ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​បញ្ជាក់ការគាំទ្រ​របស់ខ្លួន​ចំពោះ​គណបក្ស​កាន់អំណាច

  • សុខ ខេមរា

គណ​ប្រតិភូចិន​ដឹកនាំ​ដោយ​លោក​វ៉ាង​យី​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ការបរទេស​កម្ពុជា​ដឹកនាំ​ដោយ​លោក​​ហោ​ណាំហុង។​
ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ ប្រទេស​ចិន​ព្យាយាម​បញ្ជាក់​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​និង​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​ដែលជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​ក្នុងពេល​ដែល​បណ្តាប្រទេស​លោក​ខាង​លិច​នៅ​មិន​ទាន់​បង្ហាញ​ការគាំទ្រ​ដល់​លទ្ធផល​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។ ​ ពី​រដ្ឋធានី​វ៉ាស៊ីន​តោន​ ​ លោក​សុខ ខេមរា​នៃវីអូអេ​បាន​ពិនិត្យ​មើល​ទំនាក់​ទំនង​ចិន​និង​កម្ពុជា​ ហើយនឹង​គោល​នយោបាយ​ចិន​ចំពោះ​កម្ពុជា​ចុងក្រោយ​នេះ។​

ក្រោយ​ពេល​ដែល​លោក​វ៉ាង យី​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ បាន​បញ្ជាក់​ជំហរ​របស់ខ្លួន​ចុងក្រោយ​ថា​ ប្រទេស​ចិន​ចង់​ឃើញ​គណបក្ស​ដែល​ឈ្នះឆ្នោត​ដោះ​ស្រាយ​បញ្ហា​រវាង​គ្នា​ដោយ​សន្តិវិធី​ឲ្យ​បាន​ឆាប់​ដើម្បី​បង្កើត​សភា​និង​រដ្ឋាភិបាល​ថ្មីនោះ​ ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​បាន​អះអាង​ថា​ ជំហរ​នយោបាយ​ចិន​ចុងក្រោយ​នេះ​ជា​ការ​គាំទ្រ​ដល់​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក្នុងពេល​ដែល​ប្រទេស​លោក​ខាងលិច​ រួមទាំង​ស.រ.អា.​មិន​ទាន់​គាំទ្រ​លទ្ធផល​បោះឆ្នោត​ដោយសារតែ​មាន​ការ​រារាំង​ដោយ​ភាព​មិនប្រក្រតី​នៃ​ការ​បោះឆ្នោត​និង​ និងការ​អះអាង​ខុស​គ្នា​អំពី​លទ្ធផល​បោះឆ្នោត។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​នៅកម្ពុជា​ អះអាង​ថា​ ទស្សន​កិច្ច​របស់​លោក​វ៉ាង យី​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ និងការ​បញ្ជាក់​ពី​ជំហរ​របស់​ចិន​នេះ​ជា​ការជួយ​ដល់​គណបក្ស​ប្រជាជន​ និង​រដ្ឋាភិបាល​ដែល​ចិន​ទុកចិត្ត​នៅពេល​ដែល​គ្មានការ​គាំទ្រ​ពី​បស្ចឹមប្រទេស​ទៅ​លើការ​បោះឆ្នោត​នៅ​ឡើយ​នោះ។​

លោក​និយាយថា៖ ​«ក្នុង​កាលៈ​ទេសៈ​នេះ ​ខ្ញុំយល់ថា ​ជាការ​ជួយ​ពង្រឹង​ការ​ទុកចិត្ត​លើខ្លួន​ឯង​របស់​គណបក្ស​ប្រជាជន​ ព្រោះ​ក្រោយ​ការ​បោះឆ្នោត​មាន​រដ្ឋាភិបាល​និង​គណបក្ស​បរទេស​តិចណាស់​ដែល​ទទួល​ស្គាល់​ថា​ ការ​បោះឆ្នោត​មាន​លក្ខណៈ​ត្រឹមត្រូវ ​សេរី​ និង​យុត្តិធម៌​ ហើយ​គាំទ្រ​ជ័យ​ជម្នះ​របស់​គណបក្ស​កាន់​អំណាច»។

ស.រ.អា.​និង​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​នៅ​ទទូច​ឲ្យ​មាន​ការស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ ដែល​គេចាត់​ទុក​ថា ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ព្រោះ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​និង​លោក​កឹម សុខាអះអាង​ផ្ទុយគ្នា​ថា​ ខ្លួន​ឈ្នះឆ្នោត​ ហើយអាច​បង្កើត​រដ្ឋាភិបាល​រៀងៗ​ខ្លួន​បាន។​ បញ្ហា​ប្រទាញ​ប្រទង់​នេះ​ត្រូវគេ​គិត​ថា​ អាច​នឹង​ធ្វើឲ្យ​ជាប់​គាំង​ការបង្កើត​រដ្ឋសភា​ថ្មី​ និង​រដ្ឋាភិបាលថ្មី។​

លោក​ឡៅ ម៉ុងហៃបាន​អះអាង​ថា ​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បោះឆ្នោត​ហ្នឹង​ ហាក់​ដូចជា​មាន​ការ​ចាក់​ឫស​មាំ​ផ្នែក​ប្រជាធិបតេយ្យ។​ ហើយ​គំនិត​ប្រជា​ធិបតេយ្យ​នេះ​អាចឆ្លង​ទៅ​ប្រទេស​ដទៃៗទៀត​ ​ដែល​រាលដាល​ពីមួយ​ទៅមួយ​ទៀត​ ដូច​ជាបដិវត្ត​នៅ​ប្រទេស​អារ៉ាប់ ។​

លោក​និយាយថា៖​ «នេះ​វាអាច​ឆ្លងទៅ​វៀតណាម​ ឡាវ​ ទៅដល់​ចិន​អញ្ចឹង​ទៅ។​ រឿងនេះ​គ្រាន់តែ​ជា​បញ្ហា​ពេល​វេលា​ប៉ុណ្ណោះ។​ ហើយ​ជា​ពិសេស​គេ​ឃើញ​ស្រាប់​ហើយ​ក្នុង​ប្រទេស​កម្ពុជា​យើង​ តួនាទី​របស់​យុវជន​ហ្នឹង​ឯង។​ វៀតណាម​ក៏មាន​ក្រុម​យុវជន​ ចិន​ក៏​អញ្ចឹង»។

លោក​សុខ ទូច ​សកល​វិទ្យាធិការ​ខេមរៈ​និងជា​អ្នកវិភាគ​មួយរូប​បាន​អះអាង​ថា ​ប្រទេស​ចិន​មិនចង់​បាត់​ឥទ្ធិពល​លើ​កម្ពុជា​ទេ​ជាពិសេស​នៅពេល​ដែល​ប្រទេស​ភូមា​បាន​ធ្វើ​កំណែ​ទំរង់​ទៅរក​លោក​ខាងលិច​ទៅ​ហើយ​នោះ។​

លោក​និយាយថា៖​ «ចិន​យល់ថា ​ភូមិសាស្ត្រ​នយោបាយ​ចិន​ត្រូវ​ការ​កម្ពុជា​ព្រោះ​នៅ​ក្នុង​អាស៊ាន​ ចិន​បាត់​ភូមា​មួយ​ហើយ។​ អញ្ចឹង​ចិន​អត់មាន​ឈរ​នៅ​ទីណា​ទេ​គឺឈរ​នៅ​កម្ពុជា។​ ក្នុង​ករណី​ចិន​ធ្វើ​នយោបាយ​ខ្លាំង​ណា​មួយ ​ឬ​ក៏​នយោបាយ​ដែកថែប​ណាមួយ​ ចិននឹង​បាត់​កម្ពុជា។ ​នៅពេល​ថ្ងៃអនាគត​នៅ​ពេល​គណបក្ស​ណាមួយ​ទៀត​ឡើង​មកកាន់​កាប់​អំណាច​ ពេលនោះ​នឹង​មាន​ការ​ទន់ខ្សោយ​ក្នុង​កិច្ចការ​ទំនាក់​ទំនង​អន្តរជាតិ​រវាងចិន​និង​កម្ពុជា»។​

លោក​ថ្លែង​ថា​ ចិនបាន​ប្រើ​គោល​នយោបាយ​ទន់ភ្លន់​កាលពី​ថ្ងៃ​អង្គារ​ក្នុងការ​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​នោះគឺ​ចិន​មាន​គោល​បំណង​ថា ​ទោះបីជា​គណបក្ស​ណាមួយ​ឈ្នះ​នៅថ្ងៃ​អនាគត​ ក៏​ចិន​នៅតែ​មាន​ទំនាក់​ទំនង​ដែរ។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​លោក​ អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​អះអាង​ថា​ ការ​បញ្ជាក់​របស់​ចិន​គឺចង់​បង្កើន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​ តែមិន​អាច​ដើរ​តួសម្រប​សម្រួល​ការ​រាំង​ស្ទះ​នយោបាយ​នៅ​កម្ពុជា​បានទេ​ នៅពេល​ពលរដ្ឋ​ខ្មែរ​យល់​ថា ប្រទេស​ចិន​ដែល​ជា​ប្រទេស​កុំម្មុយ​នីស្ត​គឺមិន​សំខាន់​ដូច​ស.រ.អា.​និង​បស្ចឹមប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិប​តេយ្យ​នោះ។​

លោក​និយាយថា៖​ «ខ្ញុំ​ថា​ ចិន​អត់មាន​ឥទ្ធិពល​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ហើយ​មក​លើ​គណបក្ស​ប្រឆាំងទេ​ ដោយ​សារ​ទី១​ គណបក្ស​ប្រឆាំង​មិន​ទុក​ចិត្ត​ចិន។​ ទី២ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏មិនសូវ​ឲ្យតម្លៃ​ទៅ​ប្រទេស​ចិន​ប៉ុន្មាន​ដែរ​នៅ​ពេល​បច្ចុប្បន្ន​នេះ។​ ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ច្រើន​មើល​ទៅ​ស.រ.អា.​ហើយ​នឹង​សហភាព​អឺរ៉ុប ​ដែល​ជា​ប្រទេស​ជឿនលឿន​ ហើយ​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ទុក​ចិត្ត​ ហើយឲ្យ​តម្លៃ។​ ដូច្នេះ​ខ្ញុំ​មើល​ទៅ​ការ​អំពាវនាវ​របស់​ចិន​ប្រហែល​ជា​មិន​សូវ​មាន​ឥទ្ធិពល​នៅ​លើ​ស្ថានភាព​នយោបាយ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ទេ»។​

តំណាង​គណបក្ស​នយោបាយ​ទាំងពីរ​បាន​ចាប់ផ្តើម​ចរចា​គ្នា​ឡើងវិញ​កាល​ពី​ថ្ងៃ​អង្គារ ​ក្រោយពេល​ដែល​មាន​ការគាំង​ដំណើរ​មួយ​រយៈពេល​ ដោយសារ​ភាគី​ទាំង​ពីរ​មិនចុះ​សម្រុងគ្នា​លើការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ដោះស្រាយ​ភាព​មិនប្រក្រតី​ក្នុងការ​បោះឆ្នោត​នោះ។​ ការ​វិល​មកកាន់​តុ​ចរចា​នេះ​កើត​ឡើង ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​ដែល​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​វ៉ាង យី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​គេ​គិត​ថា​ ជា​ប្រទេស​យុទ្ធសាស្ត្រ​របស់​ចិន​ក្នុងតំបន់​ដែល​ស.រ.អា.​កំពុង​ងាក​បែរ​មក​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់។​

ប្រទេស​ចិន​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​កម្ពុជា​យូរ​លង់​ណាស់​មកហើយ ​ជាពិសេស​ សម័យ​អតីត​ព្រះមហា​វីរៈក្សត្រ​សម្តេច​ឪ​ ព្រះ​នរោត្តម​សីហនុ។​ ចិនជា​ប្រទេស​ផ្តល់ជំនួយ​និង​វិនិយោគ​ដ៏ធំ​ជាងគេ​សម្រាប់​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG