គណៈកម្មាធិការស៊ើបការសម្ងាត់នៃសភាសហរដ្ឋអាមេរិកគ្រោងនឹងបើកសវនាការលើករណីស៊ើបអង្កេតបទចោទប្រកាន់ប្រធានាធិបតីនៅថ្ងៃអង្គារនេះ ដោយមានការសាកសួរកស្សិណសាក្សីជាច្រើននាក់ជាជំនួយការកំពូលផ្នែកសន្តិសុខជាតិ ដែលមានឈ្មោះនៅក្នុងបញ្ជីនៃការសន្ទនាតាមទូរស័ព្ទកាលពីខែកក្កដារវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy។
អ្នកស្រី Jennifer Williams ជំនួយការរបស់អនុប្រធានាធិបតីលោក Mike Pence និងវរសេនីយ៍ទោ Alexander Vindman អ្នកជំនាញការជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែននឹងថ្លែងទៅកាន់សមាជិកសភាក្នុងសវនាការនៅពេលព្រឹក។ អ្នកទាំងពីរបានបង្ហាញក្តីកង្វល់អំពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ដែលជាចំណុចផ្តោតសំខាន់នៅក្នុងការស៊ើបអង្កេតអំពីកិច្ចប្រឹងប្រែងរបស់លោក Trump ដើម្បីដាក់សម្ពាធលើមន្រ្តីអ៊ុយក្រែនឲ្យធ្វើការស៊ើបអង្កេតទៅលើគូប្រជែងនយោបាយរបស់លោក។
សម្រាប់សវនការនៅពេលរសៀល គណៈកម្មាធិការនឹងបានស្តាប់ការធ្វើសក្ខីកម្មពីលោក Kurt Volker អតីតប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន និងលោក Tim Morrison អ្នកដែលធ្លាប់កាន់តំណែងជានាយកជាន់ខ្ពស់សម្រាប់កិច្ចការអឺរ៉ុប និងរុស្ស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិ ដែលទើបលាចេញពីតំណែងកាលពីខែមុន៕