ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចង់​ឱ្យ​រុស្ស៊ី​ចាកចេញ​ពី​គ្រប់​វេទិកា លើកលែង​តែ​តំបន់​អាកទិក


រូបឯកសារ៖ នាវា​ឆ្មាំ​ឆ្នេរ​សមុទ្រ​ Des Groseilliers របស់​ប្រទេស​កាណាដា ត្រូវបាន​គេឃើញ​នៅ​ជិត​សហគមន៍​តំបន់​អាកទិក Pond Inlet ក្នុង​តំបន់ Nunavut កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។
រូបឯកសារ៖ នាវា​ឆ្មាំ​ឆ្នេរ​សមុទ្រ​ Des Groseilliers របស់​ប្រទេស​កាណាដា ត្រូវបាន​គេឃើញ​នៅ​ជិត​សហគមន៍​តំបន់​អាកទិក Pond Inlet ក្នុង​តំបន់ Nunavut កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។

រដ្ឋបាល​លោក Biden ដែល​បាន​ព្យាយាម​ធ្វើ​ឲ្យ​ទីក្រុង​មូស្គូ​មាន​ភាព​ឯកោ​ខាង​ការទូត​នៅលើ​ឆាក​ពិភពលោក​ កំពុង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​ឡើងវិញ​នូវ​កិច្ច សហ​ប្រតិបត្តិការ​បច្ចេកទេស​ជាមួយ​រុស្ស៊ី​នៅក្នុង​តំបន់​ភូមិសាស្ត្រ​ដ៏​លំបាក​បំផុត​មួយ​របស់​ពិភពលោក គឺ​តំបន់​អាកទិក។

បន្ទាប់ពី​ការឈ្លានពានរបស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ សហរដ្ឋ​អាមេរិក​បាន​បញ្ចុះបញ្ចូល​ដោយ​ជោគជ័យ​ក្នុង​ការបណ្តេញ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចេញ​ពី​វេទិកា​អន្តរជាតិ​ផ្សេងៗ​ រួមទាំង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ និង​ទីភ្នាក់ងារ​អាកាសចរណ៍​អន្តរជាតិ​ផងដែរ។

កាលពី​ឆ្នាំមុន​ លោក​ប្រធានាធិបតី Joe Biden បាន​ឈាន​រហូត​ទៅ​ដល់​អំពាវនាវ​ឱ្យ​បណ្តេញ​រុស្ស៊ី​ចេញ​ពី​ក្រុម​នៃ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ​ចំនួន២០ ឬ G20​ ដែល​ជា​សំណើ​មួយ​ដែល​បាន​រលត់​ទៅវិញ​ដោយសារ​តែ​ខ្វះ​ការគាំទ្រ។ ប៉ុន្តែ​តំបន់​ប៉ូល​ គឺជា​កន្លែង​មួយ​ដែល​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​រារាំង​រុស្ស៊ី​ទាំងស្រុង​ទេ។

ជាពិសេស​នៅក្នុង​ក្រុមប្រឹក្សា​តំបន់​អាកទិក​ដែល​ជា​វេទិកា​មួយ​សម្រាប់​រដ្ឋ​ចំនួន​ប្រាំបី​នៃ​តំបន់​អាកទិក​ រួមទាំង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទូទៅ​ដូចជា​ការប្រែប្រួល​អាកាសធាតុ ផ្លូវ​ដឹកជញ្ជូន​ និង​សិទ្ធិ​ជនជាតិដើម​ភាគតិច។

មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​មួយ​រូប​បាន​និយាយ​ជាមួយ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ការពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​ថា៖ «រដ្ឋបាល​នេះ​ជឿជាក់​ថា​ ក្រុមប្រឹក្សា​អាកទិក​គួរតែ​បន្ត​ធ្វើជា​វេទិកា​កំពូល​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​ចំណោម​រដ្ឋអាកទិក​ រួមទាំង​លើ​និរន្តរភាព​ ការការពារ​បរិស្ថាន​ ការដោះស្រាយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​បញ្ហា​ផ្សេង​ទៀត​ដែល​មាន​សារៈសំខាន់​ចំពោះ​ប្រទេស​ជា​សមាជិក»។

ផែនទីតំបន់អាកទិក។
ផែនទីតំបន់អាកទិក។

ដោយ​សង្រ្គាម​នៅ​អ៊ុយក្រែន​ហាក់​មើល​មិន​ឃើញទីបញ្ចប់ រដ្ឋបាល​នេះ​នៅពេល​ឥឡូវនេះ​កំពុង​ធ្វើការ​ជាមួយ​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុមប្រឹក្សា​នេះ​ដែល​ក្នុង​នោះ​មាន កាណាដា ​ដាណឺម៉ាក​ ហ្វាំងឡង់ ​អ៊ីស្លង់ ន័រវែស ​និង​ស៊ុយអែត​ដើម្បី​បង្កើត​ទំនាក់​ទំនង​ឡើង​វិញ​មួយ​ចំនួន​ជាមួយ​ទីក្រុង​មូស្គូ​ដែល​ត្រូវ​បាន​ព្យួរ​ទាំងស្រុង​ភ្លាមៗ​បន្ទាប់ពី​ការលុកលុយ​របស់​រុស្ស៊ី។

ខណៈដែល​កម្មវិធីនានា​ត្រូវ​បាន​ផ្អាក​កាលពី​ឆ្នាំ​មុន​ រុស្ស៊ី​នៅតែ​ជា​ប្រធាន​ក្រុមប្រឹក្សា​នេះ​រហូតដល់ពេល​ត្រូវ​ប្រគល់​តំណែង​នេះ​ទៅ​ប្រទេស​ន័រវេស​ក្នុង​ខែឧសភា ​ឆ្នាំ​២០២៣។ លោក Morten Høglund ប្រធាន​ក្រុមប្រឹក្សា​នៃ​មន្ត្រី​ជាន់ខ្ពស់​អាកទិក​បាន​និយាយ​ថា​ ពួកគេ​មាន​បំណង​ចាប់ផ្តើម​ការងារ​លើ​កម្រិត​បច្ចេកទេស។

លោក Høglund បាន​ប្រាប់ VOA ថា​៖ «ក្រោម​ការដឹកនាំ​ជា​ប្រធាន​របស់​ន័រវេស​នៃ​ក្រុមប្រឹក្សា​អាកទិក​គឺ​កំពុង​ដំណើរ​ការពិគ្រោះ​យោបល់​ជាមួយ​រដ្ឋអាកទិក​ទាំងអស់​និង​អ្នកចូលរួម​អចិន្ត្រៃយ៍​ជនជាតិ​ដើម​ភាគតិច​ដើម្បី​បង្កើត​គោលការណ៍​ណែនាំ​សម្រាប់​បន្ត​ការងារ​កម្រិត​ក្រុម​ជាមួយ​រដ្ឋអាកទិក​ទាំងអស់​ រួមទាំង​សហព័ន្ធ​រុស្ស៊ី​ផងដែរ»។

ការទទួល​យក​របស់​រុស្ស៊ីបាន​បង្ហាញ​ថា ​រុស្ស៊ី​ចង់​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នេះ។

ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ការប្រគល់​តំណែង​ប្រធាន លោក Nikolay Korchunov មន្ត្រី​តំបន់​អាកទិក​របស់​រុស្ស៊ី​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​ចង់​បាន​«សន្តិសុខ​ដ៏​ទូលំ​ទូលាយ​នៅក្នុង​តំបន់» ហើយ​«ពិតជា​មិន​ចាប់​អារម្មណ៍​ក្នុង​ការបង្កើន​ភាពតានតឹង​នៅក្នុង​តំបន់​អាកទិក​ទេ»។

លោក Korchunov បាន​និយាយ​ថា​៖​ «អ្វី​ទាំងអស់​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការសុន្ទនា​ដែល​នឹង​ពង្រឹង​ការជឿ​ទុកចិត្ត​គ្នា»។

ការជឿ​ទុកចិត្ត​គ្នា​គឺ​ស្ថិត​ជា​កម្រិត​ខ្ពស់មួយ​សម្រាប់​ក្រុម​ប្រឹក្សា​ដែល​ផ្អែក​លើ​ការយល់​ស្រប​គ្នា​ទាំងស្រុង។ ដោយ​ប្រទេស​ហ្វាំងឡង់​ចូលរួម​ជាមួយ​អង្គការ​អូតង់​ក្នុង​ខែមេសា​ និង​ស៊ុយអែត​នឹង​ចូល​ក្នុង​ពេល​ឆាប់ៗ​នេះ​ ផលប្រយោជន៍​សន្តិសុខ​របស់​រុស្ស៊ី​ត្រូវ​បាន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​សម្ព័ន្ធមិត្ត​ឆ្លង​មហាសមុទ្រ​អាត្លង់ទិក​ ដែល​ឥឡូវនេះ​ហៅខ្លួន​ឯង​ថា​ ក្រុម​ប្រទេស​អាកទិក​ប្រាំពីរ។

ទោះបីជា​មាន​បញ្ហា​ប្រឈម​កាន់តែ​កើនឡើង​ ដូចជា​ផ្ទាំង​ទឹកកក​ដែល​រលាយ​យ៉ាង​ឆាប់​រហ័ស ការបាត់បង់​ជីវចម្រុះ​និង​តម្រូវការ​កើនឡើង​សម្រាប់​ការឆ្លើយតប​គ្រោះ​មហន្តរាយ​ គឺ​មាន​ជម្រើស​តិចតួច​ប៉ុណ្ណោះ​ដែល​នៅ​សេសល់​ហើយ​ត្រូវតែ​ស្វែងរក​ឱកាស​សហការគ្នា។

លោក Pavel Devyatkin ដែល​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​មួយ​រូប​នៅ​វិទ្យាស្ថាន​អាកទិក​ (Arctic Institute) ​បាន​និយាយ​ថា​ ភារកិច្ច​ឥឡូវនេះ​គឺ​ត្រូវ​ស្វែងរក​ចន្លោះ​ប្រហោង​ក្នុង​ពេល​ដែល​ទំនាក់ទំនង​ការទូត​បច្ចុប្បន្ន​នៅ​ទ្រឹង​ និង​កំណត់​កន្លែង​ណា​ដែល​កិច្ចសហ​ប្រតិបត្តិការ​វិទ្យាសាស្រ្ត​ និង​ទម្រង់​ផ្សេង​ទៀត​នៃ​ការសន្ទនា​មិនមែន​រដ្ឋាភិបាល​អាច​ធ្វើ​ទៅ​បាន​ និង​ដើម្បី​រៀបចំ​សម្រាប់​ដំណាក់កាល​ក្រោយ​ជម្លោះ។

លោក​បាន​ប្រាប់ VOA ថា​៖ «កិច្ចសហ​ប្រតិបត្តិការ​ជាក់ស្តែង​អាច​បង្កើត​ទំនុកចិត្ត ជាពិសេស​រវាង​គូប្រជែង។ ទោះបីជា​វិទ្យាសាស្ត្រ​កម្រិត​រដ្ឋាភិបាល​អាច​ត្រូវ​បាន​ដាក់​កម្រិត​ក៏ដោយ​ ក៏​កិច្ចសហ​ប្រតិបត្តិការ​នៅ​កម្រិត​បុគ្គល​នៅតែ​អាច​គ្រប់គ្រង​បាន​ ប៉ុន្តែ​មាន​ឧបសគ្គ​ជាច្រើន​ដូចជា​ការរឹត​បន្តឹង​ទិដ្ឋាការ ​និង​ស្ថានកុង​ស៊ុលបិទ​ទ្វារ»។

ហេតុផលសម្រាប់កិច្ចសហប្រតិបត្តិការ

ហេតុផល​ចម្បង​គឺ​ទំហំ​ផ្ទៃដី​ដ៏​ធំ​របស់​រុស្ស៊ី។ ដោយ​មាន​ផ្ទៃដី​ប្រហែល១៧លាន​គីឡូម៉ែត្រ​ការ៉េ រុស្ស៊ី​គ្របដណ្តប់​លើ៤៥ភាគរយ​នៃ​ភូមិសាស្ត្រ​តំបន់​អាកទិក​ ហើយ​ឆ្នេរសមុទ្រ​របស់​រុស្ស៊ី​មាន​ចំនួន៥៣ភាគរយ​នៃ​ឆ្នេរសមុទ្រ​នៃ​មហាសមុទ្រ​អាកទិក។

ដោយ​ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្តាល​ឱ្យ​ទឹកកក​ស្រក​ចុះ​ ការដឹកជញ្ជូន​អន្តរជាតិ​កំពុង​បង្កើន​ការប្រើប្រាស់​ផ្លូវ​សមុទ្រ​ខាងជើង​ឬ NSR ដែល​បើក​តាម​ឆ្នេរ​សមុទ្រ​របស់​រុស្ស៊ី​ពី​សមុទ្រ​ Barents ​ទៅច្រក​សមុទ្រ Bering។ កប៉ាល់​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ NSR​ ត្រូវការ​ការអនុញ្ញាត​ពី​ទីក្រុង​មូស្គូ ​និង​ការអម​ដំណើរ​ពី​កងនាវា​បំបែក​ទឹកកក​របស់​រុស្ស៊ី​ ដែល​ជា​កងនាវា​ធំជាង​គេ​បំផុត​នៅលើ​ពិភពលោក។

ទោះជា​យ៉ាងណា​ក៏ដោយ​«ការបាត់បង់​ដ៏​ធ្ងន់ធ្ងរ​បំផុត​គឺ​ការបាត់បង់​ទិន្នន័យ​របស់​រុស្ស៊ី»។ នេះ​បើ​តាម​ការថ្លែង​របស់​លោក Patrick James សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Southern California។

លោក​បាន​ប្រាប់ VOA ថា ​បើ​គ្មាន​ការចូលរួម​ពី​ទីក្រុង​មូស្គូ​ទេ ការស្រាវជ្រាវ​អាកាសធាតុ​នឹង​ត្រូវ​ប៉ះពាល់។ នេះ​រួម​បញ្ចូល​ទាំង​ការស្រាវជ្រាវ​សម្រាប់​កម្មវិធី​ត្រួតពិនិត្យ​និង​វាយ​តម្លៃ​តំបន់​អាកទិក​របស់​ក្រុម​ប្រឹក្សា​ ឬ AMAP ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​សារៈសំខាន់​សម្រាប់​គោល​នយោបាយ​សកល។ ការសិក្សា​របស់ AMAP ដែល​បង្ហាញ​ពី​ការកើនឡើង​នៃ​សារធាតុ​គីមី​ពុល​នៅក្នុង​ឈាម​នៃ​ប្រភេទ​សត្វ​នៅ​តំបន់​ប៉ូល​ដែល​មាន​សារៈសំខាន់​ចំពោះ​របប​អាហារ​របស់​ជនជាតិ​ដើម​ភាគតិច​បាន​ជួយ​បង្កើត​អនុសញ្ញា​ក្រុង​ស្តុកខុម​នៅ​ឆ្នាំ​២០០១ស្តីពី​ការបំពុល​សរីរាង្គ​ជា​ប្រចាំ។

ទំនាក់ទំនងចិន-រុស្ស៊ី

ការបន្ត​ដាក់ទណ្ឌកម្ម​ដោយ​លោក​ខាងលិច​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ពឹងផ្អែក​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែខ្លាំង​ឡើង​ជា​ប្រភព​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ថាមពល​ដូចជា​ស្ថានីយ​បង្ហូរ​ប្រេង Yamal LNG និង​ផែនការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​អភិវឌ្ឍ​តំបន់​អាកទិក។

អ្នកស្រី Stephanie Pezard អ្នកវិទ្យាសាស្ត្រ​នយោបាយ​ជាន់ខ្ពស់​ដែល​ផ្តោត​លើ​សន្តិសុខ​អាកទិក​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ RAND Corporation បាន​និយាយ​ថា៖«ការអភិវឌ្ឍ​ផ្លូវ​សមុទ្រ​ខាងជើង​គឺ​តែងតែ​ជា​គោលដៅ​របស់​រុស្ស៊ី។ ហើយ​ឥឡូវ​នេះ ពួកគេ​មិន​មាន​ដៃ​គូ​ណា​ម្នាក់​ធ្វើ​បែប​នោះ​ទេ លើក​លែង​តែ​ចិន»។

អ្នកស្រី​បាន​ប្រាប់ VOA ថា ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ការវិនិយោគ​លើ​កំពង់ផែ​សមុទ្រ​របស់​រុស្ស៊ី​នឹង​ជួយ​ដល់​ការចូល​ទៅកាន់​ផ្លូវ​សមុទ្រ​ខាងជើង។ ចិន​មិន​មាន​ឆ្នេរ​សមុទ្រ​អាកទិក​ទេ​ ប៉ុន្តែ​ហៅខ្លួន​ឯង​ថា​ ជា​«មហា​អំណាច​នៅជិត​អាកទិក»។

លោក Devyatkin នៃ​វិទ្យាស្ថាន​អាកទិក​បាន​និយាយ​ថា ​កម្រិត​នៃ​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​ប៉ូល​រុស្ស៊ី-ចិន​ គឺ​មិន​ច្បាស់លាស់​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ទោះបីជា​មាន​ការឃោសនា​ច្រើន​ជុំវិញ​ផ្លូវសូត្រ​តំបន់​ប៉ូលក៏ដោយ ក៏​មិន​មាន​ការដឹក​ជញ្ជូន​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្រៅ​ប្រទេស​របស់​ចិន​ ឬ ​COSCO ទេ​នៅ​ តាម​បណ្តោយ​ផ្លូវ​សមុទ្រ​ខាងជើង​ចាប់​តាំង​ពី​ខែកុម្ភៈ​ ឆ្នាំ​២០២២​ មកម្ល៉េះ។ វា​មិន​ទំនង​ទេ​ដែល​រុស្ស៊ី​នឹង​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​ចិន​អចិន្ត្រៃយ៍​នៅ ក្នុង​តំបន់​អាកទិក​ ដើម្បី​ប្រជែង​នឹង​តំបន់​ការពារ​របស់ខ្លួន​នៅក្នុង​តំបន់»។

លោក Matthew Funaiole ជា​អ្នកជំនាញ​ជាន់ខ្ពស់​នៃ​គម្រោង​ថាមពល​ចិន​នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​ការសិក្សា​អន្តរជាតិ​បាន​និយាយ​ថា​ តាម​ទស្សនៈ​របស់​ទីក្រុង​ប៉េកាំង​ វា​មាន​ដែនកំណត់​ចំពោះ​ថា​តើ​ចិន​គួរ​ស្វែងរក​ការសម្រប​តាម​កម្រិត​ណា​ជា មួយ​ទីក្រុង​មូស្គូ​ ខណៈដែល​ខ្លួន​ព្យាយាម​លើក​កម្ពស់​ខ្លួនឯង​ថា​ជា​អ្នកពាក់ព័ន្ធ​ដែល​មាន​ទំនួល​ខុសត្រូវ​ដែល​សម​នឹង​ទទួល​បាន​សំឡេង​នៅក្នុង​កិច្ចការ​តំបន់​អាកទិក។

ហើយ​ខណៈពេល​ដែល​តំបន់​ប៉ូល​កំពុង​លេចចេញ​ជា​លំហ​ដែល​មាន​ភាពតានតឹង​លើ​ផ្នែក​រចនា​សម្ព័ន្ធ​ជាច្រើន​ លោក Funaiole បាន​និយាយ​ថា​វា​លឿន​ពេក​ក្នុង​ការសន្និ ដ្ឋាន​ថា​វា​បាន​ក្លាយ​ជា​មុខ​ព្រួញ​មួយ​ផ្សេង​ទៀត​សម្រាប់​ការប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ ដែល​ជា​ទីលាន​ប្រកួត​ចម្បង​នៅតែ​ស្ថិត​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ លោក​បាន​ប្រាប់ VOA ថា៖ «​តំបន់​អាកទិក​នឹង​មិន​ជំនួស​បញ្ហា​នោះ ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក ម៉ែន គឹមសេង

XS
SM
MD
LG