ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ភាពជាដៃគូ​ដែល​ចិន​គ្រោង​ធ្វើ​ជាមួយ​អាស៊ាន ជា​ជំហាន​សំខាន់​សម្រាប់​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មែនទេ?


រូបឯកសារ៖ នាវា​របស់​កងទ័ពជើង​ទឹក​សហរដ្ឋ​អាមេរិក USS Ronald Reagan (CVN 76) និង USS Nimitz (CVN 68) Carrier Strike Groups បើក​​ដំណើរការ​នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ នាវា​របស់​កងទ័ពជើង​ទឹក​សហរដ្ឋ​អាមេរិក USS Ronald Reagan (CVN 76) និង USS Nimitz (CVN 68) Carrier Strike Groups បើក​​ដំណើរការ​នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា កិច្ចព្រមព្រៀង​ដែល​បាន​ស្នើ​ឡើង​រវាង​ប្រទេស​ចិន​និង​សមាគម​អាស៊ាន (ASEAN) អាច​នឹង​ប៉ះពាល់​ដល់​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

សមាគម​អាស៊ាន ​និង​ចិន ​មាន​បំណង​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ ដែល​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ អាច​ពន្លឿន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ ឬ​ក៏​ទំនាក់ទំនង​ផ្នែក​យោធា​បាន។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ផ្តល់​ការ​គាំទ្រ​ដល់​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​ផ្ដល់​នូវ​អាវុធ​ការពារ​និង​ការ​បណ្ដុះបណ្ដាល​យោធា និង​បាន​ផ្ដល់​សញ្ញា​ព្រមាន​ដល់​រដ្ឋាភិបាល​ចិន​ទាក់ទិន​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

ប៉ុន្តែ អ្នក​វិភាគ​នានា​ថា សហរដ្ឋអាមេរិក ​បាន​ដើរ​ក្រោយ​ចិន​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ដែល​ប្រទេស​ក្រីក្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ត្រូវការ។

លោក Alan Chong សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ S. Rajaratnam សម្រាប់​ការ​សិក្សា​កិច្ចការ​អន្តរជាតិ (S. Rajaratnam School of International Studies) នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang (Nanyang Technological University) ក្នុង​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួរតែ​មាន​ការ​បារម្ភ ដោយសារតែ​ការ​បង្កើត​សព្វាវុធ​ជំនាន់​ថ្មី​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​នឹង​មិន​ចាំបាច់​នៅ​ក្នុង​ការ​ជួយ​ស្តារ​ឥទ្ធិពល​មាន​ប្រៀប​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ចិន​នោះទេ»។

លោក​បាន​បន្ថែម​ថា បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​អាច «ស្នើ​សុំ​ការ​គាំទ្រ​ដោយ​ទន់ភ្លន់» ពី​ប្រទេស​ចិន​តែប៉ុណ្ណោះ​សម្រាប់​ជំនួយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងរូបភាព​ដែល​ចេញផ្សាយ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​រៀបចំ​ដោយ​ប្រទេស​ព្រុយណេ បង្ហាញពី​មេដឹកនាំ​អាស៊ី​អាគ្នេយ៍ នៅក្នុង​អំឡុងពេល​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឆ្នាំ២០២១ ដែល​បាន​ធ្វើ​ឡើង​តាម​អនឡាញ ពី​ទីក្រុង​បានដាស៊េរីបេហ្គាវ៉ាន់ នៃ​ប្រទេស​ព្រុយណេ កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
ក្នុងរូបភាព​ដែល​ចេញផ្សាយ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​រៀបចំ​ដោយ​ប្រទេស​ព្រុយណេ បង្ហាញពី​មេដឹកនាំ​អាស៊ី​អាគ្នេយ៍ នៅក្នុង​អំឡុងពេល​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឆ្នាំ២០២១ ដែល​បាន​ធ្វើ​ឡើង​តាម​អនឡាញ ពី​ទីក្រុង​បានដាស៊េរីបេហ្គាវ៉ាន់ នៃ​ប្រទេស​ព្រុយណេ កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

មន្ត្រី​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​កំពុង​ធ្វើ​សកម្មភាព​ហួស​ព្រំដែន​របស់​ខ្លួន​ក្នុង​ជម្លោះ​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​កោះ​តៃវ៉ា់ន់​និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ទៀត ​គឺ​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម។

តាម​ជាក់ស្ដែង អាស៊ាន​ គឺជា​តំបន់​អព្យាក្រឹត្យ​មួយ ទោះបីជា​ប្រទេស​ជា​សមាជិក​ដែល​មាន​ព្រំប្រទល់​ជាប់​សមុទ្រ​បើក​ទូលាយ​ចំពោះ​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិកក៏ដោយ។

លោក Chong បាន​ចោទ​ជា​សំណួរ​ថា៖ «តើ​សហរដ្ឋអាមេរិក​ពិតជា​នឹង​កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ ឬ​ក៏​ងាក​ទៅ​រក​តួនាទី​របស់​ខ្លួន​ឡើង​វិញ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់?»។

ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ

ក្រុម​អ្នក​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Wuhan (Wuhan University) និង​សាកលវិទ្យាល័យ Coastal Carolina (Coastal Carolina University) បាន​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ថា ភាព​ជា​ដៃគូ​មិន​មែន​ជា​រឿង​ចម្លែក​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​ទេ ហើយ​ប្រទេស​ចិន​ មាន​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ចំនួន ៧៨ រួច​មក​ហើយ​គិត​ត្រឹម​ឆ្នាំ ២០១៩ ដោយ​បង្កើត​បាន​ជា «ស្នូល​នៃ​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន»។

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ ដែល​ជា​កិច្ចព្រមព្រៀង​រឹងមាំ​បំផុត​ក្នុង​កម្រិត​ទ្វេភាគី​ស្រដៀង​ទៅ​នឹង​ការ​ចង​សម្ព័ន្ធ​សន្ធិសញ្ញា​ដែរ​នោះ បាន​បង្ហាញពី​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​កាន់​តែ​ខ្លាំង និង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​ចិន-អាស៊ាន​ផ្សេង​ទៀត​អស់​រយៈពេល ៣០ ឆ្នាំ​កន្លង​មក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផងដែរ។ ចរិតលក្ខណៈ​នៃ​ភាព​ជា​ដៃគូ​ណា​មួយ​អាស្រ័យ​លើ​សកម្មភាព​ក្រោយ​មក​ទៀត​របស់​ប្រទេស​ហត្ថលេខី ប៉ុន្តែ​ចិន ​និង​អាស៊ាន​ ជា​ទូទៅ​ផ្តោត​លើ​កំណើន​សេដ្ឋកិច្ច។

លោក Huang Kwei-bo សាស្ត្រាចារ្យ​រង​ផ្នែក​ការទូត​នៅ​សាកលវិទ្យាល័យ​ជាតិ Chengchi (National Chengchi University) ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «អ្នក​អាច​មើល​ឃើញ​ថា ការ​បង្កើត​ទំនាក់ទំនង​របស់​ពួកគេ ជាពិសេស​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ គឺ​កាន់តែ​មាន​ភាព​រឹងមាំ​ឡើង​ដោយ​សន្សឹមៗ»។

សម្រាប់​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​ហ៊ាន​ប្រឆាំង​នឹង​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​នេះ ​អាច​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន និង​ជួយ​ពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Phuong Hong វ័យ ៤០ ឆ្នាំ ដែល​ជា​អ្នក​បម្រើការ​ក្នុង​វិស័យ​ធ្វើដំណើរ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា ភ្ញៀវ​ទេសចរ​ចិន ​មាន​ចំនួន ៥ លាន ៨ សែន នាក់ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ១៨ លាន​នាក់​ដែល​មក​ធ្វើ​ទេសចរណ៍​ក្នុង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ២០១៩ មុន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

អ្នកស្រី Hong បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម ប្រសិនបើ​ពួកគេ​មក​ធ្វើ​ទេសចរណ៍ ពួកគេ​ក៏​វិនិយោគ​ក្នុង​រោងចក្រ​មួយ​ចំនួន​ដែរ។ ពួកគេ​បង្កើត​រោងចក្រ​ជាច្រើន... និង​វិនិយោគ​លើ​វិស័យ​កសិកម្ម​មួយ​ចំនួន​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ ដូចជា​ចម្ការ​ទុរេន​ជាដើម»។

ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

ប្រទេស​ចិន​ប្រើប្រាស់ «រង្វង់​ដែន​ទឹក​ដែល​ខ្លួន​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង (គំនូស ៩ ចំណុច)» ដោយ​យោង​លើ​កំណត់ត្រា​ដែន​សមុទ្រ​ពី​សម័យ​រាជវង្ស​នានា​ពី​មុន ដើម្បី​ទាមទារ​កាន់កាប់​ចំណែក​ចំនួន ៩០% នៃ​សមុទ្រ​ចិន​ខាងត្បូង។ សមុទ្រ​ចិន​ខាង​ត្បូង​មាន​ទំហំ ៣ លាន ៥ សែន គីឡូម៉ែត្រ​ការ៉េ។

ប្រទេស​ប្រជែង​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ផ្សេង​ទៀត សម្លឹង​ឃើញ​ផ្លូវ​ទឹក​មួយ​នេះ ដោយសារ​ការ​នេសាទ ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កប៉ាល់ និង​ធនធាន​ឥន្ធនៈ​ផូស៊ីល​នៅ​ក្រោម​សមុទ្រ។ រង្វង់​ដែន​ទឹក​ដែល​ចិន​ទាមទារ​នេះ​ប៉ះពាល់​ដល់​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​មួយ​ចំនួន។

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ចិន​បាន​ធ្វើ​ឱ្យ​ប្រទេស​ប្រជែង​ផ្សេង​ទៀត​ខឹងសម្បា​តាមរយៈ​ការ​ចាក់​បំពេញ​កូន​កោះ​នានា​នៅ​ក្នុង​សមុទ្រ ដែល​លាត​សន្ធឹង​ពី​កោះ​ហុងកុង​ទៅ​ដល់​កោះ Borneo សម្រាប់​ការ​ប្រើប្រាស់​យោធា។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជូន​នាវា​ម្ដងម្កាល​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​ផ្សេង​ទៀត។

អ្នក​សិក្សា​ស្រាវជ្រាវ​នានា​រំពឹង​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​មួយ​នេះ​នឹង​ផ្ដោត​លើ​របៀបវារៈ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ។

ប្រទេស​ចិន​និង​សមាគម​អាស៊ាន «បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​គ្នា​ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ និង​ពន្លឿន​ការ​ងើប​ឡើងវិញ​និង​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់»។ នេះ​ បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ភាគី​ទាំង​ពីរ​បាន​ចេញ​ផ្សាយ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន​ដែល​ធ្វើ​ឡើង​តាម​អនឡាញ​កាលពី​ថ្ងៃទី ២៨ ខែ​តុលា​កន្លង​ទៅ​នេះ។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ នឹង​បង្កើត​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ។

លោក Chong បាន​ថ្លែង​ថា ប្រទេស​សមាជិក​អាស៊ាន​ដែល​រួម​មាន ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​វៀតណាម បាន​ទទួល​យក​ប្រាក់​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​ពី​ប្រទេស​ចិន​រួច​ទៅ​ហើយ។ ចិន​បាន​បង្កើន​ជំនួយ​និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បន្ទាប់ពី​បាន​ចាញ់​ក្តី​នៅ​តុលាការ​អន្តរជាតិ​ទាក់ទិន​នឹង​ភាព​ស្របច្បាប់​នៃ​ការ​ទាមទារ​របស់​ខ្លួន​លើ​ការ​កាន់កាប់​ដែន​សមុទ្រ​ចិន​ខាងត្បូង។

លោក Huang បាន​ថ្លែង​ថា ការ​ផ្តោត​លើ​សេដ្ឋកិច្ច​សម្រាប់​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ​អាច​ជួយ​ឱ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​វិវត្ត​ទៅ​មុខ​តាម​សម្រួល​ដោយ​ខ្លួនឯង។ លោក​បាន​ចង្អុល​បង្ហាញ​ថា ក្រម​ប្រតិបត្តិ​អាស៊ាន-ចិន ដែល​នៅ​ទី​បំផុត​ប្រហែលជា​អាច​ធ្វើ​ទៅ​បាន​នោះ អាច​នឹង​ជួយ​បញ្ចៀស​មិន​ឱ្យ​មាន​គ្រោះ​អាក្រក់​ណា​មួយ​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន។

លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការ​ដែន​សមុទ្រ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន (University of the Philippines) ក្នុង​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន បាន​និយាយ​ថា ប្រទេស​ចិន​អាច​សម្លឹង​ឃើញ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​រួច​ហើយ​ថា​ជា​សញ្ញា​នៃ «ស្ថិរភាព» នៅ​តំបន់​អាស៊ី បើ​ទោះបីជា​មាន​ការ​ប្រជែង​ពី​សហរដ្ឋអាមេរិក ដែល​រួម​មាន​ទាំង​កិច្ចព្រមព្រៀង AUKUS ដែល​ជា​កិច្ចព្រមព្រៀង​សន្តិសុខ​ត្រីភាគី​រវាង​ចក្រភព​អង់គ្លេស អូស្ត្រាលី និង​សហរដ្ឋអាមេរិក​ក៏ដោយ។ កិច្ច​ព្រមព្រៀង AUKUS នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ​កញ្ញា ឆ្នាំ ២០២១។ កាលពី​ឆ្នាំ​មុន សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវា​ចម្បាំង ១០ ដង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង។

លោក Batongbacal បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ចិន-អាស៊ាន​នេះ «អាច​ជា​ការ​ឆ្លើយតប​ចំពោះ​ក្តីបារម្ភ​របស់​ចិន​អំពី​កិច្ចព្រមព្រៀង AUKUS ច្រើន​ជាង...ដោយ​ជា​ថ្មី​ម្ដងទៀត [ចិន] កំពុង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​តុល្យភាព​តាមរយៈ​វិធានការ​ទាំង​នេះ»។

លោក Batongbacal ជឿ​ថា ចិន​ចាត់ទុក​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ​ថាជា​មធ្យោបាយ​មួយ​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ លោក​បាន​បន្ថែម​ថា ដូច​គ្នា​នេះ​ដែរ កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ​គឺជា «មធ្យោបាយ​ដ៏​ល្អ​ដើម្បី​បង្ហាញ​អំពី​ការ​វិវឌ្ឍ​មួយ​ចំនួន»៕

XS
SM
MD
LG