ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជំរុញ​ឲ្យ​កម្ពុជា​បង្កើត​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់ ​និង​ជួយ​កម្ពុជា​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេស


លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោកវ៉ាង យី រដ្ឋ​មន្ត្រីការបរទេស​ចិន​ធ្វើ​សន្និសីទ​ព័ត៌មាន ថ្ងៃ​ពុធទី​២១សីហា២០១៣។​
លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោកវ៉ាង យី រដ្ឋ​មន្ត្រីការបរទេស​ចិន​ធ្វើ​សន្និសីទ​ព័ត៌មាន ថ្ងៃ​ពុធទី​២១សីហា២០១៣។​
ប្រទេស​ចិន​បាន​ជំរុញ នៅ​ថ្ងៃ​ពុធ​នេះ​ ឲ្យ​ប្រទេស​កម្ពុជា​ដោះស្រាយ​ជម្លោះ​នយោបាយ​និង​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ឲ្យ​បាន​ឆាប់​ ដោយ​សន្យា​ថា​ ប្រទេស​ចិន​នឹង​ជួយ​ការពារ​កម្ពុជា​ទប់ស្កាត់​នឹង​ការ​ជ្រៀតជ្រែក​នានា។​

​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​មិន​បើក​ឲ្យ​មាន​ការ​ចោទ​សំណួរ​ លោក​វ៉ាង ​យី​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ថ្លែង​ថា​ ប្រទេស​ចិន​ចង់​ឃើញ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ដោះស្រាយ​បញ្ហា​រវាង​គ្នា​នឹង​គ្នា​ ហើយ​ឆាប់​បង្កើត​រដ្ឋា​ភិបាល​ថ្មី​ឲ្យ​បាន។​

​តាម​រយៈអ្នក​បកប្រែ​ លោក​និយាយថា៖​ «ប្រទេស​ចិន​ជា​មិត្ត​ល្អ​និង​ដៃ​គូ​ល្អ​របស់​ប្រទេស​កម្ពុជា។ ​យើង​សង្ឃឹម​ថា ​គណបក្ស​នៃ​ប្រទេស​កម្ពុជា​នឹង​ចរចា​ពិភាក្សា​គ្នា​តាម​វិធី​សន្តិភាព​ដើម្បី​សម្រេច​បាន​ការ​បង្កើតសភា​ថ្មី​ និង​រដ្ឋា​ភិបាល​ថ្មី​ឲ្យ​បាន​ឆាប់»។​

សេចក្តី​ថ្លែងការណ៍​របស់​លោក​វ៉ាង ​យី​ធ្វើ​ឡើង​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​នយោ​បាយ​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា។ ​វិបត្តិ​នៅតែ​បន្ត​ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ជាប់​ឆ្នោត​ មិន​ទាន់​ចុះ​សម្រុង​គ្នា​លើ​លទ្ធផល​បោះឆ្នោត​នៅឡើយ​ ដែល​ធ្វើឲ្យ​មាន​កង្វល់​ពី​ផល​វិបាក​សម្រាប់​បង្កើត​រដ្ឋ​សភា​ថ្មីដែល​ជា​មូល​ដ្ឋាន​សម្រាប់​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​ស្រប​ច្បាប់។​

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​ត្រូវ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ពីរថ្ងៃនៅ​ថ្ងៃ​នេះ។ ​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​នេះ​ លោក​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជិត​ផុត​អាណត្តិ​គឺ​លោក​ហ៊ុន សែន​ ជួប​ជាមួយ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិចសម្តេច​ព្រះរាជ​បុត្រីនរោត្តម ​អារុណរស្មី​ និង​ជួប​ជាមួយ​សម​ភាគី​កម្ពុជា​របស់​លោក​គឺ​លោក​រដ្ឋមន្ត្រី​ការ​បរទេសកម្ពុជាហោ ​ណាំហុង។

លោក​វ៉ាង​បាន​បញ្ជាក់​ថា ​ប្រទេស​ចិន​គាំទ្រ​លទ្ធផល​បោះឆ្នោត​ ហើយ​ព្រម​ជា​មួយ​គ្នា​នេះ​ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​បាន​បញ្ជាក់​ថា​ ចិន​នឹង​នៅ​ពី​ក្រោយ​កម្ពុជា​ទប់ទល់​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​មក​លើ​កម្ពុជា​ ប៉ុន្តែ​លោក​វ៉ាង​ យី ​មិន​បាន​បញ្ជាក់​ពី​ការ​ជ្រៀតជ្រែក​របៀប​ណា​នោះ​ទេ។​

លោក​និយាយ​តាម​រយៈអ្នក​បកប្រែ​ថា៖​ «ប្រទេសចិន​បន្ត​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ប្រទេស​កម្ពុជា​ និង​ទប់​ស្កាត់​ការ​រំខាន​ពី​ខាង​ក្រៅ»។​

លោក​ហោ ​ណាំហុង​ ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និសីទ​រួម​ជាមួយ​សមភាគី​ចិន​ ដោយ​លោក​អរគុណ​ប្រទេស​ចិន​ចំពោះ​ជំហរ​គាំទ្រលទ្ធផល​បោះឆ្នោត។​
ចិន​ជំរុញ​ឲ្យ​កម្ពុជា​បង្កើត​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់
សូម​រង់ចាំ

No media source currently available

0:00 0:03:25 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ហោ ​ណាំហុង​លើក​ឡើង​ថា ​កម្ពុជា​និង​ចិន​ជា​ដៃ​គូ​យុទ្ធសាស្ដ្រ​នឹង​គ្នា។​លោក​និយាយ​ថា៖​ «យើង​ជា​ដៃ​គូយុទ្ធសាស្ដ្រ​ទាំង​ខាង​នយោបាយ​ ទាំង​ខាង​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម ​វិនិយោគ​និង​វប្ប​ធម៌»។​

ដំណើរ​ទស្សនកិច្ច​របស់លោក​វ៉ាង ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ​កម្ពុជា​នៅ​ពេល​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព្យាយាម​រក​ច្រក​ចេញ​ពី​វិបត្តិ​នយោ​បាយ​ដ៏​ចម្រូង​ចម្រាស់។​

លោក​បណ្ឌិត​ផាត់ ​កុសល្យជា​សាស្ដ្រាចារ្យ​ជំនួយ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​នៃ​មហា​វិទ្យាល័យ ​Brooklyn ​នៃ​សាកល​វិទ្យាល័យ​ City ​University ​of​ New​ York ​សហ​រដ្ឋ​អាមេរិក។ លោក​បាន​មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទថា​ ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្រជែង​ឥទ្ធិពល​រវាង​មហា​អំណាច​ចិន​ និង​សហរដ្ឋ​អាមេរិក។ ​ចិន​ដែល​គាំ​ទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ​នេះ​បើ​យោង​តាម​លោក​បណ្ឌិត​ផាត់ ​កុសល្យ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG