ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​កំពូល​អាមេរិក​និង​រុស្ស៊ី នឹង​ជួបគ្នា​នៅ​ប្រទេស​អ៊ីស្លង់


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​ទៅកាន់​បុគ្គលិក​នៅ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង Reykjavik នៃ​ប្រទេស​អ៊ីស្លង់ កាលពី​ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Sergey Lavrov គ្រោង​នឹង​ជួប​គ្នា​នៅ​ថ្ងៃពុធ​នេះ​ នៅខាង​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ក្រុមប្រឹក្សា​តំបន់​អាក់ទិក​នៅទី​ក្រុង Reykjavik នៃ​ប្រទេស​អ៊ីស្លង់។

វា​នឹង​ក្លាយ​ជា​ការ​ប្រជុំ​ទល់មុខ​គ្នា​លើក​ដំបូង​របស់​អ្នក​ការទូត​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​និង​រុស្ស៊ី​ ហើយ​វា​ធ្វើ​ឡើង​នៅពេល​ប្រទេស​ទាំងពីរ​ មានភាព​តានតឹង។ កិច្ច​ប្រជុំ​នេះ ​នឹង​កំណត់​កម្មវិធី​សម្រាប់​កិច្ច​ប្រជុំកំពូល​ដែល​បាន​គ្រោង​ធ្វើ​នៅខែ​ក្រោយ​រវាង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​មេដឹក​នាំ​រុស្ស៊ី​លោក Vladimir Putin។

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា សម័យ​ប្រជុំ​នា​រសៀល​ថ្ងៃ​ពុធ​នេះ «នឹង​ផ្តល់​ឱកាស​ដើម្បី​សាកល្បង​ថា​ តើ​យើង​អាច​សម្រេច​បានទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដែល​អាច​ទុក​ចិត្ត​បាន ​និង​អាច​ព្យាករណ៍​បាន ​ឬ​យ៉ាងណា»។

លោក Blinken កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​ទទូចសហគមន៍​ពិភពលោក​ឱ្យ​ចៀសវាង​ការ ដាក់ពង្រាយ​យោធា​នៅ​តំបន់​អាក់ទិក។ កន្លង​មក​សហ​រដ្ឋ​អាមេរិក​បាន​ចោទថា ប្រទេស​រុស្ស៊ី​បាន​តម្រូវ​ឱ្យ​នាវា​បរទេស​សុំការ​អនុញ្ញា​ពី​ខ្លួន​ដើម្បី​ឆ្លង​កាត់​តំបន់​នេះ​ និង​អនុញ្ញាត​ឱ្យ​អ្នក​បើក​យន្តហោះ​តាម​សមុទ្រ​របស់​ប្រទេស​រុស្ស៊ី​ ចតលើ​នាវា ​ហើយ​គំរាមនាវា​ដែល​មិន​ធ្វើ​តាម។​

លោក Blinken បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួមគ្នា​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីស្លង់​ថា «យើង​បាន​ឃើញ​ប្រទេស​រុស្ស៊ី​ទាមទារ​ដែន​សមុទ្រ​ខុសច្បាប់​ ជាពិសេស​បទ​បញ្ញត្តិ​ត្រួតត្រា​នាវា​បរទេស​ដែល​ឆ្លងកាត់​សមុទ្រ​ខាងជើង។ ការ​ទាមទារ​នេះ​ មិន​ស្របនឹង​ច្បាប់​អន្តរជាតិ​ទេ»។

ការលើក​ឡើង​របស់​លោក Blinken ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក ​Lavrov ​បាន​ព្រមាន​ប្រទេស​លោក​ខាងលិច​ កុំ​ឲ្យ​ទាមទារ​សិទ្ធិ​លើ​តំបន់​អាក់ទិក៕

XS
SM
MD
LG