ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​និស្សិត​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ដោះស្រាយ​បញ្ហា​ដោយ​បញ្ចៀស​ហិង្សា

  • សំ រីណា

ក្រុម​និស្សិត​ និង​យុវជន​ចូល​រួម​ក្នុង​វេទិកា​នយោបាយ​របស់​​យុវជន​តំណាងគណបក្ស​នានា​គណបក្ស។ ​
ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ក្រោយពី​ការ​បោះឆ្នោត​ កាលពី​ខែមុន​ ក្រុម​និស្សិត​ក្នុងសាកល​វិទ្យាល័យនានា ​ទាំង​ផ្នែក​ឯក​ជន​ និង​ទាំង​ផ្នែករដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ដោះស្រាយ​បញ្ហា​ដោយ​បញ្ចៀស​ហិង្សា​និង​ដោយ​មានការ​ស្រុះ​ស្រួលគ្នា។​

ក្រុម​និស្សតិ​ក្នុង​រាជធានី​ភ្នំពេញ​ចង់​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​ជម្លោះ​ដោះស្រាយ​បញ្ហា​រវាង​គ្នា​ដោយ​សន្តិវិធី​ និង​ដោយ​ការ​យោគយល់​គ្នា។​

គណបក្ស​ទាំងពីរ​សុទ្ធតែ​បាន​ប្រកាស​ថា ​ឈ្នះ​រៀងៗ​ខ្លួន​ ក្រោយពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា។​ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ ឈ្នះ​បាន​៦៣​អាសនៈ​ក្នុងរដ្ឋ​សភា​ដែល​មាន​១២៣​អាសនៈ ​ហើយ​កំពុង​ទាមទារឲ្យមាន​ការដោះ​ស្រាយ​ភាព​មិនប្រក្រតី​ជា​ច្រើន​ដែល​ខ្លួន​ជឿ​ថា​ នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​និង​បាន​គំរាម​ដឹកនាំ​មហាបាតុ​កម្ម​ប្រឆាំង​នឹង​លទ្ធ​ផល​បោះឆ្នោត​ដែល​ត្រូវ​គេ​ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជាអ្នក​ឈ្នះ។ ដោយឡែក​ គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា​ ខ្លួន​ឈ្នះ​បាន​៦៨​អាសនៈ ​ហើយ​គណបក្ស​ដែល​កំពុង​កាន់​អំណាច​នេះ​បាន​ត្រៀម​កងកម្លាំង​ប្រដាប់​អាវុធ​សម្រាប់​ទប់ទល់​ការ​តវ៉ា​និង​អំពើ​ហិង្សា​ជាយថាហេតុ​ណា​មួយ។​

កំពុង​អង្គុយ​លើ​ស្មៅ​ពិភាក្សា​ជា​មួយ​មិត្តភក្តិ​ កញ្ញា​ឡេង​ពុទ្ធារី ​អាយុ​២៤​ឆ្នាំ​ ជា​និស្សិត​ពេទ្យ​នៃ​សាកល​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល​ ក្នុង​ទីក្រុង​ភ្នំពេញ។ នាង​យល់​ថា​ គណ បក្សទាំងពីរ​គួរតែ​ដោះស្រាយ​បញ្ហា​ដោយ​ស្រុះ​ស្រួល​គ្នា។

​នាងនិយាយថា៖​ «បើ​តាម​យោបល់​របស់​ខ្ញុំ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ព្រម​ទទួល​យក​លទ្ធផល​ហ្នឹង​តែបន្តិច​គឺអត់​ចាំបាច់​មាន​ការ​ពិភាក្សា​វែក​ញែក​យូរ​ទេ ​ហើយ​ក៏មិន​ចាំបាច់​មានពាក្យ​ចរចាម​អារ៉ាម​ថា​ នឹង​មាន​ហិង្សា​ នឹង​មាន​សង្រ្គាម​ទេ​ ហើយ​បើ​តាម​យោបល់​របស់​ខ្ញុំ ​រាជ​រដ្ឋាភិបាល​គួរ​តែ​ បើ​សិន​គណបក្ស​ប្រឆាំង​នឹង​ទាម​ទារ​ខ្លាំង ​គួរ​តែ​បង្កើត​គណៈកម្មការ​ហ្នឹង​ទៅ​ ហើយ​ទោះ​ក្នុង​រយៈពេល​ហ្នឹង​យើង​អាច​ធ្វើ​ឲ្យ​សុក្រឹត្យ​ទាំង​អស់​គ្នា​ក្នុង​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត»។​

លោកគឹម​ ម៉ារីណា​ អាយុ​២៤​ឆ្នាំ ​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាកលវិទ្យា​ល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ទេ។​

លោក​លើក​ឡើង​ថា​ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​រវាង​គណបក្ស​ទាំង​ពីរ​ គ.ជ.ប.​គួរតែ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មិន​មាន​ឈ្មោះ​បោះឆ្នោត។​

លោក​និយាយថា៖​ «និយាយរួម​ទៅ​ខ្ញុំ​ចង់​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ដែល​ហៅ​កាត់​ថា​ គ.ជ.ប.​ហ្នឹង​គាត់​គួរ​តែ​ដោះ​ស្រាយ​វិវាទ​យ៉ាង​ច្រើន​នៅ​ពេល​ដែល​កំពុង​បោះ​ឆ្នោត​ ដូច​ជា​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ បាត់​ឈ្មោះ​ប្រជា​ពលរដ្ឋ​ដែល​ទៅ​បោះ​បែរ​ជា​មាន​ឈ្មោះ​អ្នក​ផ្សេង​ទៅ​វិញ។​ ​ដើម្បី​ដោះ​ស្រាយ​នូវ​វិវាទ​នេះ ​គួរ​តែ​បោះ​ឆ្នោត​ឡើង​វិញ​ អ្នក​ដែល​មិនមាន​ឈ្មោះ​បោះ​នោះ​ឲ្យ​គាត់​បោះ​ឡើង​វិញ»។​

កញ្ញាចាន់​ ផល្គុន​ជានិស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ​នាង​កំពុង​តែ​អង្គុយ​លើ​បង់​ជជែក​លេង​ជាមួយ​មិត្តភក្តិ។​ និស្សិត​អាយុ​១៨​ឆ្នាំ​រូប​នេះ​លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​គួរតែ​បង្កើត​វេទិកា​ជជែក​ដោះ​ស្រាយ​គ្នា​ជុំវិញ​ការ​មិន​ពេញ​ចិត្ត​រៀង​ខ្លួន។​

កញ្ញា​និយាយថា៖​ «វា​ធម្មតា​ទេ​បង​ ព្រោះ​ថា​ អ្នក​ខ្លះ​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​ថា​ ខ្លួន​ឯង​ហ្នឹង​ចាញ់​ ខណៈពេល​ដែល​ប្រជាជន​គាំទ្រ​គាត់​ តួយ៉ាង​ដូច​ជា​គណបក្ស​ CNRP​សង្គ្រោះ​ជាតិ​អញ្ចឹង។ ​គាត់​អត់​ទាន់​សុខ​ចិត្ត​ ព្រោះ​ប្រជាជន​ស្រឡាញ់​គាំទ្រ​គាត់​ច្រើន​ ហេតុ​អី​គាត់​នៅ​ចាញ់​ខាង​គណបក្ស​ប្រជាជន?​ ខ្ញុំ​គិត​ថា ​ពីរនាក់​គាត់​គួរ​តែ​បង្កើត​វេទិកា​មួយ​ឬ​គណៈ​កម្មការ​រក​ភាព​ពិត​ជាក់ស្តែង​ ហើយ​អង្កេត​ការណ៍​ទៅលើ​ភាព​មិន​ប្រក្រតី​អស់​ហ្នឹង»។​

កាល​ពីថ្ងៃ​ទី៣​ ខែសីហា​កន្លង​ទៅ ​គ.ជ.ប.​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បង្កើត​គណៈ​កម្មការ​ចម្រុះ​ត្រី​ភាគី​រួមគ្នា។ ​ក៏​ប៉ុន្តែ​គណៈ​កម្មការ​នោះមិន​បាន​ចេញ​ជា​រូបរាង​ទេ​ដោយសារ​តែ​ភាព​មិន​ចុះ​សម្រុង​គ្នាអំពីសមាស​ភាព​ចូលរួម​ដោយ​តំណាង​មកពី​អង្គការ​ជាតិ ​និង​អន្តរជាតិ​ និង​តំណាង​មកពី​អង្គការ​សហ​ប្រជាតិ​ដែល​ស្នើ​ដោយ​គណបក្ស​ប្រឆាំង។​

ទើប​តែ​ចេញ​ពីការ​ប្រឡងបញ្ចប់​ឆ្នាំ​ទី​៤ ​លោក​នៅ វណ្ណេត​ អាយុ​២៨ឆ្នាំជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង។​ លោក​វណ្ណេត​អំពាវនាវ​ឲ្យ​គណបក្ស​ទាំង​ពីរ​ឯកភាព​លើ​ការ​ដាក់​បញ្ចូល​អង្គការ​សហ​ប្រជាជាតិ​ជា​អ្នក​អង្កេត​ការណ៍។​

លោក​និយាយថា៖​ «ខ្ញុំ​ចង់​ឲ្យ​បក្ស​ទាំង​សង​ខាង​ហ្នឹង​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ ដោយ​ការ​លើក​ឡើង​ពី​គណៈ​កម្មការ​ចម្រុះហ្នឹង។​ វា​គ្មាន​អី​ខុស​ទាស់​ទេ​ ក្នុង​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះគឺ​យើង​បាន​ចូល​រួម​ទាំង​សង​ខាង ទាំង​គ.ជ.ប.​ ទាំង​គណបក្ស​សង្រ្គោះ​ជាតិ ​ទាំង​គណបក្ស​ប្រជាជនកម្ពុជា​ទាំង​អង្គការ​សង្គម​ស៊ីវិល​ ទាំង​អង្គការ​សហ​ប្រជាជាតិ»។​

លោក​តាល់ សំណាង​ និស្សិត​នៃ​សាកល​វិទ្យាល័យ​ស៊ីតិច​ និយាយស្រ​ដៀង​គ្នា​នេះ​ដែរ​ថា៖ ​«ខ្ញុំ​គាំទ្រ​ចំពោះ​គណបក្ស​ទាំង​ពីរ​រួមគ្នា​បង្កើត​គណៈកម្មការ​ចម្រុះ ហើយ​ខ្ញុំ​គាំទ្រ​ការ​ដែល​គាត់​ស្រុះ​ស្រួល​មតិ​គ្នា​បែប​ហ្នឹង​ ហើយ​អ្វីដែល​ខ្ញុំ​សង្ឃឹម​ថា​ អាច​ធ្វើបាន​នោះ​គឺមិន​ចង់​ឲ្យ​គ.ជ.ប.​ចូលរួម​ធ្វើការ​វែក​ញែក​ជាមួយ​ទេ​ ប៉ុន្តែខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​គណៈ​កម្មការ​ចម្រុះនេះ​ធ្វើការ​ដោយ​ស្រុះ​ស្រួល​គ្នា»។

​នៅ​ថ្ងៃ​ទី១១ ​ខែ​សីហា​ឆ្នាំ២០១៣ ​លោក​សម​ រង្ស៊ីបាន​សរសេរ​នៅ​លើ​គេហ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ ប្រសិន​បើមិនមាន​ដំណោះស្រាយ។​

ទន្ទឹម​នឹង​នោះ​ក៏​មាន​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​ មាន​នគរបាល​ កង​រាជ​អាវុធហត្ថ​ និង​ទាហានដែល​ប្រដាប់​ដោយ​កាំភ្លើង​ ពី​បណ្តា​ខេត្ត​នានា​ចូល​មក​រាជធានី​ភ្នំពេញ​និង​ច្រកចេញ​ចូល​ភ្នំពេញ។​

ការគំរាមពី​បាតុកម្ម​និង​ការដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់អាវុធ​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​មាន​ការភ័យ​ខ្លាច​ជាទូទៅ។

លោក​អ៊ូ ចាន់ពូន​ អាយុ​២១​ឆ្នាំ ​ជា​និស្សិត​សាកល​វិទ្យាល​ភូមិន្ទ​ភ្នំពេញ។​ លោកគិតថា​ ការ​បង្កការ​ភ័យខ្លាច​ដល់​ប្រជា​ពលរដ្ឋ​នេះ​មិនមែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះ​ទេ។​

លោក​និយាយថា៖​ «ខ្ញុំ​គិត​ថា ​ការ​រក​ដំណោះ​ស្រាយ​បែប​យក​អាវុធ​មក​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​អញ្ចឹង​វាអត់​សម​ទេ​ ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សេដ្ឋ​កិច្ច។ អញ្ចឹង​ចង់​ឲ្យ​គាត់​ដាក់​តុមូល​និយាយ​គ្នា ​រក​ដំណោះ​ស្រាយ​តាម​សន្តិវិធី»។​

នៅក្នុង​សប្តាហ៍​នេះ​ ក្រុម​ការងារ​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ជួបប្រជុំ​ទ្វេភាគី​ជាលើកទីដើម្បី​ព្យាយាម​បង្កើត​គណៈ​កម្មការ​ចម្រុះ​ឲ្យ​ចេញ​ជា​រូបរាង​សម្រាប់​ដោះស្រាយ​វិបត្តិ​បោះឆ្នោត​នេះ។​

កាលពី​សប្តាហ៍​មុន​គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន។ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​កាលពី​ថ្ងៃ​អាទិត្យ ​បាន​ប្រកាស​ថា ​ខ្លួន​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ហើយ​ ហើយ​បាន​សម្រេច​ទាត់ចោល​បណ្តឹង​ចំនួន​១៧​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG