កាលពីឆ្នាំ១៩៦៩ បន្ទាប់ពីមានភាពរកាំរកូសរហូតមានការផ្ដាច់ទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេល៤ឆ្នាំ រដ្ឋាភិបាលនៃរបបសង្គមរាស្ត្រនិយមនិងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញ ដើម្បីផ្តល់ប្រយោជន៍នយោបាយឲ្យគ្នាទៅវិញទៅមកនៅចំពោះមុខនៃការឆាបឆេះសន្ធោសន្ធៅនៃសង្គ្រាមវៀតណាមដែលនៅក្បែរខាង។
ការផ្ដាច់ទំនាក់ទំនងកើតមាន ខណៈនយោបាយអព្យាក្រឹត្យរបស់របបដឹកនាំប្រទេសកម្ពុជានាគ្រានោះ ត្រូវបានសហរដ្ឋអាមេរិកចោទថា បានល្អៀងទៅរកនិន្នាការខាងឆ្វេង ហើយអាមេរិកខ្លួនឯងក៏ត្រូវបានចោទថាគាំទ្រក្រុងបាងកក និងក្រុងសៃហ្កន់ដែល «រំលោភបំពាន» ទឹកដីកម្ពុជា។
៥០ឆ្នាំក្រោយមក ព្រឹត្តិការណ៍ស្រដៀងគ្នាបានកើតមានសារជាថ្មី តែមិនមែនជាការភ្ជាប់ការទូតជាផ្លូវការឡើងវិញដូចឆ្នាំ១៩៦៩ នោះទេ។
នៅក្នុងខែវិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសរសេរលិខិតរកគ្នាស្វះស្វែងរកការ«ស្ដារ»ទំនាក់ទំនងដែលជួបភាពរកាំរកូសអស់ពេលប៉ុន្មានឆ្នាំមកនេះ។
ក្នុងលិខិតមួយផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកប្រធានាធិបតីអាមេរិក Donald J Trump បានលើកឡើងបង្ហាញជំហរថា អាមេរិក«មិនស្វះស្វែងរកការផ្លាស់ប្ដូររបប»ដឹកនាំប្រទេសកម្ពុជាឡើយ តែអាមេរិកចង់បានឱ្យកម្ពុជា«ត្រឡប់»មករកការដឹកនាំតាមបែបប្រជាធិបតេយ្យឡើងវិញ។
ដោយមិនបានបញ្ជាក់ច្បាស់លាស់ លិខិតរបស់លោក Trump បានបន្ថែមថា៖
«ខ្ញុំសង្ឃឹមថា លោក [នាយករដ្ឋមន្ត្រី ហ៊ុន សែន] នឹងពិនិត្យឡើងវិញនូវការសម្រេចមួយចំនួន ដែលរដ្ឋាភិបាលរបស់លោកបានប្រកាន់យក ដោយសហរដ្ឋអាមេរិកជឿជាក់យ៉ាងមុតមាំថា សេចក្ដីសម្រេចទាំងនោះ បានដាក់ឱ្យស្ថិតក្នុងហានិភ័យដ៏ធំធេង នូវអធិបតេយ្យភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា»។
ក្នុងលិខិតឆ្លើយតបចុះថ្ងៃទី២៦ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក Trump ថា រដ្ឋាភិបាលលោក ចង់ «ស្ដារឡើងវិញនូវទំនុកចិត្តនិងជំនឿចិត្ត» រវាងប្រទេសទាំងពីរ។ លិខិតមានអត្ថន័យដើមថា៖
«ខ្ញុំយល់ថា យើងមិនត្រូវឱ្យខ្លួនយើងក្លាយជាចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្ររបស់យើងនោះទេ»។
លោកបណ្ឌិត ផាត់ កុសល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យក្រុងញូវយ៉ក CUNY បានលើកឡើងថា របៀបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រវត្តិគ្រប់គ្រាន់នឹងគូសបង្ហាញថា លោកមានការបត់បែន និងយុទ្ធសាស្ត្រដើម្បីបញ្ចៀសទណ្ឌកម្មនានាពីសំណាក់បស្ចិមលោក ជាពិសេសពីអាមេរិក។
អ្នកជំនាញរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកយ៉ាងដូច្នេះថា៖
«គាត់[នាយករដ្ឋមន្ត្រី ហ៊ុន សែន]អាចប្រើរួមគ្នាទាំងយុទ្ធសាស្ត្រវិធីសាស្ត្រ ចាក់បណ្ដោយផង និងទប់ទល់ផង ដើម្បីដោះស្រាយសម្របជាមួយនឹងសម្ពាធដែលចេះតែកើនឡើងពីសំណាក់បស្ចិមលោក»។
ក្រៅតែពីសាវតាចាស់ ដែលក្រុមរបបគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តខ្លួនប្រមូលផ្ដុំដាក់ទណ្ឌកម្ម ពេលចូលមកកាន់អំណាចភ្លាមៗកាលពីឆ្នាំ១៩៧៩ មានព្រឹត្តិការណ៍នានានារយៈពេល១ទសវត្សរ៍កន្លងមកនេះ បានរុញស្ថានការណ៍នៃការមិនទុកចិត្តគ្នា កាន់តែខ្លាំងឡើងៗ រាប់ចាប់តាំងពីពេលដែលកម្ពុជាបញ្ជូនជនភៀសខ្លួន Uighur ឱ្យទៅចិន កាលពីឆ្នាំ២០០៩មក។
បើទោះជាមានវត្តមាននៃដំណើរទស្សនកិច្ចក្នុងឆ្នាំ២០១៦របស់លោក John Kerry ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅភ្នំពេញយ៉ាងណាក្ដី ទំនាក់ទំនងទ្វេភាគីត្រូវបានគេមើលឃើញថា បានធ្លាក់ចុះជាលំដាប់ រហូតដល់ចុងឆ្នាំដដែល ប្រទេសកម្ពុជាបានសម្រេចផ្អាកសមយុទ្ធយោធារួមប្រចាំឆ្នាំ ហើយចាប់ផ្ដើមហ្វឹកហ្វឺនលំហាត់សមយុទ្ធជាមួយប្រទេសចិនទៅវិញ។
ពីខាងសហរដ្ឋអាមេរិក កម្ពុជាត្រូវបានបន្ទោសចំពោះជំហរស្របជាមួយប្រទេសចិន ដែលជាគូប្រជែងផ្នែកយុទ្ធសាស្ត្រដ៏ធំចម្បងរបស់អាមេរិក ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ដោយចិនមិនគាំទ្រឱ្យមានការធ្វើអន្តរជាតូបនីយកម្មនៃជម្លោះដែនទឹកដ៏ស្រួចស្រាល់ក្នុងតំបន់អាស៊ីអគ្នេយ៍នេះឡើយ។
សហរដ្ឋអាមេរិកបានបរិហារចំៗចំពោះការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងការរឹតត្បិតលើសេរីភាពក្នុងប្រទេសកម្ពុជា ដែលរហូតដល់ឆ្នាំ២០១៧ មានផ្ទុះការបង្ក្រាបផ្នែកនយោបាយដ៏រន្ថើន ដែលឈានទៅដល់ការបិទការិយាល័យបណ្ដាញសារព័ត៌មានមួយចំនួនដែលបរិហារមិនសំចៃមាត់លើរដ្ឋាភិបាល ការបង្ក្រាបទៅលើសង្គមស៊ីវិល និងការរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំ មុនពេលដែលមានការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ក្រសោបយកអំណាចដឹកនាំរដ្ឋទាំងស្រុង នៅសភាទាំងពីរ និងនៅថ្នាក់មូលដ្ឋាន។
សហរដ្ឋអាមេរិកខ្លួនឯងត្រូវរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ថា នៅពីក្រោយខ្នងគណបក្សជំទាស់ ក្នុងការរៀបចំឲ្យមានការផ្លាស់ប្ដូររបបដឹកនាំប្រទេសកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងអំណាចតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ជាប្រមុខ តាមរយៈការបំផុសបំផុលអំណាចមហាជន ក្នុងអ្វីដែលត្រូវបានបរិយាយថាជា«បដិវត្តន៍ពណ៌»។
ការមិនទុកចិត្តគ្នាមានកាន់តែខ្លាំងឡើង នៅពេលដែលសហរដ្ឋអាមេរិកដាក់ការសង្ស័យថា ការវិនិយោគរបស់ចិនដែលកាន់កាប់ប្រមាណ២០%នៃឆ្នេរសមុទ្រភាគនីរតីរបស់ប្រទេសកម្ពុជា អាចនឹងត្រូវបានប្រើប្រាស់ដើម្បីប្រយោជន៍យោធាចិននាពេលអនាគត តាមរយៈផែទឹកជ្រៅ និងវាលយន្តហោះកណ្ដាលព្រៃភ្នំក្នុងខេត្តកោះកុង។
ការចោទប្រកាន់មួយផ្សេងទៀតកើតឡើងពាក់កណ្ដាលឆ្នាំ២០១៩នេះ ថា ចិនបានចុះព្រមព្រៀងសម្ងាត់ដើម្បីឱ្យទ័ពជើងទឹកខ្លួន អាចប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅតំបន់រាម ខេត្តព្រះសីហនុ។ កម្ពុជាបានបដិសេធការចោទប្រកាន់ទាំងនោះ។
អ្វីៗហាក់មានការប្រែប្រួលពេលដែលលោក W Patrick Murphy អ្នកការទូតដ៏មានបទពិសោធន៍នៃក្រសួងការបរទេសអាមេរិក ចូលមកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីខែកញ្ញានេះ ដើម្បីបំពេញតំណែងដែលនៅចំហជិតមួយឆ្នាំ។ លោកបានជួបលោក ហ៊ុន សែន ពីរដងដើម្បី និយាយពីការពង្រឹងទំនាក់ទំនង ហើយដែលក្នុងជំនួបលើកទីពីរ អ្នកការទូតរូបនេះបានជូនសំបុត្រលោក Trump ទៅឱ្យលោក ហ៊ុន សែន ដោយផ្ទាល់ដៃ។
លើវិស័យយោធាវិញ ការផ្សាភ្ជាប់ទំនាក់ទំនងបានមានឡើងវិញជាបណ្ដើរៗក្នុងឆ្នាំនេះ ដែលមានការជួបប្រជុំគ្នាជាបន្តបន្ទាប់រវាងមន្ត្រីសន្តិសុខជាន់ខ្ពស់នៃប្រទេសទាំងពីរ។ កូនប្រុសច្បងលោក ហ៊ុន សែន គឺលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេទ័ពជើងគោកកម្ពុជា ក៏បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដែរក្នុងឆ្នាំនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្ដមសេនីយ៍ ឈុំ សុជាតិ បានលើកឡើងថា មិនទាន់មានការជជែកណាមួយរវាងមន្ត្រីយោធាប្រទេសទាំងពីរដើម្បីឈានទៅចាប់ផ្ដើមរៀបចំឡើងវិញលំហាត់ហ្វឹកហ្វឺនរួមគ្នាដែលធ្លាប់មានពីមុនមក និងដែលគេស្គាល់ឈ្មោះថា«ឆ្មាំអង្គរ» (Angkor Sentinel) និងកម្មវិធីដទៃទៀត ដែលបានផ្អាកអស់ពេលបីឆ្នាំមកហើយ [។
លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី បាននិយាយថា លោកបានមើលឃើញអំពីការផ្លាស់ប្ដូររបៀបធ្វើការ និងឥរិយាបថនៃការប្រាស្រ័យទាក់ទងរបស់សហរដ្ឋអាមេរិក ជាមួយនឹងរដ្ឋាភិបាលកម្ពុជា តែថា នយោបាយការបរទេសដែលផ្ដោតទៅលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនទំនងជាផ្លាស់ប្ដូរឡើយ។
«[ចំពោះរឿង]លទ្ធិប្រជាធិបតេយ្យ នៅក្នុងនោះប្រទេសទាំងពីរនៅតែមិនទាន់យល់ស្របគ្នានៅឡើយទេ ថ្វីត្បិតថាក្នុងសារលិខិតសម្ដេចនាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា ប្រទេសកម្ពុជានឹងខិតខំប្រឹងប្រែងអនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែរបៀបដែលការអនុវត្តនោះយ៉ាងណាមិនទាន់មានការនិយាយយល់ស្របពីភាគីទាំងពីរទេ»។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA តាមទូរសព្ទយ៉ាងដូច្នេះថា៖
«សហរដ្ឋអាមេរិកមិនដែលចង់បោះបង់ប្រទេសកម្ពុជា ហើយឱ្យប្រទេសកម្ពុជាទៅប្រទេសចិន ហើយឱ្យប្រទេសកម្ពុជាទៅប្រទេសណាទេ អ៊ីចឹងមានន័យថា សហរដ្ឋអាមេរិកនៅតែចាត់ទុកកម្ពុជាថា ដើរតួសំខាន់ នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួននៅតំបន់ដែលខ្លួនហៅថាឥណ្ឌូប៉ាស៊ីហ្វិកនេះ»។
ដោយប្រើប្រាស់ចំណងទាក់ទងយ៉ាងជិតស្និទ្ធជាប្រពៃណីរបស់លោកដែលមានស្រាប់ជាមួយទីក្រុងហាណូយ ដែលបច្ចុប្បន្នស្និទ្ធស្នាលផ្នែកយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក លោក ហ៊ុន សែន អាចផ្ដល់ការធានាកាន់តែមុតមាំសម្រាប់ អាមេរិកថា កម្ពុជានឹងមិនផុងខ្លួនទៅជារដ្ឋរណបចិនឡើយ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ផាត់ កុសល។
«ល្គឹកណារដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅបន្តមានការតាំងចិត្តថា នឹងមិនអនុញ្ញាតឱ្យចិនមាន ឬប្រើប្រាស់ផ្នែកណាមួយនៃទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាចិន ខ្ញុំទស្សន៍ទាយថា រដ្ឋការលោក Trump នឹងមិនមានក្ដីប្រាថ្នាក្នុងការដាក់ទណ្ឌកម្មជាអតិបរមាលើប្រទេសកម្ពុជានោះទេ»។
លោក ប៉ូ សុវីនដា នៃសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី បានលើកឡើងថា គ្មាននរណាច្បាស់ទេថា ការស្ដារទំនាក់ទំនងនឹងអាចបានល្អ និងមាននិរន្តរភាពប៉ុណ្ណា ខណៈដែលគណបក្សប្រជាជនកម្ពុជា ក៏ត្រូវគិតគូរអំពីជំហរ និងការធ្វើតុល្យភាពទាំងនយោបាយក្នុងស្រុកផង និងនយោបាយក្រៅស្រុកផង ដើម្បីបន្តស្ថិតក្នុងអំណាចដឹកនាំរដ្ឋ។
ដំណើរនៃការឈានទៅស្វះស្វែងរកគ្នារវាងកម្ពុជានិងអាមេរិកនេះ បានកើតមានឡើងព្រមពេលជាមួយគ្នាដែល កម្ពុជាកំពុងមានភាពប្រទាំងប្រទើសនឹងសហភាពអឺរ៉ុបដែលបានកំពុងពិនិត្យពិច័យពិចារណាដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធនាំចូលទីផ្សាររបស់ខ្លួនជាការឆ្លើយតបនឹងអ្វីដែលត្រូវបានបរិយាយថា ការដើរចាកប្រាសពីគន្លងនៃការដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ៕