ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​និងអ.ស.ប.​​គាំទ្រ​ដំណោះ​ស្រាយ​សន្តិវិធី​ចំពោះ​បញ្ហា​បោះឆ្នោត


លោក​វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេសចិន​និង​គណៈ​ប្រតិភូ​នៅ​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​សមភាគី​កម្ពុជា​។​
លោក​វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេសចិន​និង​គណៈ​ប្រតិភូ​នៅ​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​សមភាគី​កម្ពុជា​។​
ស.រ.អា.​និង​អ.ស.ប.នៅតែ​គាំទ្រ​ដល់​អ្នក​នយោបាយ​កម្ពុជា​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ចិន​អះអាង​ថា ​នឹង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ។​

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ វ៉ាង យី​បាន​ជំរុញ​ឲ្យអ្នក​នយោបាយ​កម្ពុជាដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ ហើយ​បង្កើត​រដ្ឋសភា​ និង​រដ្ឋាភិបាល​ថ្មីឲ្យ​បាន​ឆាប់។​ លោក​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​គណបក្ស​គ្រប់គ្រង​ប្រទេស​ ហើយ​នឹង​ប្តេជ្ញា​ជួយ​ទប់ស្កាត់​ការ​រំខាន​ពី​ខាង​ក្រៅ​ចំពោះ​ដំណើរការ​នយោបាយ។​ សេចក្តី​ថ្លែង​ការណ៍​របស់​លោក​វ៉ាង យី​ កាលពី​ថ្ងៃពុធ​អំឡុង​ពេល​ទស្សន​កិច្ច​ពីរថ្ងៃ​របស់​លោក​ ដូច្នេះ​គឺ​កើត​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​លោក​ខាងលិច​ រួមទាំង​ស.រ.អា.​និង​អ.ស.ប.ទទូច​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​លើភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត​ដែល​ផ្ទុយ​ពី​ជំហរ​ប្រទេស​ចិន​ដែល​បាន​ទទួល​ស្គាល់​នឹង​គាំទ្រ​ភ្លាមៗ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ។​

ថ្លែង​ប្រាប់​វីអូអេ​តាមរយៈ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​Sean McIntosh អ្នក​នាំពាក្យ​ស្ថានទូត​ស.រ.អា.​នៅកម្ពុជា​មិនធ្វើ​អត្ថាធិប្បាយ​ចំពោះ​គោល​ជំហរ ចិន​ទេ ​តែលោក​អះអាង​ថា​ ស.រ.អា.​មាន​ជំហរ​អព្យាក្រិត្យ​ក្នុង​ចំណោម​បេក្ខជនឬ​គណបក្ស​នយោបាយ ​តែចង់​ឃើញ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​វិវាទ​ក្រោយ​ការ​បោះឆ្នោត​ក្នុង​បរិយាកាស​សន្តិវិធី។​

លោក​និយាយ​ថា៖​ «ស.រ.អា.​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ប្រកប​ដោយការ​ស្ថាបនា។​ យើង​ចង់ឲ្យ​គណបក្ស​ទាំងអស់​ជួប​ពិភាក្សាគ្នា​ សហការ​នឹង​គ្នា​ និយាយ​ជាមួយ​គ្នា​ដោយ​ស្ថាបនា​ ហើយ​ធានា​ថា​ ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​បញ្ចេញ​ប្រតិកម្ម​ដោយ​សន្តិវិធី។​ ដូច្នេះ​យើង​យកចិត្ត​ទុកដាក់​អំពីអ្វី​ដែល​ជា​ផល​ប្រយោជន៍​ល្អ​សម្រាប់​កម្ពុជា​ ដែល​ជា​ផល​ប្រយោជន៍​ល្អ​ប្រពៃ​សម្រាប់លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»។​

លោក​ Sean McIntosh​ បាន​បន្ថែម​ថា​ ភាគី​ទាំង​ពីរ​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​ ដោយ​ការ​ស៊ើប​អង្កេត​ដោយ​មាន​លក្ខណៈ​តម្លាភាព​ពេញ​លេញ​ចំពោះ​ភាព​មិន​ ប្រក្រតី​នានា​ដែល​នៅ​ទីបញ្ចប់​ពលរដ្ឋ​កម្ពុជា​នឹង​គាំទ្រ។​

លោក​បន្តថា៖​ «យើងគាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ។​ យើង​មិន​គាំទ្រ​បេក្ខជន​ណាមួយ ​ឬគាំទ្រ​គណបក្ស​ណាមួយ​ជាង​គណបក្ស​មួយ​ទៀត​នោះ​ទេ»។​

លោកបាន​សង្កត់ធ្ងន់​ថា៖ ​«នៅទីបំផុត​ ស.រ.អា.​គាំទ្រ​ការ​ស៊ើប​អង្កេត​មួយ ​ជាការ​ស៊ើប​អង្កេត​ដោយ​ពេញ​លេញ​និង​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រតី ​ដែលនៅ​ទី​បំផុត ​ពលរដ្ឋ​កម្ពុជា​នឹង​គាំទ្រ»។​

ចំណែក​លោស្រី ​អៀរី ​កានីកុ ​អ្នក​នាំពាក្យ​រង​នៃ​អ.ស.ប.បាន​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក ខេមរ​ភាសា​ពី​ទីស្នាក់​អ.ស.ប.ក្នុង​ទីក្រុង​ញូយ៉ក​ថា ​អ.ស.ប.ស្វាគមន៍​កិច្ច​ពិភាក្សា​គ្នា​ក្នុងការ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ហើយ​អ.ស.ប.​នឹង​ចូល​រួម​ពាក់ព័ន្ធ​ក្នុង​ពេល​កម្ពុជា​ត្រូវការ។​

អ្នកស្រី​និយាយថា៖​ «ក្រុម​មន្ត្រី​អ.ស.ប.បាន​បញ្ជាក់​ថា​ អ.ស.ប.ត្រៀមខ្លួន​ស្រេច​ដើម្បី​ពិចារណា​ក្នុង​ការ​ជួយដល់​គណបក្ស​នានា​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ដែល​កំពុង​កើតឡើង​នេះ​ ដោយ​សន្តិវិធី​ ក្នុងករណី​បើសិនជា​មាន​ការ​ស្នើសុំ​ជា​ផ្លូវ​ការ»។​

សេចក្តី​ថ្លែង​ដូច្នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ជួប​ជាមួយ​មន្ត្រី​អ.ស.ប.ទទួល​បន្ទុក​ផ្នែក​កិច្ចការ​នយោបាយ​នៅ​ឯបូរី​ញូយ៉ក​កាលពី​ពីរ​សប្តាហ៍​កន្លង​ទៅ។​

លោកស្រី​ អ្នក​នាំពាក្យ​រង​ដដែល​បាន​ស្រង់​ប្រសាសន៍​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន់គីម៉ូន​កាលពី​ដើមខែ​សីហា​មក​បញ្ជាក់​ថា ​លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន​ស្វាគមន៍​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​សន្តិវិធី​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា។​ តែ​ដោយ​មាន​របាយ​ការណ៍​ច្របូក​ច្របល់​អំពី​បញ្ហា​ភាព​មិន​ប្រក្រតី ​អ.ស.ប.​លើក​ទឹក​ចិត្ត​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះ​ស្រាយ​បណ្តឹង​ដោយ​យុត្តិធម៌​និង​ដោយ​តម្លាភាព​ ក្នុង​បំណង​ជា​សំខាន់​ដើម្បី​ធានា​ការ​តាំងចិត្ត​ដ៏​ត្រឹមត្រូវ​ និង​គោរព​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា។

គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅតែ​ប្រកាស​ផ្ទុយគ្នា​ថា ​ពួកគេ​ជា​អ្នក​ឈ្នះការ​បោះ ឆ្នោត​កាលពី​ថ្ងៃទី២៨​ខែ​កក្កដា។​ គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ ខ្លួន​ឈ្នះ បាន​អាសនៈ​ចំនួន​៦៨​លើ​អាសនៈ​សរុប​១២៣​ក្នុងសភា ​ហើយ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​ប្រកាស​ថា​ ខ្លួនទេ​ជា​អ្នក​ឈ្នះ​គឺ​ឈ្នះ​បាន៦៣​អាសនៈ​ ដែល​អាច​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ​តែ​ម្នាក់​ឯង​បាន​ដែរ។ ​គណបក្ស​ទាំង​ពីរ​មិនទាន់​ចុះ​សម្រុង​គ្នា​ទេ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទល់​ច្រក​ខាង​នយោបាយ​នេះ។​

ទោះបីជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ក្នុង​ពេល​បញ្ចប់​ទស្សន​កិច្ច​របស់​លោក​នៅ កម្ពុជា​កាលពី​ថ្ងៃពុធ​នោះ​ បាន​ជំរុញឲ្យ​ប្រទេស​កម្ពុជា​ដោះស្រាយ​ជម្លោះ​នយោ បាយ​និង​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ឲ្យ​បាន​ឆាប់​ដោយ​សន្យា​ថា ​ប្រទេស​ចិន​នឹង​ជួយ​ការពារ​កម្ពុជា​ទប់ស្កាត់​នឹង​ការ​ជ្រៀតជ្រែក​នានា។ ​មេដឹកនាំ​ក្រុម​ជំទាស់​លោក សម រង្ស៉ី​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា​ លោកនឹង​មិនបោះបង់​ចោលការ តវ៉ា​ដោយ​សន្តិវិធី​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅថ្ងៃ​ទី២៦​ខែសីហា​ទេ ​ប្រសិន​បើ គ្មាន​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌​ចំពោះភាព​មិនប្រក្រតី​ជាច្រើន​ដែល​កើត ឡើង​ក្នុងពេល​បោះឆ្នោត​ ដែលធ្វើឲ្យ​មាន​សំឡេង​ប្រែប្រួល​នៃអាសនៈ​នោះ។​

ការ​ប្រកាស​ដូច្នេះ​ទំនង​ជាការ​មិន​អើពើ​នឹង​ការ​អំពាវនាវ​របស់​ប្រទេស​ចិន​កុម្មុយ នីស​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ដោះស្រាយ​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។​

លោក​រីឆាដ គ្រូនីន (​Richard Cronin)​ នាយក​កម្មវិធី​ស្រាវជ្រាវ​តំបន់​អាស៊ី អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល ​Stimson Center ​ដែលជា​អង្គការ​តាក់តែង​គោល​នយោ បាយ​មិន​លម្អៀងមួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ បានថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា ​ថា ទស្សន​កិច្ច​និង​អត្ថាធិប្បាបាយ​របស់​ចិន​ហាក់​ដូចជា​ការ​ព្រមាន​ដល់​សហគមន៍​អន្តរជាតិ​ ដែល​មិនទាន់​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ពេញលេញ​នៅ​កម្ពុជា​ ដែលជា​សម្ព័ន្ធ​មិត្ត​ជិតដិត​របស់​ចិន​នោះ។​

លោក​និយាយថា៖​ «ខ្ញុំគិត​ថា​ អ្វីដែល​ចិន​និយាយ​នេះ​គឺជា​របៀប​ប្រាប់​ឲ្យ​អ.ស.ប.​ ​ស.រ.អា.​ និង​ប្រទេស​ផ្តល់ជំនួយ​ដទៃទៀត​ជាដើម​។ល។​នោះ​ ចាកចេញ​ គឺ​ជាការ​ប្រាប់​ឲ្យ​ប្រទេស​ទាំងនោះ​ចាកចេញ។​ ហើយ​និយាយ​តាម​ការ​ដកស្រង់​សំដី​ឬមិន​ដកស្រង់​សំដី​នោះ​គឺថា​ គេ​គិត​ថា​ប្រទេស​ទាំង​នោះ​អាច​ជ្រៀត​ជ្រែក​ក្នុង​ដំណើរ​ការ​នៅ​កម្ពុជា។​ គណបក្ស​កាន់​អំណាច​ជា​អ្នក​ឈ្នះ។​ ដូច្នេះ​រដ្ឋាភិបាល​ដែល​ចិន​គាំទ្រ ​អ្នក​ដឹកនាំ​ដែលចិន​គាំទ្រ​ នៅ​កាន់​មុខ​ដំណែង​ដដែល ​ហើយចិន​មិន​ចង់​ឃើញ​បញ្ហា​ចេះតែ​កើត​បន្ត​ទៅមុខ​ទៀត​ទេ។​ ដូច្នះ​ដូចជា​យើង​និយាយ​អញ្ចឹង​គឺ​ថា​ គេ​ត្រូវតែ​រៀបចំ​តាម​មូលដ្ឋាន​របៀប​នេះ​ដែល​ថា​ នេះ​ជា​រដ្ឋាភិបាល​ដែល​យើង​(ចិន)​គាំទ្រ។​ យើង​(ចិន)​នឹងគាំទ្រ​ទោះជា​ក្នុង​ស្ថានភាព​លំបាក​ក្តី។​ ដូច្នេះ ប្រទេស​នានា​ក្នុង​ពិភព​លោក​ ថយ​ទៅ​»។​

លោក ​Richard Cronin ​បាន​អះអាង​ថា​ ការ​ធ្លាក់ចុះ​ខ្លាំង​នៃ​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​កាន់​អំណាចគឺ​ចុះ​ពី​៩០​មក​ត្រឹម​៦៨​អាសនៈ​នៅ​អាណតិ​ទី៥​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​កម្ពុជា​និង​ចិន ​ទោះជា​នៅមានវិវាទ​ក្នុង​ការ​ដោះស្រាយ ​និង​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក៏ដោយ។​

លោក​និយាយថា៖​ «វាជា​ការ​ឆ្លុះ​បញ្ចាំង​ពីក្តី​កង្វល់​របស់ចិន។​ ពេល​គេ​ភ្ញាក់​ឡើង​នៅ​ថ្ងៃ​ណា​មួយ​គេ​ ឃើញ​ពី​លទ្ធផល​បោះឆ្នោត​ដែលផ្លាស់​ប្តូរ​ខ្លាំង​ធៀប​នឹងការ​បោះឆ្នោត​មុននោះ​ ​ខ្ញុំអាច​និយាយ​បាន​ថា ​វាជា​រឿង​ភ័យខ្លាច​បន្តិច​ដែរ។​ ខ្ញុំ​ចង់និយាយ​ថា​ បើ​ទោះបី​ជា​រដ្ឋាភិបាល​បាន​ឈ្នះ​ដោយ​ភាព​ស្របច្បាប់​នូវ​សំឡេង​៦៨​អាសនៈ​ក្នុង​សភា​ក្តី​ សំឡេង​នោះ​មិនមែន​ជាសំឡេង​ជាទីគាប់​ចិត្ត​ទេ​បើធៀប​នឹង​អតីត​កាល។ ​ដូច្នេះ​នៅ ​ពេល​ចិន​ក្រឡេក​មើល​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ មើល​ស្ថានការណ៍​នយោបាយ​នោះ​ ខ្ញុំគិត​ថា​ ចិន​ទទួល​ស្គាល់​ ឬ​មាន​អារម្មណ៍​ជឿ​ថា​ ខ្លួន​ត្រូវតែ​បង្ហាញ​ការ​គាំទ្រ​និង​សាមគ្គី​ភាព»។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​បន្តថា ​ចិន​ទំនង​ជាពិបាក​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ទាក់ទិន​នឹង​ការ​វិនិយោគ​របស់ខ្លួន​ដែល​មាន​បញ្ហា​រឿង​រំលោភ​បំពាន​ដីធ្លី ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋខ្មែរ​ជាច្រើន​ ប៉ះពាល់​ដល់ បរិស្ថាន​យ៉ាង​ខ្លាំង​នោះ។​

ប្រទេស​ចិន​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​កម្ពុជា​យូរ​លង់​ណាស់​មក​ហើយ​ ហើយ​ចិន​ជា​ប្រទេស​ផ្តល់​ជំនួយ​និង​វិនិយោគ​ដ៏ធំ​ជាង​គេ​សម្រាប់គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែលឈ្នះ​អាសនៈ​៩០​កាល​ពីការបោះ​ឆ្នោតឆ្នាំ​២០០៨​ ហើយ​កាន់​អំណាច​៣០​ឆ្នាំ​ហើយ​នោះ៕​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG