហគមន៍​ជនជាតិ​ដើម រួម​មាន​នៅ​រដ្ឋ Kachin, Shan, Ta’ang និង​រដ្ឋ Rakhine។

អ្នកស្រី​និយាយ​ថា ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ជា​ច្រើន​នៅ​តែ​បន្ត​កើត​មាននៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​អ្នក​ស្រី​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដោយសារ​តែ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ស្រុក​មិន​អាច​កើត​មាន​ឡើយ។

លោកស្រី Pramila Patten​ ប្រេសិត​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ហិង្សា​ផ្លូវ​ភេទ​ក្នុង​ពេល​មាន​សង្គ្រាម ​និយាយ​ថា អំពើហិង្សា​ផ្លូវ​ភេទ​គឺ​ជា​យុទ្ធវិធី​មួយ​នៅ​ក្នុង​សង្គ្រាម ដែល​គេ​ប្រើ​ជា​ឧបករណ៍​ដើម្បី​ដាក់​សម្ពាធ​ផ្នែក​នយោបាយ ប្រើ​ដើម្បី​បំបាត់​ភាពជាមនុស្ស ធ្វើ​ឲ្យ​មាន​អស្ថិរភាព និង​ដើម្បី​បណ្ដេញ​ប្រជាជន​ឲ្យ​ចាក​ចេញ​ដោយ​បង្ខំ។ ហិង្សា​ទាំង​នេះ​រួមាន​ការ​រំលោភ​សេព​សន្ធវៈ ទាសភាព​ផ្លូវភេទ ពេស្យាកម្ម​ដោយ​បង្ខំ ការ​មានផ្ទៃពោះ​ដោយ​បង្ខំ ការ​រំលូត​កូន​ដោយ​បង្ខំ ការ​ធ្វើ​ក្លាយ​ជាមនុស្ស​គ្មាន​កូន​ដោយ​បង្ខំ និង​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ។

អ្នកស្រី Patten មាន​ប្រសាសន៍​ប្រាប់​ក្រុមប្រឹក្សាដូច្នេះ​ថា៖ «នេះ​គឺ​ជា​បទ​ឧក្រិដ្ឋ​ដែល​បំផ្លាញ​គ្រឹះតភ្ជាប់​សហគមន៍​ជាមួយ​គ្នា ធ្វើ​ឲ្យ​បណ្ដាញ​ស្អិត​រមួត​នៃ​សង្គម និង​សុវត្ថិភាព មាន​ភាព​សឹករេចរិល»។

អ្នកស្រី​និយាយ​ថា អង្គការ​សហប្រជាជាតិ​បាន​កត់​ត្រា​ករណី​ហិង្សារផ្លូវ​ភេទ​ពាក់​ព័ន្ធ​នឹង​ជម្លោះ ​ជិត ៣.០០០ ករណី​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​អ្នកស្រី​កត់​សម្គាល់​ថា វា​ជា​ឧក្រដិ្ឋកម្ម​ដែល​មិន​ត្រូវ​បាន​រាយការណ៍ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​មាន​ការ​សង​សឹក និង​ដោយសារ​តែ​មាន​ស្លាក​ស្នាម​ទូយ៌ស។ ការ​វាយ​ប្រហារ​ជិត​ដល់ ៩០ ភាគរយ បានយក​ស្ត្រី និង​កុមារ​ជា​គោលដៅ ក្នុង​នោះ ចំនួន ៨៤៨ ករណី ធ្វើ​ឡើង​ទៅលើ​កុមារ។ ករណី​រាប់​រយ​ទៀត​ក៏​ផ្ដោត​ទៅ​លើ​បុរស ក្មេង​ប្រុស និង​មនុស្សស្រឡាញ់​ភេទ​ដូចគ្នា​ផង​ដែរ។

អ្នក​ស្រី​កត់សម្គាល់​ថា ជន​រងគ្រោះ​ជាច្រើន​នៅតែ​ស្វែង​រក​យុត្តិធម៌​ និង​ការ​គាំទ្រ​ បើទោះ​បី​ជា​វា​មាន​រយៈ​ពេល​រាប់​ឆ្នាំ​មកហើយ​ក្ដី។

អ្នកស្រី Patten មានប្រសាសន៍​ថា៖ «នៅ​ក្នុង​បរិបទ​បន្ទាប់​ពី​ជម្លោះ ដូចជា​នៅ​ប្រទេស​បូស្ន៊ី និង​ Herzegovina ជន​ដែល​រស់​រានមានជីវិត​ពី​ហិង្សា​ផ្លូវភេទ​នៅ​តែ​បន្ត​ព្យាយាម​ដើម្បី​ទទួល​បាន​នូវ​សិទ្ធិ​ និង​ឋានៈ​ជា​ជនរងគ្រោះ​ដោយស្រប​ច្បាប់​នៃ​សង្គ្រាម ដើម្បី​ទទួល​បាន​នូវ​សំណង និង​ជំងឺ​ចិត្ត»។

អ្នកស្រី​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុវត្ត​សេចក្ដី​សម្រេច​ និង​បង្ហាញ​ដល់​ជន​ដៃដល់​ឲ្យ​បាន​ដឹង​ថា អ្នក​ដែល​រំលោភ​បំពាន​សេចក្ដី​សម្រេច​នោះ​នឹង​ប្រឈម​ជាមួយ​នឹង​ផលវិបាក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG