ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធានាធិបតី​ស.រ.អា.​​បំពេញ​ទស្សន​កិច្ច​​​ទៅ​ប្រទេស​អ៊ីរ៉ាក់​ដោយ​ស្ងាត់ៗ​ដើម្បី​សួរ​សុខ​ទុក្ខ​ក្រុម​ទាហាន​ស.រ.អា.​នៅ​ទី​នោះ


លោក​អនុ​ប្រធានាធិបតី Mike Pence និង​ភរិយា​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស Al Asad ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អីរ៉ាក់ និង​រៀបចំ​ពីធីបុណ្យ​ថ្លែង​អំណរ​គុណ​ព្រះ (Thanksgiving)។
លោក​អនុ​ប្រធានាធិបតី Mike Pence និង​ភរិយា​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស Al Asad ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អីរ៉ាក់ និង​រៀបចំ​ពីធីបុណ្យ​ថ្លែង​អំណរ​គុណ​ព្រះ (Thanksgiving)។

កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​អនុប្រធានាធិបតី​ស.រ.អា.​ Mike Pence ​បាន​ទៅ​បំពេញ​ទស្សនកិច្ចដោយ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ជា​មុន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​សួរ​សុខ​ទុក្ខ​ក្រុម​ទាហាន​ស.រ.អា.​នៅ​ទី​នោះ។

នៅ​ក្រោយ​លោក​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅ​ដល់​មូល​ដ្ឋាន​កង​ទ័ព​អាកាស​ Al-Assad ​ក្នុង​ប៉ែក​ខាង​លិច​នៃ​ប្រទេស​អ៊ីរ៉ាក់​ដោយ​មាន​ការ​អម​ដំណើរ​ដោយ​ភរិយា​លោក​ គឺ​លោក​ស្រី​ Karen Pence ​ផង​នោះ​ លោក​អនុប្រធានាធិបតី​និង​ភរិយា​លោក​បាន​ជួប​ជាមួយ​ក្រុម​ទាហាន​ស.រ.អា.​តាំង​ទី​នៅ​ទីនោះ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​រំលឹក​គុណ​ព្រះអាទិទេព​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Thanksgiving។

លោក​ Pence ​ក៏​បាន​ជួប​ជាមួយ​លោក​ Nechirvan Barzani​ ប្រធានាធិបតី​នៃ​តំបន់ Kurdistan ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែរ។​

ជំនួប​នេះ​ជា​ការ​ប៉ុន​ប៉ង​មួយ​ដើម្បី​ធានា​រ៉ាប់​រង​ដល់​ក្រុម​ជន​អំបូរ​ឃើដ​ អ៊ីរ៉ាក់​អំពី​ការ​គាំទ្រ​របស់​ស.រ.អា.​នៅ​ក្រោយ​សេចក្តី​សម្រេច​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ក្នុង​ការ​ដក​ពួក​ទាហាន​អាមេរិកាំង​ចេញ​ពីផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​រង​ការ​រិះគន់​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ក្បត់​ពួក​សម្ព័ន្ធមិត្ត ឃើដ​ នៅ​ទីនោះ។​

លោក ​Pence ​និង​ភរិយា​បាន​ពិសារ​អាហារ​ពេល​យប់​តាម​ប្រពៃណី​បុណ្យ Thanksgiving ​ជាមួយ​ពួក​ទាហាន​ស.រ.អា.​ដែល​មាន​រួម​បញ្ចូល​សាច់​មាន់​បារាំង, សាច់​អាំង​ និង​ផ្លែ​ cranberry ។ល។

លោក​អនុប្រធានាធិបតី​ក៏​បាន​ស្តាប់​ការ​និយាយ​ត្រួសៗ​អំពី​ព័ត៌មាន​សម្ងាត់​ពី​កង​យោធា​ស.រ.អា.​ ហើយ​លោក​ក៏​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីអ៊ីរ៉ាក់​ Adel Abdul Mahdi ផងដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Pence ​មាន​ឡើង​នៅ​ពេល​មាន​បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​តុលា។​ បើ​តាមប្រភព​យោធា​អ៊ីរ៉ាក់​និង​ពួក​សកម្មជន​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​សុក្រ​មាន​មនុស្ស​បី​នាក់​បាន​ត្រូវ​សម្លាប់ និង​ជាង​២៤​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ពេល​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​ប៉ះ​ទង្គិច​ជាមួយ​ពួកបាតុករនៅ​កណ្តាលក្រុង​បាក​ដាដ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG