ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​ស្ថានការណ៍៖ មីយ៉ាន់ម៉ា​ចៀសវាង​មិន​ជួយ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ទោះ​ជា​មាន​ការ​បញ្ជា​ពី​តុលាការ​អន្តរជាតិ​ក្តី


ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់​អង្គុយ​ជាមួយ​កូន​ក្មេង​ម្នាក់​នៅ​ជំរំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា Kutupalong នៅ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់​អង្គុយ​ជាមួយ​កូន​ក្មេង​ម្នាក់​នៅ​ជំរំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា Kutupalong នៅ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បញ្ជា​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ដាក់​របាយការណ៍​ស្តី​ពី​វិធានការ​ដែល​ខ្លួន​បាន​ប្រើប្រាស់​ដើម្បី​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្នុង​រយៈពេល​៤ខែ និង​ដាក់​របាយការណ៍​តាមដាន​ជា​បន្តបន្ទាប់​រៀងរាល់​៦ខែ​ម្តង»។​

អ្នក​វិភាគ​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​សម្រាប់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ដែល​មាន​បញ្ហា​ជាច្រើន​ជា​យូរយារ​មក​ហើយ ទោះ​ជា​មាន​ការ​បារម្ភ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​កំពុង​ព្យាយាម​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​នេះ​ក៏​ដោយ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ខែ​មករា​បាន​បញ្ជា​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ «ចាត់​វិធានការ​ទាំង​អស់​ដែល​មាន​ក្រោម​អំណាច​របស់​ខ្លួន» ដើម្បី​បង្ការ​មិន​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ណា​មួយ​ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់គេច​ពី​ប្រទេស​នេះ នៅ​ពេល​មាន​ការ​បង្ក្រាប​ដ៏​ប្រល័យ​ដោយ​យោធា​នៅ​ក្នុង​ឆ្នាំ២០១៧។ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បញ្ជា​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ដាក់​របាយការណ៍​ស្តី​ពី​វិធានការ​ដែល​ខ្លួន​បាន​ប្រើប្រាស់​ដើម្បី​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្នុង​រយៈពេល​៤ខែ និង​ដាក់​របាយការណ៍​តាមដាន​ជា​បន្តបន្ទាប់​រៀងរាល់​៦ខែ​ម្តង»។​

នៅ​ក្នុង​ខែ​ឧសភា តុលាការ​នេះ​បាន​ទទួល​យក​របាយការណ៍​ដែល​តម្រូវ​ឱ្យ​ដាក់​ជា​លើក​ទី១ ប៉ុន្តែ​ខ្លឹមសារ​មិន​ត្រូវ​បាន​បញ្ចេញ​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​តាមដាន​ស្ថានការណ៍​បាន​និយាយ​ថា មាន​ការ​ផ្លាស់ប្តូរ​តិចតួច​ខ្លាំង​ណាស់។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Chulalongkorn ក្នុង​ក្រុង​បាងកក លោក Thitinan Pongsudhirak និយាយ​ក្នុង​សម្តី​ដើម​ថា «ចំពោះ​ខ្ញុំ​ ស្ថានភាព​ហាក់​ដូចជា​នៅ​ដដែល។ មិន​មាន​ការ​អន់ថយ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ក៏​មិន​មាន​វិធានការ​ថ្មី​សំខាន់ៗ​នោះ​ដែរ»។

លោក Thitinan បាន​និយាយ​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​បាន​អនុញ្ញាត​ឱ្យ​មីយ៉ាន់ម៉ា​គ្រប់គ្រង​ការ​ដើរហើរ​របស់​មនុស្ស​នៅ​ក្នុង​រដ្ឋ Rakhine នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស ដែល​នៅ​ទីនោះ​មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ប្រមាណ​បួនសែននាក់​រស់នៅ។ លោក​បាន​បន្ថែម​ថា ការ​បោះឆ្នោត​សភា​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែវិច្ឆិកា​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បន្ទន់​ជំហរ​របស់​ខ្លួន​ចំពោះ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ ជនជាតិផ្សេង​ទៀត​យល់​ថា ជនជាតិ​ភាគតិច​មូស្លីម​ជា​មនុស្ស​ដែល​មិន​ត្រូវ​បាន​ស្វាគមន៍ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រស់នៅ​ នៅ​ពេល​ប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​នៅ​ក្រោម​អាណានិគម​អង់គ្លេស។

លោក Thitinan បាន​និយាយ​នៅ​ក្នុង​សម្តី​ដើម​ថា «បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា​គឺ​ជា​បញ្ហា​ដ៏​ចម្លែក​ ដែល​ទទួល​បាន​ទស្សនៈ​ផ្ទុយ​គ្នា។ សម្រាប់​ពិភពលោក​ខាង​ក្រៅ មាន​ការ​អាណិតអាសូរ​ និង​ការ​ប្រឆាំង​ជាច្រើន។ ប៉ុន្តែ​វា​ផ្ទុយ​ពី​នេះ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

វិបត្តិ​រ៉ូហ៊ីងយ៉ា​បះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​អ្នកស្រី Aung San Suu Kyi ដែល​ជា​មេដឹកនាំ​រដ្ឋ និង​អតីត​មេដឹកនាំ​ក្រុម​ប្រឆាំង​ នៅ​លើ​ឆាក​អន្តរជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​បាន​សរសេរ​ថា មីយ៉ាន់ម៉ា​បាន​យក​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​គោលដៅ​ «ជា​ប្រព័ន្ធ»។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា «អំពើ​ប្រល័យ​ពូជសាសន៍» ដែល​រួម​មាន​ការ​សម្លាប់​រង្គាល ការ​រំលោភ និង​ការ​ដុត​ភ្លើង ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​គោលដៅ​ដើម្បី​លុបបំបាត់​ក្រុម​នេះ។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បង្ហាញ​ថា មាន​អំពើ​បែប​នេះ​កើត​ឡើង​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ២០១៧​មក។

ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​បាន​រត់គេច​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​ និង​ការ​ជួញដូរ​មនុស្ស​កាន់​តែ​ខ្លាំង។

នាយក​អង្គការ​តស៊ូ​មតិ​ដែល​មាន​ឈ្មោះ​ថា Burmese Rohingya Organization UK លោក Tun Khin បាន​និយាយ​ថា អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចង់​ទទួល​បាន​សេវា​មន្ទីរពេទ្យ និង​សាលារៀន​ធម្មតា បូក​រួម​ទាំង​សេរីភាព​នៃ​ការ​ដើរ​ហើរ។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​អ្វី​លើ​បញ្ហា​ទាំង​នេះ​ទេ ក្នុង​រយៈពេល​៤ខែ​កន្លង​មក​នេះ។​

លោក Tun Khin បាន​និយាយ​នៅ​ក្នុង​សម្តី​ដើម​ថា «ប្រសិន​បើ​មីយ៉ាន់ម៉ា​គោរព​តាម​សេចក្តីសម្រេច​បណ្តោះអាសន្ន​នោះ រដ្ឋភិបាល​នឹង​ត្រូវ​ផ្លាស់ប្តូរ​ច្បាប់ និង​គោលនយោបាយ ដែល​ជា​ផ្នែក​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ពួកយើង [ជនជាតិ​រ៉ូហ៊ីងយ៉ា]»។

សហ​អ្នក​សម្របសម្រួល​នៃ​កម្មវិធី​សិក្សា​ពី​ប្រទេស​មីយ៉ាន់ម៉ា​នៃ​វិទ្យាស្ថាន ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី អ្នកស្រី Moe Thuza បាន​និយាយ​ថា របាយការណ៍​ដែល​បាន​ដាក់​ជូន​តុលាការ​នៅ​ក្នុង​ខែ​ឧសភា​អាច​នឹង​មាន​ «សេចក្តី​លម្អិត» អំពី​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​មក​ទល់​ពេល​នេះ ដើម្បី​ធ្វើ​ការ​បញ្ជា​របស់​តុលាការ។

អតីត​ភារធារី​អចិន្ត្រៃយ៍​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា អ្នកស្រី Priscilla Clapp បាន​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​ទទួល​ស្គាល់​ថា បញ្ហា​សិទ្ធិ​មនុស្ស​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ។ អ្នក​ស្រី​បាន​បន្ថែម​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​អប់រំ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​សាខា​សាកលវិទ្យាល័យ​រួច​ទៅ​ហើយ។ អ្នកស្រី Suu Kyi ដែល​មាន​តំណែង​ផ្លូវ​ការ​ជា​ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រាប់​តុលាការ​នៅ​ក្នុង​ខែធ្នូ​ថា មិន​មាន​ការ​អំពើ​ប្រល័យ​ពូជសាសន៍​កើត​ឡើង​នោះ​ទេ។

អ្នកស្រី Clapp ​បាន​និយាយ​ថា ប៉ុន្តែ​ជម្លោះ​ដាច់​ដោយ​ឡែក​រវាង​កងកម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា និង​ក្រុម​ឧទ្ទាម Arakan Army កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​របស់​រដ្ឋាភិបាល​ចេញ​ពី​ការ​ជួយ​បន្ថែម​ទៀត​ដែល​រដ្ឋាភិបាល​អាច​ផ្តល់​ឱ្យ​បាន​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា។ អ្នកស្រី​បន្ត​ទៀត​ថា សង្គ្រាម​នោះ​បាន​សម្លាប់​មនុស្ស​ជាច្រើន និង​បង្ខំ​ឱ្យ​ «មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់» ភៀស​ខ្លួន។ ក្រុម​ឧទ្ទាម Arakan Army មិន​មាន​ជាប់​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទេ ប៉ុន្តែ​ពួកគេ​ធ្វើ​ការ​ប្រយុទ្ធ​នៅ​ក្បែរ​នោះ។

អ្នកស្រី Clapp បាន​និយាយ​នៅ​ក្នុង​សម្តី​ដើម​ថា «ឥឡូវ​នេះ បញ្ហា​គឺ​ថា [កិច្ចប្រឹងប្រែង​ការពារ​ណា​មួយ​សម្រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា] ប្រហែល​ជា​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ ដោយសារ​តែ​អ្វីៗ​ទាំង​អស់​ត្រូវ​បាន​បិទ​នៅ​ក្នុង​រដ្ឋ Rakhine ដោយសារ​តែ​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម Arakan Army ហើយ​វា​ជា​សង្គ្រាម​ក៏​អាក្រក់​ខ្លាំង​មួយ»។

អ្នកស្រី​បាន​និយាយ​ថា របាយការណ៍​ដែល​មីយ៉ាន់ម៉ា​បាន​ដាក់​ជូន​តុលាការ​នៅ​ក្នុង​ខែ​ឧសភា​ប្រហែល​ជា «ជំហាន​មួយ​ក្នុង​ដំណើរការ​ដ៏​យូរ​មួយ»។ រឿង​ក្តី​នេះ​នឹង​ត្រូវ​បន្ត​យ៉ាង​ហោច​ណាស់​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​ក្រោយ៕

XS
SM
MD
LG