ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​​បារម្ភ​ពី​ការ​​ពិភាក្សា​​សន្តិសុខ​រវាង​ចិន​និង​ប្រទេស​ក្បែរ​ខាង​ក្នុង​មហាសមុទ្រ​​ប៉ាស៊ីហ្វិក


រូប​ឯកសារ៖ ទង់ជាតិ​របស់​កោះ Solomon និង​ប្រទេស​ចិន​បក់​នៅ​ទី​លាន​ Tiananmen ក្នុង​រដ្ឋធានី​ប៉េកាំង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ ទង់ជាតិ​របស់​កោះ Solomon និង​ប្រទេស​ចិន​បក់​នៅ​ទី​លាន​ Tiananmen ក្នុង​រដ្ឋធានី​ប៉េកាំង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៩។

កិច្ច​ព្រមព្រៀង​សន្តិសុខ​ថ្មី​មួយ​កំពុង​ត្រូវ​បាន​ចរចា​រវាង​ចិន​និងប្រទេស​កោះ Solomon ​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​តំបន់​ប៉ាស៊ីហ្វិក និង​មាន​ចម្ងាយប្រមាណ​ជាង​៣.២០០​គីឡូម៉ែត្រ នៅ​ប៉ែក​ឦសានប្រទេស​អូស្ត្រាលី។

សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​ផ្លូវការ​ បាន​លេច​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​នេះ បាន​និយាយលម្អិត​អំពី​ផែនការ​នានា​ដែល​អាច​អនុញ្ញាត​ឲ្យ​ទីក្រុង​ប៉េកាំង​បញ្ជូន​កម្លាំង​ប៉ូលិស​ប្រដាប់​អាវុធ និង​ទាហាន​ចូល​ទៅ​កាន់​ប្រទេសប្រជុំ​កោះមួយ​នេះ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដើម្បី «ការពារ​សុវត្ថិភាព​បុគ្គលិក​ចិន និងគម្រោង​សំខាន់ៗ​មួយ​ចំនួន​នៅលើ​កោះ​ ​Solomon»។

​ប្រទេស​អូស្ត្រាលី មាន​ក្ដី​បារម្ភ​ថា កិច្ច​ព្រម​ព្រៀង​នេះ​អាច​នាំ​ឲ្យ​ទីក្រុង​ប៉េកាំង​បង្កើត​វត្តមាន ឬ​មូលដ្ឋាន​យោធា​អចិន្ត្រៃយ៍ ​នៅ​ក្នុង​ប្រទេស​ដែល​ជា​ដែន​កោះ​នៅ​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ។

ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់ គឺ​ជា​ដៃគូ​ជាការពារ និង​ជា​អ្នក​ផ្ដល់​ជំនួយ​សម្រាប់ប្រទេស​ដែន​កោះមួយ​នេះ​ក្នុង​ពេល​កន្លង​ទៅ។

លោកស្រី Marise Payne រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​បាន​ថ្លែង​ថា លោកស្រី​គោរព​ដល់​សិទ្ធិ​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ ក្នុង​ការ​ធ្វើ​ការសម្រេច​ចិត្ត​ផ្នែក​អធិបតេយ្យភាព​របស់​ខ្លួន ក៏ប៉ុន្តែ លោកស្រី​បារម្ភ​ពី «សកម្មភាព​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ស្ថិរភាព និង​សន្តិសុខ​នៃ​តំបន់​របស់​យើង»។

ប្រទេស​នូវែលសេឡង់​និយាយ​ថា​ ផែន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ បានគំរាមកំហែងធ្វើ​ឲ្យ​មាន​អស្ថិរភាព​សន្តិសុខក្នុង​តំបន់។

លោក Kevin Rudd អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ និង​ជា​ប្រធាន​អង្គការ Asia Society ដែល​ជា​អង្គការ​អន្តរជាតិ​មិន​រក​ប្រាក់​ចំណេញ​នោះ​ ​ថ្លែង​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​អូស្ត្រាលី​ថា លទ្ធភាព​នៃ​ការ​បង្កើត​មូលដ្ឋាន​យោធា​ចិន​នៅ​កោះ​ Solomon​ គឺជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក​ថ្លែង​ថា៖ «បើ​តាម​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​របស់​អូស្ត្រាលី​ជាមួយ​នឹង​រដ្ឋ​ដែល​ជា​ដែនកោះ​នានា​នៅ​តំបន់​ប៉ាស៊ីហ្វិក ខ្ញុំ​គិត​ថា នេះ​ជា​ការអភិវឌ្ឍ​ផ្នែក​សន្តិសុខ​ដ៏​ចម្បង​មួយ​ ដែល​យើង​បានឃើញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ វា​ជា​ការ​អភិវឌ្ឍ​ដែល​ផ្ទុយ​ទៅ​នឹង​ផល​ប្រយោជន៍​ផ្នែក​សន្តិសុខ​ជាតិ​របស់​អូស្ត្រាលី។ នៅ​ពេល​យើង​មាន​ប្រទេស​មួយ​ដែល​នៅ​ជិត​ដែនដី​របស់​អូស្ត្រាលី​ដូច​ជា​កោះ​ Solomon​ ជាដើម​នោះ​ នេះ​ជា​ការ​ប្រែប្រួល​ដ៏​ធំនៅ​ក្នុង​បរិយាកាស​នៃយុទ្ធសាស្ត្រ​បន្ទាន់របស់​អូស្ត្រាលី»។

រដ្ឋាភិបាល​កោះ ​Solomon បាន​និយាយ​ថា ខ្លួន​កំពុង​ពង្រីក​កិច្ច​ព្រម​ព្រៀង​ផ្នែក​សន្តិសុខ​ជាមួយ​ប្រទស​ផ្សេងៗ​ទៀត និងកំពុង​បង្កើតដៃគូសន្តិសុខ​ចម្រុះ​ ដែល​ក្នុង​ក៏​រួម​មាន​ប្រទេស​ចិន​ផងដែរ។

កាល​ពី​ឆ្នាំ ២០១៩ អាជ្ញាធរ​នៅ​ក្នុង​រដ្ឋធានី Honiara របស់​ប្រទេស​ដែន​កោះ​ Solomon បាន​ភ្ជាប់​ទំនាក់ទំនង​ការ​ទូតជា​ផ្លូវការ​ជាមួយ​ទីក្រុង​ប៉េកាំង បន្ទាប់​ពី​បាន​ផ្ដាច់​ទំនាក់​ទំនង​ការទូតជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​រួច​មក។

ប្រទេស​អូស្ត្រាលី​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​ទៅ​លើ​ឥទ្ធិពល​របស់​ចិន​ ដែលបន្ត​កើន​ឡើង​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​បាន​បង្កើន​ការ​ផ្ដល់​ជំនួយ​របស់​ខ្លួនកាន់​តែ​ច្រើន ទៅ​ដល់​ប្រទេស​នានា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ សហរដ្ឋ​អាមេរិកបាន​និយាយ​ថា ពួក​គេ​ក៏​មាន​ផែន​ការ​បើក​ស្ថានទូត​នៅ​លើ​ដែន​កោះ ​Solomon​នេះ​ផង​ដែរ ដោយ​សារ​តែ​ក្ដី​បារម្ភ​អំពី​ផែនការ​នានា​របស់​ចិន​នៅ​ក្នុង​តំបន់​នេះ៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG