ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​រំពឹង​លទ្ធផល​តិចតួច មុន​ជំនួប​រវាង​លោក Joe Biden និង​លោក Xi Jinping


រូបឯកសារផ្គុំ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ និង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ទីក្រុង Brasília ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១៩។

សេតវិមាន​មាន​រំពឹង​លទ្ធផល​តិចតួច​អំពី​លទ្ធផល​មុន​ជំនួប​តាម​អនឡាញ​នៅ​ថ្ងៃ​ចន្ទ​រវាង​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping។​

លេខាធិការ​ព័ត៌មាន​សេតវិមាន​លោកស្រី ​Jen Psaki ​បាន​និយាយ​ថា ​ជំនួប​ពេល​ល្ងាច​ម៉ោង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​ផ្តោត​លើ​ការ​រៀបចំ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង​រវាង​គូ​ប្រជែង​ទាំង​២ ​ប៉ុន្តែ​ទំនង​ជា​មិន​បញ្ចប់​ដោយ​សេចក្តី​សម្រេច​អំពី​ការ​ខ្វែង​គំនិត​គ្នា​ទេ។​

លោកស្រី​ Psaki ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ​«មេដឹកនាំ​ទាំង​២ ​នឹង​ពិភាក្សា​រក​វិធី​គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​ដោយ​មាន​ការ​ទទួល​ខុសត្រូវ​រវាង​ប្រទេស​ទាំង២​ និង​រក​វិធី​ធ្វើការ​ជា​មួយ​គ្នា​ បើ​ផល​ប្រយោជន៍​ស្រប​គ្នា»។​

សហ​រដ្ឋ​អាមេរិក​មើល​ឃើញ​ចិន​ជា​គូប្រជែង​ខាង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្វះស្វែង​បង្កើន​ឥទ្ធិពល​ខាង​យោធា​ និង​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក។ ​ ទោះ​ជា​យ៉ាង​ណា មុន​ជំនួប​នេះ ​វោហាសាស្ត្រ​របស់​ភាគី​ទាំង​២ ​មាន​ភាព​ទន់ភ្លន់។​

ជំហាន​វិជ្ជមាន​មួយ​ទៀត​ គឺ​សហ​រដ្ឋ​អាមេរិក​ និង​ចិន​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិក​ (CO2) ​ដ៏​ច្រើន​បង្អស់​ក្នុង​ពិភពលោក ​បាន​ប្រកាស​ដោយ​មិន​រំពឹង​ទុក​មួយ​នៅ​ឯ​សន្និសីទ​កំពូល​អំពី​អាកាសធាតុ​ COP26​ ក្នុង​ទីក្រុង ​Glasgow ប្រទេស​ស្កុតលែន​ថា ​ប្រទេស​ទាំង​ពីរ​ នឹង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បង្កើន​កំដៅ​ផែនដី​ ហើយ​នឹង​ជួបគ្នា​ទៀងទាត់​ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ។​

លោក​ Patrick Cronin ​ប្រធាន​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​វិទ្យាស្ថាន ​Hudson ​បាន​ប្រាប់ ​VOA​ ថា​ «លោក ​Xi Jinping ​និង​លោក​ប្រធានាធិបតី​ Biden​ ចង់​ស្វែងរក​ស្ថិរភាព​ខ្លះ​ដើម្បី​សហការ​តាម​ដែល​អាច​ធ្វើទៅ​បាន​ដើម្បី​ប្រកួត​ប្រជែង ​ឬ​ប្រឈមមុខ​គ្នា​បើ​ចាំបាច់។ ​បញ្ហា​ទាំង​នេះ​ នឹង​បន្ត​ទៅ​មុខ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វោហា​សាស្ត្រ​ នឹង​កាន់​តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ប្រកួត​កីឡា​អូឡាំពិក»។​

យ៉ាងណា​ក៏ដោយ ​ការខ្វែង​គំនិត​គ្នា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​សម្រាប់​ប្រជាជន​ហុងកុង ​និង​ជនជាតិ​ភាគតិច ​Uyghur​ ទំនង​ជានៅ​តែមិន​ទាន់​ដោះស្រាយ ​ ហើយ​បញ្ហា​ពាណិជ្ជកម្ម ​សេរីភាព​នាវាចរណ៍​ និង​ការ​កសាង​យោធា​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ​និង​ច្រក​សមុទ្រ​តៃវ៉ាន់​ក៏​អ៊ីចឹង​ដែរ។ ​

លោក​ Robert Daly ​នាយក​វិទ្យាស្ថាន ​Kissinger Institute ​របស់​មជ្ឈមណ្ឌល​ Wilson ​ស្តីពី​ប្រទេស​ចិន​ និង​សហ​រដ្ឋ​អាមេរិក​ បាន​ប្រាប់ ​VOA ​ថា ​«យើង​អាច​រំពឹង​ថា ​លោក​ប្រធានាធិបតី ​Biden ​នឹង​និយាយ​ថា ​អាមេរិក​ នៅតែ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិនតែ​មួយ​ ហើយ​លោក​ Xi Jinping នឹង​និយាយ​ថា ​ អាមេរិក​បាន​ជាន់​ឈ្លី​គោល​នយោបាយ​នោះ»៕​

XS
SM
MD
LG