ការផ្ដល់សក្ខីកម្មនៅក្នុងសវនាការសាធារណៈនៅក្នុងរដ្ឋសភាអាមេរិកដើម្បីស៊ើបអង្កេតចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីដូណាល់ ត្រាំពីតំណែងបានប្រព្រឹត្តទៅអស់រយៈពេលជាង១១ម៉ោងកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកតំណាងរាស្ត្រនៅក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់បានស្ដាប់ឮពាក្យពេចន៍ពីសាក្សីបួននាក់ ដែលក្នុងចំណោមនោះ បីនាក់បានស្ដាប់ឮដោយផ្ទាល់នូវការសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីត្រាំ ជាមួយនឹងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy។ នៅក្នុងការសន្ទនានោះ លោកត្រាំ បានស្នើឲ្យលោក Zelenskiy បើកការស៊ើបអង្កេតទៅលើបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden។
លោកឧត្តមសេនីយ៍ Alexander Vindman ដែលជាអ្នកជំនាញកំពូលទទួលបន្ទុកប្រទេសអ៊ុយក្រែននៅក្នុងក្រុមប្រឹក្សាសន្ដិសុខជាតិរបស់សេតវិមាន និងក៏ជាសាក្សីម្នាក់ក្នុងចំណោមនោះដែលបានផ្ដល់សក្ខីកម្មបានថ្លែងថា ការសន្ទនារបស់លោក ត្រាំ គឺជារឿង«មិនសមស្របនិងមិនត្រឹមត្រូវនោះទេ»។
លោកVindman បាននិយាយថា សំណើរបស់លោក ត្រាំ ឲ្យបើកការស៊ើបអង្កេតលើលោក Biden មិនពាក់ព័ន្ធនឹងផលប្រយោជន៍ផ្នែកសន្ដិសុខជាតិរបស់អាមេរិកទាល់តែសោះ ហើយរឿងនោះក៏មិនមែនជាចំណុចដែលលោក Vindman និងមន្ត្រីផ្សេងទៀត បានត្រៀមទុកជាមុនសម្រាប់ឲ្យលោកត្រាំពិភាក្សានោះដែរ។
អ្នកស្រី Jennifer Williams ដែលជាទីប្រឹក្សាកិច្ចការបរទេសរបស់លោកអនុប្រធានាធិបតី Mike Pence គឺជាសាក្សីម្នាក់ទៀតដែលបានផ្ដល់សក្ខីកម្មកាលពីថ្ងៃអង្គារ។ អ្នកស្រីបានស្ដាប់ឮការសន្ទនានោះ ហើយនិយាយថា សំណើរបស់លោក ត្រាំ ឲ្យស៊ើបអង្កេតលើលោក Biden គឺជារឿងខុសប្លែកពីធម្មតាមួយ ដោយសារតែរឿងនេះពាក់ព័ន្ធនឹងបញ្ហានយោបាយក្នុងប្រទេស ហើយមិនមែនជាគោលនយោបាយការបរទេសនោះទេ។
ចំណែកសាក្សីម្នាក់ទៀតគឺលោកឯកអគ្គរដ្ឋទូត Kurt Volker ដែលជាអតីតបេសកជនពិសេសរបស់អាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងការផ្ដល់សក្ខីកម្មអសាធារណៈថា លោកមិនឃើញថាមានអ្វីពាក់ព័ន្ធគ្នារវាងការដាក់សម្ពាធរបស់លោក ត្រាំ ទៅលើប្រទេសអ៊ុយក្រែនឲ្យបើកការស៊ើបអង្កេតលើលោក Biden និងការផ្អឹបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែនដែលមានទឹកប្រាក់ជិត៤០០លានដុល្លារនោះទេ។
សាក្សីទីបួនគឺលោក Tim Morrison ដែលជានាយកកំពូលទទួលបន្ទុកកិច្ចការអឺរ៉ុបនៅក្នុងក្រុមប្រឹក្សាសន្ដិសុខជាតិបានផ្ដល់សក្ខីកម្មនៅថ្ងៃអង្គារដូចគ្នានោះថា លោកមិនបានស្ដាប់ឮអ្វីនៅក្នុងការសន្ទនាតាមទូរស័ព្ទរបស់លោក ត្រាំ កាលពីខែកក្កដានោះ ថាជារឿងខុសច្បាប់នោះទេ។
ប៉ុន្តែលោក Morrison ថ្លែងថា លោកគិតថា ការស៊ើបអង្កេតលើលោក Biden មិនគួរជាគោលបំណងនៃគោលនយោបាយនោះទេ៕