ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​​សហរដ្ឋ​អាមេរិក បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ទាប់ពី​ជំនួប​កំពូល​រវាង​លោក Biden និង​លោក Xi


នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក Arleigh Burke USS Milius (DDG 69) បើក​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក Arleigh Burke USS Milius (DDG 69) បើក​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

នាវា​ចម្បាំង​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក បាន​បើក​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​បាន​បែងចែក​កោះ​តៃវ៉ាន់ ​និង​ចិន​ដីគោក​ នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​ បើ​តាម​ការបញ្ជាក់​របស់​កង​នាវា​ជើង​ទឹក​សហរដ្ឋអាមេរិក។ ការឆ្លង​កាត់​បែប​នេះ​ជា​លើក​ទី១​ចាប់តាំង​ពី​មេដឹកនាំ​មហា​អំណាច​ប្រកួត​ប្រជែង​ទាំង២ បាន​ធ្វើ​ជំនួប​កំពូល​តាម​អនឡាញ​មក។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កង​នាវា​ទី៧​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា ការឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​នាវា​ពិឃាត USS Milius ដែល​បំពាក់​អាវុធ​នុយក្លែអ៊ែ ជា​ការឆ្លង​កាត់​ជា​ប្រចាំ​មួយ។

កង​នាវា​ទី៧នោះ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការបើកបរ​នៃ​ការអនុវត្ត​ការធ្វើ​ដំណើរ​ដោយ​សេរីដែល​បាន​ប្រកាស​លើក​ទី១១​នៅ​ឆ្នាំ​នេះ «បង្ហាញ​ពី​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​ និង​បើក​ចំហ»។

ការឆ្លងកាត់​នៅពេល​ថ្មីៗ​នេះ បាន​កើត​មាន​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ព្រមាន​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ខ្លាំង​ស្តីពី​អនាគត​នៃ​កោះ​តៃវ៉ាន់​នៅឯ​ជំនួប​កំពូល​តាម​អនឡាញ​នៅ​ដើម​ខែ​នេះ​មក។

បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​ចិន បាន​រាយការណ៍​បន្ទាប់ពី​ជំនួប​កំពូល​នោះ​ថា លោក Xi បាន​ព្រមាន​លោក Biden ថា ការលើក​ទឹកចិត្ត​ឲ្យ​មាន​ឯករាជ្យភាព​កោះ​តៃវ៉ាន់ នឹង«ក្លាយ​ជា​ការប្រឡែង​លេង​ជាមួយ​ភ្លើង»។

នាវា​ចម្បាំងសហរដ្ឋ​អាមេរិក ជា​និច្ចកាល​ធ្វើ​សមយុទ្ធ​នៅ​ច្រក​សមុទ្រ​នោះ ហើយ​ជារឿយៗ​បាន​ធ្វើ​ឲ្យ​មាន​ការឆ្លើយតប​ប្រកប​ដោយ​ការខឹងសម្បារ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បាន​អះអាង​ថា កោះ​តៃវ៉ាន់​ និង​ដែន​ទឹក​នៅ​ជុំ​វិញ​នោះ​ជា​ទឹកដី​របស់​ខ្លួន។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ទៀត ចាត់ទុក​ផ្លូវ​ទឹក​នោះ​ជា​ដែន​ទឹក​អន្តរជាតិ​បើក​ចំហសម្រាប់​ប្រទេស​ទាំង​អស់។

នាវា​ចម្បាំង​ចក្រភព​អង់គ្លេស បារាំង​និង​អូស្ត្រាលី បាន​ធ្វើ​ការឆ្លង​កាត់តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​ពីប្រទេស​ចិន៕

XS
SM
MD
LG