លោក Nguyen Xuan Phuc ប្រធានាធិបតីវៀតណាមបានប្រកាសអំពីទស្សនកិច្ចរបស់លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris កាលពីថ្ងៃទី២៩ ខែកក្កដា នៅពេលលោកជួបក្នុងទីក្រុងហាណូយជាមួយលោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិកដែលជាមន្ត្រីទីមួយក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋបាលលោកប្រធានាធិបតី Biden ដែលធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាម។
លោកស្រី Symone Sanders ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានអ្នកនាំពាក្យប្រចាំសេតវិមានបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅថា លោកស្រី Harris «នឹងពិភាក្សាជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរលើបញ្ហាដែលជាផលប្រយោជន៍រួម ដែលរួមមានបញ្ហាសន្តិសុខក្នុងតំបន់ ការឆ្លើយតបជាសាកលចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងកិច្ចប្រឹងប្រែងរួមរបស់យើងក្នុងការលើកកម្ពស់ស្ថិរភាពអន្តរជាតិផ្អែកលើនីតិរដ្ឋ»។
លោកស្រី Sanders បានថ្លែងថា៖ «ទស្សនកិច្ចនៅពេលខាងមុខនេះនឹងបន្តការពង្រឹងចំណងទាក់ទងរបស់យើងនៅអាស៊ីអាគ្នេយ៍»។
ទស្សនកិច្ចនេះនឹងក្លាយជាទស្សនកិច្ចជាលើកដំបូងរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់វៀតណាមចាប់តាំងពីពេលវៀតណាមខាងជើង និងខាងត្បូងបានរួបរួមគ្នាឡើងវិញជាផ្លូវការនៅខែកក្កដា ឆ្នាំ១៩៧៥។ កាលពីឆ្នាំ១៩៦២ លោក Lyndon Johnson និងកាលពីឆ្នាំ១៩៥៦ លោក Richard Nixon បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្រៃនគរ នៅពេលដែលលោកទាំង២ជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។ នៅពេលនោះ ព្រៃនគរ ជារដ្ឋធានីរបស់វៀតណាមខាងត្បូង។
លោករដ្ឋមន្ត្រីការពារប្រទេស Austin បានធ្វើដំណើរទៅកាន់វៀតណាមកាលពីចុងខែកក្កដា ក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ខ្លាំងក្លា និងតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ Moderna ចំនួន ៣ លានដូសទៅឱ្យវៀតណាម។ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងទៅឱ្យប្រទេសវៀតណាមសរុបចំនួន ៥ លានដូស នេះបើបូកទាំងវ៉ាក់សាំងចំនួន ៣ លានដូសលើកនេះ។
លោក Austin បានប្រាប់លោកប្រធានាធិបតីវៀតណាមថា៖ «យើងទន្ទឹងរង់ចាំជួយបន្តទៀតទៅតាមមធ្យោបាយផ្សេងៗ ហើយមិនមានភ្ជាប់លក្ខខណ្ឌអ្វីទេ។ នេះជាអ្វីដែលប្រទេសជាមិត្តធ្វើដើម្បីជួយគ្នាក្នុងគ្រាអាសន្ន»។
ការទប់ទល់នឹងចិន
លោករដ្ឋមន្ត្រី Austin ក៏ចង់ពង្រឹងចំណងទាក់ទងជាមួយរដ្ឋាភិបាលក្រុងហាណូយដែរ នៅពេលដែលប្រទេសចិនបង្កើនសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង។
លោក John Kirby អ្នកនាំពាក្យក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅថាប្រទេសវៀតណាមស្ថិតនៅក្នុងផ្នែកមួយនៃពិភពលោក ដែលចិនកាន់តែគឃ្លើន ដូច្នេះវាមានសារៈសំខាន់ណាស់ដែលលោករដ្ឋមន្ត្រីធ្វើដំណើរទៅទីនោះ»។
រដ្ឋាភិបាលក្រុងហាណូយបង្ហាញកាន់តែខ្លាំងឡើងៗពីជំហរប្រឆាំងនឹងការទាមទារដែនដីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។ នាវាចិនត្រូវបានចោទប្រកាន់ពីការធ្វើទុក្ខបុកម្នេញក្រុមហ៊ុនអភិវឌ្ឍន៍ប្រេង និងឧស្ម័ននៅឆ្នេរសមុទ្រវៀតណាម ដែលរារាំងដល់ការអភិវឌ្ឍថាមពលរបស់ក្រុមហ៊ុនទាំងនោះ។
កាលពីមុន សហរដ្ឋអាមេរិកបានផ្តល់នាវាយាមល្បាតឱ្យវៀតណាមដើម្បីជួយបង្កើនសមត្ថភាពរបស់វៀតណាមក្នុងការការពារខ្លួននឹងការឈ្លានពានរបស់ចិននៅក្នុងដែនទឹកដែលទាមទារដោយប្រទេសទាំងពីរ។
ទោះជាចិន និងវៀតណាមមានចំណងទាក់ទងមនោគមវិជ្ជាកុម្មុយនីស្តក៏ដោយ ក៏រដ្ឋាភិបាលក្រុងប៉េកាំងបានក្លាយជាគូប្រឆាំងថ្មីនឹងរដ្ឋាភិបាលក្រុងហាណូយ ស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមកាន់តែប្រសើរឡើង។ នេះបើយោងតាមសម្តីលោក Murray Hiebert នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ។
លោក Hiebert បានថ្លែងថា៖ «វាជារឿងដ៏អស្ចារ្យដែលប្រទេសទាំងពីរនេះដើរមកដល់ចំណុចនេះនៅក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ។ សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ សហរដ្ឋអាមេរិកជាអ្នកវិនិយោគដ៏សំខាន់របស់វៀតណាម និងមានចំណងទាក់ទងផ្នែកយោធាជិតស្និទ្ធបំផុតជាមួយនឹងប្រទេសនានានៅអាស៊ីអាគ្នេយ៍»។
ក្តីបារម្ភពីបញ្ហាសិទ្ធិមនុស្ស
ទោះបីជាយ៉ាងនេះក្តី សមាជិកនៃរដ្ឋបាលលោកប្រធានាធិបតី Biden បាននិយាយថា ទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយនឹងរដ្ឋាភិបាលក្រុងហាណូយនៅតែមានកម្រិតរហូតទាល់តែរដ្ឋាភិបាលក្រុងហាណូយកែលម្អបញ្ហាសិទ្ធិមនុស្ស។
ក្រុមមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកនិយាយថា លោករដ្ឋមន្ត្រី Austin បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយនឹងលោកប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម។
បើយោងតាមលោក Kirby លោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកបានថ្លែងក្នុងសម្តីដើមថា «មិត្ត និងដៃគូដ៏ល្អគួរតែអាចពិភាក្សាដោយបើកចំហ និងស្មោះត្រង់ជាមួយគ្នាអំពីបញ្ហាពិបាកនិងបញ្ហារសើបទាំងនេះ»។
លោករដ្ឋមន្ត្រី Austin និងសមភាគីរបស់លោកបានចុះហត្ថលេខាលោកអនុស្សរណៈយោគយល់មួយកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដែលពង្រីកការគាំទ្រដល់កិច្ចប្រឹងប្រែងវៀតណាមក្នុងការកំណត់ទីតាំង និងអត្តសញ្ញាណកងទ័ពវៀតណាមដែលបានស្លាប់ និងបាត់ខ្លួននៅក្នុងសង្គ្រាមវៀតណាម។
មន្ត្រីការពារប្រទេសជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ទិន្នន័យដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Harvard និង Texas Tech University នឹងជួយក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាមទាំងនោះ៕
ប្រែសម្រួលដោយលោក ប៉ូច រាសី