កាលពីថ្ងៃពុធ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលបានប្រមូលផ្តុំនៅក្នុងក្រុងបាកដាដ និងក្នុងតំបន់ខាងត្បូងរដ្ឋធានីនៅពេលដែលរដ្ឋាភិបាលអ៊ីរ៉ាក់ប្រឈមនឹងកំណើនគំនាបសង្កត់ឱ្យឆ្លើយតបនឹងបាតុកម្មច្រើនសប្តាហ៍មកហើយ។
នៅក្រោយមានការធូរស្រាលពីរបីថ្ងៃក្រោយមានការបង្ក្រាបដោយកងកម្លាំងសន្តិសុខនៅក្នុងក្រុងបាកដាដ និងក្រុងធំៗក្នុងប៉ែកខាងត្បូងប្រទេស បាតុកម្មបានកើនជាថ្មីកាលពីថ្ងៃពុធ។
នៅពេលដែលពួកបាតុករគ្រវែងកំប៉ុងឧស្ម័ននាំឱ្យចេញទឹកភ្នែកដាក់កងកម្លាំងសន្តិសុខវិញនៅក្នុងក្រុងបាកដាដ ក្រុមនិស្សិតប្រមាណ៨រយនាក់បានវិលត្រឡប់ទៅកាន់ជំរំមួយនៅក្នុងក្រុង Basra នាប៉ែកខាងត្បូងប្រទេសនៅក្រោយបានត្រូវបង្ខំឱ្យចេញពីទីនោះដោយប៉ូលិសទប់ទល់នឹងកុប្បកម្ម។
សមាជិកសភានៃប្រទេសអ៊ីរ៉ាក់នឹងប្រជុំគ្នានៅល្ងាចថ្ងៃពុធ ដើម្បីស្តាប់លោកស្រី Jeanine Hennis-Plasschaerd មេដឹកនាំបេសកកម្មអ.ស.ប.ក្នុងប្រទេសអ៊ីរ៉ាក់និយាយប្រាប់ត្រួសៗអំពីសម្ព័ន្ធភាពនយោបាយនិងអំពីជំនួបរបស់លោកស្រីជាមួយ Grand Ayatollah Ali Sistani ដែលជាអាជ្ញាធរកំពូលរបស់ក្រុមអ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីតនៃប្រទេសអ៊ីរ៉ាក់។
Ayatollah Sistani គាំទ្រផែនការមួយរបស់អ.ស.ប.ដើម្បីដោះស្រាយវិបត្តិនេះ។ផែនការនេះអំពាវនាវឱ្យមានការបញ្ចប់អំពើហិង្សាជាបន្ទាន់ ឱ្យមានកំណែទម្រង់ការបោះឆ្នោត និងវិធានការប្រឆាំងនឹងអំពើពុករលួយហើយបន្ទាប់មកឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញនិងសេចក្តីព្រាងច្បាប់ស្តីពីហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ចាប់តាំងពីបាតុកម្មប្រឆាំងនឹងអំពើពុករលួយខាងនយោបាយ ការគ្មានកាងារធ្វើនិងសេវាសាធារណៈមិនល្អចាប់ផ្តើមកាលពីថ្ងៃទី១ខែតុលាមក មានមនុស្សយ៉ាងតិចណាស់៣០០នាក់បានត្រូវសម្លាប់--ភាគច្រើនដោយកងកម្លាំងសន្តិសុខដែលបានបាញ់គ្រាប់កាំភ្លើងមែនទែនទៅក្នុងហ្វូងមនុស្ស។
ក៏ប៉ុន្តែទោះណាជាយ៉ាងណាក៏ដោយក៏អំពើហិង្សាទាំងនេះបានផលតែបន្តិចបន្តួចក្នុងការបំបាក់ទឹកចិត្តក្រុមបាតុករមិនឱ្យដើរធ្វើបាតុកម្មនៅតាមផ្លូវថ្នល់ក្នុងប្រទេសអ៊ីរ៉ាក់ទេ។