បន្ទាប់ពីបានរាំងស្ទះអស់រយៈពេលរាប់ឆ្នាំ ប្រទេសចិនកំពុងចាប់ផ្ដើមជំហានដំបូងរបស់ខ្លួននៅក្នុងការស្ដារឡើងវិញនូវគម្រោងបែបវិទ្យាសាស្ត្ររបស់ខ្លួននៅលើដីនៅតំបន់អាកទិក ដោយបញ្ជូនបុគ្គលិកទៅកាន់ស្ថានីយចំនួនពីរដែលមានសារៈសំខាន់ចំពោះគោលនយោបាយរបស់ខ្លួនក្នុងការបង្កើតប្រទេសចិនឱ្យក្លាយជាប្រទេសមួយ «នៅក្បែរតំបន់អាកទិក»។
ឯកសារគោលនយោបាយអាកទិករបស់ចិន ដែលត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ ២០១៨ បានឱ្យដឹងថា ការស្រាវជ្រាវវិទ្យាសាស្ត្រដើម្បី «រុករកនិងស្វែងយល់» អំពីតំបន់អាកទិកគឺជា «អាទិភាពនិងការផ្ដោត» នៃការចូលរួមរបស់ចិននៅក្នុងកិច្ចការតំបន់អាកទិក។
ក្នុងរយៈពេលជាង ១៤ ឆ្នាំមកនេះចាប់តាំងពីឆ្នាំ ២០០៤ មក ចិនបានចាប់ផ្ដើមអនុវត្តគម្រោងវិទ្យាសាស្ត្រជាច្រើននៅក្នុងតំបន់អាកទិកនៃប្រទេសនៅអឺរ៉ុបខាងលិចចំនួន ៤ ដែលមានប្រទេសន័រវែស អ៊ីស្លង់ ស៊ុយអែត និងហ្វាំងឡង់ និងបានព្យាយាមអនុវត្តនូវគម្រោងដូចគ្នានេះដែរនៅក្នុងតំបន់ទី ៥ ដែលនោះគឺកោះ Greenland ដែលជាកោះស្វយ័តរបស់ប្រទេសដាណឺម៉ាក។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលបានបោះពុម្ពផ្សាយយុទ្ធសាស្ត្រផ្ទាល់ខ្លួនដែលមានឈ្មោះថា «យុទ្ធសាស្ត្រជាតិសម្រាប់តំបន់អាកទិក» កាលពីខែតុលា បានឱ្យដឹងថា គម្រោងបែបវិទ្យាសាស្ត្រទាំងនោះបានជួយប្រទេសចិនបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាកទិក និង «បានបង្កើនកាន់តែខ្លាំងឡើង» នូវការប្រកួតប្រជែងយុទ្ធសាស្ត្រនៅក្នុងតំបន់មួយដែលសហរដ្ឋអាមេរិកគឺជាមហាអំណាចជាយូរមកហើយ។
ឯកសារយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនេះបានលើកឡើងថា ប្រទេសចិនបាន «ប្រើការប្រឡូកបែបវិទ្យាសាស្ត្រទាំងនេះដើម្បីធ្វើការស្រាវជ្រាវសម្រាប់ការប្រើប្រាស់ផ្នែកស៊ើបការណ៍សម្ងាត់ឬយោធានៅក្នុងតំបន់អាកទិក» ដែលតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវឆ្លើយតបតាមរយៈការធ្វើឱ្យខ្លួនស្ថិតក្នុងគោលជំហរមួយដែលអាច «ប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនិងគ្រប់គ្រងភាពតានតឹង» នៅក្នុងតំបន់បាន។
កាសែត Global Times របស់រដ្ឋាភិបាលចិនបានឆ្លើយតបយ៉ាងលឿនចំពោះយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដោយចេញផ្សាយនូវអត្ថបទមួយដែលបានដកស្រង់នូវសម្ដីរបស់អ្នកវិភាគរបស់ចិនថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយកសកម្មភាពរបស់ចិននៅតំបន់អាកទិច «ធ្វើនយោបាយ»។
អត្ថបទនោះបានឱ្យដឹងទៀតថា អ្នកវិភាគទាំងនោះមើលឃើញថាសហរដ្ឋអាមេរិក «កំពុងប្រើប្រាស់ការប្រកួតប្រជែងកាន់តែខ្លាំងឡើង» ដើម្បីជាលេសនៅក្នុងការព្យាយាមគ្រប់គ្រងតំបន់អាកទិក បន្ទាប់ពីមើលឃើញនូវតម្លៃផ្នែកសេដ្ឋកិច្ចនិងយោធាកាន់តែខ្លាំងឡើងនៅក្នុងតំបន់នោះ។
បើទោះបីជាខ្លួនវាយប្រហារដោយពាកសម្ដីជាសាធារណៈលើសហរដ្ឋអាមេរិកក៏ដោយ ក៏រដ្ឋាភិបាលចិនមិនបានបកស្រាយច្រើននោះទេអំពីដំណើររាំងស្ទះចំពោះគម្រោងបែបវិទ្យាសាស្ត្ររបស់ខ្លួននៅលើដីនៅតំបន់អាកទិកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងអំពីវិធានការថ្មីៗរបស់ខ្លួននៅក្នុងការស្ដារគម្រោងមួយចំនួននៃគម្រោងទាំងអស់នេះឡើងវិញ។
អ្នកស្រាវជ្រាវនានាអំពីតំបន់អាកទិកបានប្រាប់ VOA ថា នាពេលថ្មីៗនេះ ប្រទេសចិនបានបញ្ជូននិងប្រកាសអំពីផែនការនៅក្នុងការបញ្ជូនមនុស្សមួយចំនួនក្នុងពេលឆាប់ៗខាងមុខនេះទៅកាន់ស្ថានីយវិទ្យាសាស្ត្រដ៏សំខាន់បំផុតរបស់ខ្លួនចំនួនពីរនៅក្នុងប្រទេសន័រវែសនិងប្រទេសអ៊ីស្លង់ បន្ទាប់ពីអវត្តមានអ្នកវិទ្យាសាស្ត្រចិនអស់រយៈពេលជាយូរមកហើយនៅក្នុងស្ថានីយទាំងពីរនេះ។
ប៉ុន្តែ គេមិនឃើញមានសញ្ញាណាមួយបង្ហាញថាចិនកំពុងព្យាយាមស្ដារឡើងវិញនូវគម្រោងវិទ្យាសាស្ត្រពីរទៀតនៅក្នុងប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់នោះទេ ដែលនៅទីនោះស្ថាប័នជាតិនានាបានប្រាប់ VOA ថា សកម្មភាពរបស់ចិនគ្រោងនឹងបញ្ចប់ឬបានបញ្ចប់រួចហើយ។
វិទ្យាស្ថានស្រាវជ្រាវ The Polar Research Institute of China (PRIC) របស់ចិនកាលពីពេលថ្មីៗនេះបានចុះបញ្ជីគម្រោងចំនួនបីនៅក្នុងសហគមន៍វិទ្យាសាស្ត្រ Ny-Alesund ក្នុងប្រជុំកោះ Svalbard នៃប្រទេសន័រវែស ដែលនៅទីនោះខ្លួនបានជួលនិងធ្វើប្រតិបត្តិការក្នុងអាគារមួយខ្នងរបស់ន័រវែសចាប់តាំងពីឆ្នាំ ២០០៤ មក។
ចិនបានហៅអាគារដែលខ្លួនធ្វើប្រតិបត្តិការនោះថាជាស្ថានីយ Yellow River ដែលជាស្ថានីយនៅលើដីនៅក្នុងតំបន់អាកទិចដំបូងបង្អស់របស់ខ្លួន។ វិទ្យាស្ថានស្រាវជ្រាវ PRIC បានចុះបញ្ជីគម្រោងទាំងនោះនៅលើទំព័រវេបសាយ Research in Svalbard របស់ន័រវែស។
នៅក្នុងវេទិកាមួយកាលពីខែតុលានៅមជ្ឈមណ្ឌល Wilson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Devon Brennan ប្រធានផ្នែកសន្ដិសុខដែនសមុទ្រនិងអាកទិកនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមរិក បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ការកេងប្រយោជន៍របស់ចិនលើធនធាននៅតំបន់អាកទិកដូចជាជលផលនិងអ៊ីដ្រូកាបូនជាដើម អាចជាការចាកឆ្ងាយចេញពីអ្វីដែលលោកបានហៅថាជារបៀបរៀបរយអន្តរជាតិដែលផ្អែកលើច្បាប់។
ប៉ុន្តែ លោក Brennan ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកទទួលស្គាល់ថាចិនមាន «ចំណាប់អារម្មណ៍ខ្លាំងក្លា» នៅក្នុងតំបន់នោះ។
លោកបញ្ជាក់ដូច្នេះថា៖ «បើទោះបីជាកត្តាសំខាន់បំផុតយើងចង់ធ្វើការជាមួយនឹងដៃគូនិងសម្ព័ន្ធមិត្តរបស់យើងដែលមានគោលគំនិតដូចគ្នានៅក្នុងតំបន់អាកទិចក៏ដោយ ក៏នៅមានចំណុចដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសដទៃទៀតដែលមិនស្ថិតនៅក្នុងតំបន់អាកទិកផងដែរដើម្បីធ្វើឱ្យតំបន់នេះមានភាពប្រសើរឡើង»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា
ចិនចាប់ផ្ដើមស្ដារគម្រោងវិទ្យាសាស្ត្ររបស់ខ្លួននៅតំបន់អាកទិកឡើងវិញក្រោយរាំងស្ទះមួយរយៈ
វ៉ាស៊ីនតោន —