ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ទស្សនកិច្ច​ទៅ​ហ្វីជី​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ស្ដីទី​ហ្វីជី លោក Aiyaz Sayed-Khaiyum ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង Nadi ប្រទេស​ហ្វីជី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីជី​កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​រៀបចំ​ជំនួប​តាម​អនឡាញ​មួយ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ចំនួន ១៨ នៅ​តំបន់​ប៉ាស៊ីហ្វិក និង​បាន​ប្រកាស​អំពី​ផែនការ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​បើក​ស្ថានទូត​ឡើងវិញ​នៅ​ប្រទេស Solomon Islands។

ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅក្នុង​ការ​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​របស់​ខ្លួន​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

នៅក្នុង​អំឡុងពេល​នៃ​ជំនួប​តាម​អនឡាញ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​ទាំងនោះ លោក Blinken ក៏​បាន​ពិភាក្សា​ផងដែរ​អំពី «វិបត្តិ​អាកាសធាតុ ការ​កម្ចាត់​ជំងឺ​កូវីដ១៩ ជំនួយ​មនុស្សធម៌ និង​មធ្យោបាយ​ក្នុង​ការ​បង្កើន​ការ​ប្ដេជ្ញា​រួម​គ្នា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សាមគ្គីភាព​ក្នុង​តំបន់ និង​វិបុលភាព​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​តំបន់​ប៉ាស៊ីហ្វិក​នេះ លោក Blinken បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ស្ដីទី​នៃ​ប្រទេស​ហ្វីជី​លោក Aiyaz Sayed-Khaiyum នៅ​ក្នុង​ទីក្រុង Nadi ដែល​ស្ថិត​នៅ​លើ​កោះ​ចម្បង​របស់​ប្រទេស​ហ្វីជី។

នៅក្នុង​ការ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ លោក Sayed-Khaiyum បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ជំនួប​នោះ។

លោក Sayed-Khaiyum ថ្លែង​ថា៖ «យើង​ទើបតែ​បាន​បញ្ចប់​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​និង​ដ៏​ទូលំទូលាយ​បំផុត​រវាង​ប្រទេស​ហ្វីជី​និង​សហរដ្ឋ​អាមេរិក និង​កិច្ច​ប្រជុំ​ធំ​ជាង​នេះ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​នានា​នៅ​តំបន់​ប៉ាស៊ីហ្វិក។ យើង​ជឿ​ថា កិច្ចប្រជុំ​ទាំង​ពីរ​នេះ​គឺជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ការ​ចាប់ផ្ដើម​នៃ​ភាព​ជា​ដៃគូ​ដោយ​ផ្ទាល់​ជាង​មុន​រវាង​ប្រទេស​ហ្វីជី​និង​សហរដ្ឋ​អាមេរិក នៅ​ក្នុង​យុគសម័យ​ថ្មី​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​និង​តំបន់​ប៉ាស៊ីហ្វិក»។

លោក Sayed-Khaiyum មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ទាំង​ពីរ​នេះ​ផ្ដោត​លើ​ការ​ប្ដេជ្ញា​ក្នុង​ការ​រក្សា​នូវ​នីតិរដ្ឋ​នៅ​ក្នុង​តំបន់ ដែល​ក្នុង​នោះ​រួម​មាន​ផងដែរ​នូវ​ច្បាប់​ដែនសមុទ្រ ក៏​ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ ការ​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស និង​ការ​ធានា​ថា «នេះ​គឺ​ជា​មហាសមុទ្រ​សម្រាប់​ការ​រុករក​និង​ការស្រាវជ្រាវ​ថ្មី មិនមែន​សម្រាប់​ការ​កេងប្រវ័ញ្ច​និង​ការ​បំផ្លិចបំផ្លាញ​នោះឡើយ»។

លោកBlinken បាន​គូស​បញ្ជាក់​ថា ប្រទេស​ហ្វីជី​គឺ​ជា​ប្រទេស​ដំបូង​បង្អស់​ដែល​បាន​ផ្ដល់​សច្ចានុមតិ​ដល់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ។ លោក​បាន​ថ្លែង​ទៀត​ថា ប្រទេស​ហ្វីជី​និង​តំបន់​ប៉ាស៊ីហ្វិក​នឹង​ទទួល​បាន «ថវិកា​ក្នុង​បរិមាណ​ច្រើន​គួរសម» ពី​ថវិកា​សរុប​ចំនួន ១៥០ ពាន់​លាន​ដុល្លារ ដែល​បាន​ព្រមព្រៀង​នៅ​ក្នុង​សន្និសីទ​ទីក្រុង Glasgow កាលពី​ឆ្នាំ​មុន សម្រាប់​ជា​ថវិកា​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ត្រឹម​ឆ្នាំ ២០៣០។

លោក Blinken បាន​ថ្លែង​ថា៖ «ដូច​ដែល​លោក​អ្នក​បាន​ឃើញ​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​រួច​មក​ហើយ លោក​ប្រធានាធិបតី Biden និង​សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ថា​នឹង​ដឹកនាំ​កិច្ច​ប្រឹងប្រែង​នេះ​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដើម្បី​ធានា​ថា​យើង​អាច​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ក្នុង​យុគ​សម័យ​របស់​យើង​បាន។ ក្នុង​នាម​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ទៅ​ក្នុង​បរិយាកាស​ច្រើន​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក និង​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ សហរដ្ឋ​អាមេរិក​បាន​បង្កើន​មហិច្ឆតា​របស់​ខ្លួន [សម្រាប់​កិច្ច​ប្រឹងប្រែង​នេះ]។ វា​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង​នៅក្នុង​ការ​ធ្វើ​ដូច្នេះ។ យើង​ក៏​កំពុង​លើក​ទឹកចិត្ត​និង​សហការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ដូចគ្នា​នេះ​ផងដែរ»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា «តំបន់​ប៉ាស៊ីហ្វិក​នៅតែ​ជា​តំបន់​មួយ​ដែល​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន ហើយ​សហរដ្ឋ​អាមេរិក​មាន​ចំណង​ទាក់ទង​ស៊ីជម្រៅ​និង​ជា​យូរយារ​ណាស់​មក​ហើយ​ជាមួយ​នឹង​ប្រទេស​ហ្វីជី​និង​ប្រទេស​ដទៃទៀត​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក»។

លោកBlinken បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ហ្វីជី​នេះ។ នៅក្នុង​ប្រទេស​អូស្ត្រាលី លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Quad ដែល​ជា​ក្រុម​ប្រទេស​ដៃគូ​ពិភាក្សា​ផ្នែក​សន្តិសុខ​ចតុភាគី ដែល​មាន​សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា​ជា​សមាជិក។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅកាន់​តំបន​ប៉ាស៊ីហ្វិក​នេះ​បាន​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ស្វះស្វែង​ពង្រឹង​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​នឹង​តំបន់​ប៉ាស៊ីហ្វិក​នេះ​ផងដែរ៕


ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG