សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញ បានសម្តែងនូវការភ្ញាក់ផ្អើលអំពីកិច្ចព្រមព្រៀងសន្តិសុខដ៏មានសក្តានុពលមួយរវាងប្រទេសចិននិងដែនកោះ Solomon ខណៈពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងមួយនេះដើម្បីទប់នឹងការពង្រីកឥទ្ធិពលរបស់ចិន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Kurt Campbell និងលោក Daniel Kritenbrink ដែលជាមន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិនិងក្រសួងការបរទេសអាមេរិក នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសដែនកោះ Solomon ហ្វីជី និងប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea)។
សេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិសុខមួយរវាងកោះ Solomon និងចិនត្រូវបានបែកធ្លាយធ្វើឲ្យសហរដ្ឋអាមេរិកនិងអូស្ត្រាលីមានក្តីបារម្ភថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងបង្កើតទីតាំងឈរជើងយោធារបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងដែលក្នុងនោះក៏រួមមានការដាក់ពង្រាយកងនាវាផងដែរ។
នាយករដ្ឋមន្ត្រីកោះ Solomons លោក Manasseh Sogavare បាននិយាយថា Solomons មិនមានបំណងផ្តល់ការអនុញ្ញាតឲ្យចិនកសាងមូលដ្ឋានកងទ័ពនៅក្នុងប្រទេសនេះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បើទោះបីជាមានការលើកឡើងរបស់រដ្ឋាភិបាល Solomon យ៉ាងនេះក្តី ក៏ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះជាទូទៅ បានបើកទ្វារចំហរសម្រាប់ការដាក់ពង្រាយកងទ័ពចិននៅលើដែនកោះនេះដែរ។
លោកបានបន្តទៀតថា៖ «យើងជឿថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ អាចបង្កើនអស្ថិរភាពនៅលើកោះ Solomon និងបង្កើតនូវអាទិភាពដ៏ព្រួយបារម្ភមួយសម្រាប់តំបន់កោះប៉ាស៊ីហ្វិកទាំងមូល»។
លោកបានបន្ថែមទៀតថា កោះ Solomon មានទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយអូស្ត្រាលីរួចហើយក្នុងពេលកន្លងមក ហើយអូស្ត្រាលីធ្លាប់បានបញ្ជូនកងទ័ពទៅជួយប្រទេសនេះកាលពីឆ្នាំទៅផងដែរ បន្ទាប់ពីមានកុប្បកម្មប្រឆាំងតវ៉ានៅទីនោះ។
មន្ត្រីជាន់ខ្ពស់អូស្ត្រាលីមួយរូបក៏បានទៅធ្វើទស្សនកិច្ចនៅកោះ Solomon នេះកាលពីសប្តាហ៍មុន ហើយបានស្នើសុំកុំឲ្យនាយករដ្ឋមន្ត្រីកោះនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិន។
សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងស្វះស្វែងបង្ហាញការជួយគាំទ្ររបស់ខ្លួនដល់ដែនកោះនេះដែលមានប្រជាពលរដ្ឋសរុបប្រមាណ៨សែននាក់ដែលពោរពេញទៅដោយភាពចលាចល និងភាពក្រីក្រ។
កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានប្រកាសក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់កោះនោះថា សហរដ្ឋអាមេរិក នឹងបង្កើតស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងរដ្ឋធានី Honiara របស់ដែនកោះនេះ ដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេសកាលពីអតីតកាល។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា «គណៈប្រតិភូអាមេរិកនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសហ្វីជី ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) និង Solomon ដើម្បីធានាថា ភាពជាដៃគូរបស់យើងនឹងផ្តល់នូវវិបុលភាព សន្តិសុខនិងសន្តិភាព នៅទូទាំងតំបន់កោះប៉ាស៊ីហ្វិក និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»៕