ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ​គ.ជ.ប.​បើក​កញ្ចប់​សន្លឹក​ឆ្នោត​ដើម្បី​ពិនិត្យ​ភាព​មិន​ប្រក្រតី

  • គង់ សុឋានរិទ្ធ

ការិយាល័យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​នៅក្នុង​បរិវេណ​វិមាន​រដ្ឋ​ចម្ការមន។​
អគ្គ​លេខា​ធិកា​រគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​គឺលោក​ ទេព​ នីថា ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គ.ជ.ប.​នឹង​បើក​កញ្ចប់​សុវត្ថិភាព​“ក”​ចំនួន​ជាង​ដប់​ការិយាល័យ​បោះឆ្នោត​ក្នុង​ខេត្ត​ក្រចេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​ជំហាន​ផ្ទៀងផ្ទាត់​លទ្ធ​ផល​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់។​

យោង​តាម​សេចក្តី​សម្រេចនៅ​ថ្ងៃ​សុក្រ​ទី​២៣​ខែ​សីហា​នេះ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បង្គាប់​ឲ្យ​គ.ជ.ប.​បើក​កញ្ចប់​សុវត្ថិភាព​«ក»​នេះ​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​១៣​ក្នុង​ឃុំស្វាយ​ជ្រះ​នៃ​ខេត្ត​ក្រចេះ​ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់។ ​ហើយ​ការ​បើក​កញ្ចប់​សុវត្ថិភាព​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៥​ខែ​សីហា​ វេលា​ម៉ោង​៨​ព្រឹក។​

លោក​ទេព​ នីថា​បញ្ជាក់​បន្ថែម​ថា​ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​បណ្តឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​ចូល​រួម​ត្រួត​ពិនិត្យ។​

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​ «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ធ្វើ​សេចក្តី​សម្រេច​ឲ្យ​គ.ជ.ប.​បើក​កញ្ចប់​«ក»​នៅ​ខេត្ត​ក្រចេះ​ ប្រហែល​ជា​ដប់​កញ្ចប់។ ​ហើយ​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ​ពេល​ព្រឹក»។​

កញ្ចប់​សុវត្ថិភាព​«ក»​គឺ​ជា​កញ្ចប់​ផ្ទុក​ដោយ​ឯកសារនិង​ព័ត៌មានពី​ការ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​និមួយៗ​ដែល​ត្រូវ​ចុះ​ហត្ថលេខា​ដឹង​ឮ​ដោយភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម​ រង្ស៊ី ​និង​លោក​កឹម ​សុខា​បាន​ប្រកាស​ពី​ជ័យ​ជម្នះ​រៀងៗ ​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា ​ឆ្នាំ​២០១៣។ ​គណបក្ស​ជំទាស់​អះអាង​ថា​ ភាព​មិន​ប្រក្រតី​បាន​នាំ​ឲ្យ​ខ្លួន​បាត់​បង់​ចំនួន​អាសនៈ​ដែល​ត្រូវ​ទទួល​បាន​ជា​ច្រើន។​

គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​«អបអរសាទរ​និង​ស្វាគមន៍»​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ខាង​លើ។​

លោក​យឹម ​សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​ផ្ទៀង​ផ្ទាត់ភាព​មិន​ប្រក្រតី។ ​ហើយ​គណបក្ស​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​តាម​ខេត្ត​ក្រុង​ចំនួន​១៥។​

លោក​ថ្លែងថា៖​ «នេះ​គ្រាន់​តែ​ជា​ចំណុច​មួយ​ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​លើ​លទ្ធផល​ដែល​មាន​ក្នុង​ដៃ​គណបក្ស​សង្គ្រោះ​ជាតិ។ ​ហើយ​មាន​មណ្ឌល​ខ្លះ​ខ្វះ​ តែ​សំឡេងមួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​នឹ​ង​អាច​ទទួល​បាន​កៅអី​បន្ថែម​ទៀត។​ ដូច​ជា​ករណី​នៅ​ក្នុង​ខេត្ត​កណ្តាល​ជាដើម។ ​មិន​មែន​ត្រឹម​តែ​បើក​កញ្ចប់​«ក»​ទេ ​តែ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​ផង​ដែរ»។​

លោក​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​មួយ​ដែល​ហៅ​កាត់​ថា​ ខុមហ្វ្រែល ​មាន​ប្រសាសន៍​ថា​ គ.ជ.ប.​គួរតែ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​នេះ​នៅ​ទូទាំង​ប្រទេស​ដើម្បី​បង្ហាញ​ពី​តម្លា​ភាព។

លោក​និយាយថា៖​ «គឺ​បើក​ឲ្យ​គ្រប់​ទៅ​ដើម្បី​ឲ្យ​គេ​ចាប់​(បើក)​ដោយ​ចៃដន្យ​ដើម្បី​ផ្ទៀង​ផ្ទាត់​មើល​ពី​លទ្ធផល​ និង​ពិនិត្យ​មើល​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់​ទិន​លទ្ធផល​បោះឆ្នោត​និង​ឯកសារ​នានា​នៅ​ក្នុង​កញ្ចប់​«ក»​ដូចជា​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​បាន​បោះ​រួច​ជាដើម»។​

ទោះ​ជាយ៉ាងណា​ លោក​ទេព​ នីថា​បញ្ជាក់ថា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​អាច​អនុវត្ត​លើស​ពីសេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ពេល​នេះ​បាន​ទេ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG