ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ.ស.ប.​ម្នាក់​សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ថ្មី​អំពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​​ភូមា


រូបឯកសារ៖ លោក​ស្រី​ Yanghee Lee ​ប្រេសិត​ជាន់​ខ្ពស់​អ.ស.ប.​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​នេះ​ភូមា​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍ចូលរួមក្នុងសន្និសីទសារព័ត៌មាននៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

មន្ត្រី​អ.ស.ប.​ចេញ​ពី​តំណែង​ម្នាក់​បាន​សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី​អំពី​ការ​និយាយ​អះអាង​ថា​ មាន​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​ភូមា​ នៅ​ពេល​ដែល​លោកស្រី​អំពាវ​នាវ​ដល់​សហគមន៍​សាកល​ឱ្យ​ជួយ​បញ្ចៀស​កុំ​ឱ្យ​មាន​អំពើ​ឃោរឃៅ​ឯ​ទៀតៗ​ផង​ដែរ។​

កាលពី​ថ្ងៃ​ពុធ​ទី​២៩​ខែ​មេសា​ ​លោក​ស្រី​ Yanghee Lee ​ប្រេសិត​ជាន់​ខ្ពស់​អ.ស.ប.​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​នេះ​ភូមា​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​ បាន​ចោទ​ប្រកាន់​កង​យោធា​រដ្ឋាភិបាល​ភូមា​ថា​ «បាន​ធ្វើឱ្យមាន​ទុក្ខវេទនាយ៉ាង​ខ្លាំង»​ ដល់​ពួកជន​អំបូរ​ភាគ​តិច​នៅ​ក្នុង​រដ្ឋ ​Rakhine​ និង​រដ្ឋ​ Chin។

រដ្ឋាភិបាល​ភូមា​ប្រយុទ្ធ​នឹង​កង​ទ័ព​ Arakan​ ដែល​ជា​ក្រុម​ទ័ពព្រៃ​តំណាង​ពួក​ជន​អំបូរ​ភាគ​តិច​Rakhine​ កាន់​ព្រះ​ពុទ្ធ​សាសនា​ដែល​ប្រយុទ្ធ​ដើម្បី​ឱ្យ​មាន​ស្វ័យ​ភាព​ច្រើន​ជាង​មុន។​

លោកស្រី​ Lee​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖​ «នៅ​ពេល​ពិភព​លោក​ជាប់​រវល់​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​ ពួក​យោធា​រដ្ឋាភិបាល​ភូមា​បង្កើន​ការ​វាយលុក​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​ Rakhine​ ដោយ​យក​ពួក​ជន​ស៊ីវិល​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ»។​

លោកស្រី ​Lee​ បាន​ចោទ​ប្រកាន់​កង​យោធា​រដ្ឋាភិបាល​ភូមា​ថា​ រំលោភ​លើ​ «គោល​ការណ៍​ជា​មូលដ្ឋាន​បំផុត​នៃ​ច្បាប់​មនុស្ស​ធ៌ម​អន្តរជាតិ​និង​សិទ្ធិ​មនុស្ស»។

លោក​ស្រី​បាន​ថ្លែង​ថា​ ការ​ប្រព្រឹត្ត​របស់​កង​យោធា​ទៅ​លើ​ពួក​ជន​ស៊ីវិល ​«អាច​មាន​ន័យ​ថា​ ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ»។

លោកស្រី​ Lee​ បាន​ចុះ​ចេញ​ពី​តំណែង​ក្នុង​ខែ​មេសា​នៅ​ក្រោយ​កាន់​តំណែង​នេះ​៦​ឆ្នាំ។​

កង​យោធា​រដ្ឋាភិបាល​ភូមា​បាន​បើក​ «យុទ្ធនាការ​បោស​សម្អាត» ​មួយ​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៧​នៅ​ក្នុង​រដ្ឋ​ Rakhine ​នា​ប៉ែក​ខាង​ជើង​ប្រទេស​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​កង​កម្លាំង​បះបោរ ​Rohingya។​ យុទ្ធនាការ​នេះ​បាន​បង្ខំ​ឲ្យ​ពួក​ជន​អំបូរ​ Rohingya ​ជាង​៧​សែន​នាក់​ដែល​ជា​ពួក​ជន​កាន់​សាសនា​ អ៊ិស្លាម​គ្មាន​រដ្ឋ​ រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​នៅ​ជិត​ខាង​ប្រទេស​ភូមា។​ កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ភូមា​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​រង្គាល​ បង្ខំ​សេព​សន្ធវៈ​ និង​ដុត​ផ្ទះ​រាប់​ពាន់​ខ្នង។​

តុលាការ​ជាន់​ខ្ពស់​បំផុត​របស់​អ.ស.ប.​បាន​ប្រាប់​រដ្ឋាភិបាល​ភូមា​ឱ្យ​បញ្ចៀស​កុំ​ឱ្យ​មាន​សកម្ម​ភាព​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ពួក​ជន​អំបូរ​ Rohingya ​និង​ផ្តល់​របាយ​ការណ៍​អំពី​ការ​វិវត្តទៅ​អង្គការ​សាកល​នេះ​ផង​ដែរ។​ តុលាការ​យុត្តិធ៌ម​អន្តរជាតិ​បាន​និយាយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ថា​ តុលាការ​នេះ​នឹង​សម្រេច​អំពី​ការ​ចោទ​ប្រកាន់​បទ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ប្រទេស​ភូមា​ដែល​និយាយ​ថា​ ខ្លួន​ធ្វើ​សកម្ម​ភាព​ត្រឹមត្រូវ។

លោក​ស្រី​បាន​និយាយ​ថា ​ កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ កង​កាំ​ភ្លើង​ធំ​និង​កង​យន្តហោះ​ចម្បាំង​រដ្ឋាភិបាល​ភូមា​បាន​វាយ​ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ពេញ​វ័យ​និង​កុមារ​ច្រើន​នាក់​ស្លាប់​និង​ត្រូវ​របួស​ហើយ​នាំ​ឱ្យ​មាន​មនុស្ស​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ជាង​១៥៧.០០០នាក់។​

លោកស្រី​ Lee​ ក៏​បាន ​រិះគន់​ដែរ​ដល់​កងទ័ព​ Arakan ​ដែល​បាន​ធ្វើ​សកម្ម​ភាព​ឃោរឃៅ​ «នៅ​ក្នុង​របៀប​មួយ​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ពួក​ជន​ស៊ីវិល​ដោយ​មាន​រួម​បញ្ចូល​ការ​ចាប់​ពង្រត់​ពួក​មន្ត្រី​ក្នុង​មូលដ្ឋាន​និង​ពួក​សមាជិក​សភា»។​

ក៏​ប៉ុន្តែ​លោក​ស្រី​ Lee ​បាន​កត់​សម្គាល់​ថា កងទ័ព​ Arakan ​បាន​ប្រកាស​ការ​ឈប់​បាញ់​គ្នា​ជា​ឯកតោ​ភាគី​ដោយ​និយាយ​យោង​ដល់​តម្រូវ​ការ​ទប់ទល់​នឹង​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា។​

លោក​ស្រី​ Lee​ បាន​និយាយ​ថា ​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ​ Rakhine ​និង​រដ្ឋ​ Chin ​មាន​ការ​ទាក់ទង​ជា​មួយ​បរាជ័យ​របស់​រដ្ឋាភិបាល​ភូមា​ក្នុង​ការ​ធ្វើ​ឱ្យ​ពួក​នាយ​ទាហាន​ជាន់ខ្ពស់​ទទួល​ខុស​ត្រូវ​ហើយ​បាន​ដាក់​ទណ្ឌកម្ម​តិច​តួច​ទៅ​លើ​ពួក​បុគ្គលិក​ថ្នាក់​ទាប​នៃ​កង​កម្លាំង​សន្តិសុខ៕​

ប្រែសម្រួល​ដោយ​ឈឹម សុមេធ​

XS
SM
MD
LG