ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​អាមេរិក៖​ កម្ពុជា​​គួរ​​រាប់​​អាន​​ចិន ​​តែ​​ត្រូវ​​ប្រយ័ត្ន​​ប្រយែង


លោក W. Patrick Murphy ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​ព័ត៌មាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​របស់ VOA កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ (អូន ឆេងប៉រ/VOA)
លោក W. Patrick Murphy ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​ព័ត៌មាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​របស់ VOA កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ (អូន ឆេងប៉រ/VOA)

អ្នករិះគន់​កន្លង​មក​បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ការពឹងពាក់​របស់​កម្ពុជា​លើ​ប្រភព​តែមួយ​នៃ​លំហូរ​ទុន​វិនិយោគ​ចិន​ ​រហូត​មានការ​សង្ស័យ​ពី​ចេតនា​របស់​ចិន​ ​ថា​មាន​របៀបវារៈ​សន្តិសុខ​បង្កប់​ក្រោយ​សេដ្ឋកិច្ច។​​

នៅ​ក្នុង​បទ​សម្ភាសន៍​ដំបូង​ជាមួយ​អ្នកសារព័ត៌មាន​ ​លោក​ ​W. Patrick Murphy​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ​គួរ​ណាស់​តែ​រក្សា​ទំនាក់ទំនង​ល្អ​ ​ជាមួយ​ប្រទេស​ចិន​ ​តែ​ព្រមពេល​ជាមួយ​គ្នា​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​លើ​បញ្ហា​នានា​ទាក់ទង​នឹង​លុយកាក់​ ​និង​អធិបតេយ្យភាព​របស់​ប្រទេស​ផង​ដែរ។​ ​

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​កាលពី​ពេល​ថ្មីៗ​នេះ​ ​បាន​លើក​ឡើង​ថា​ អាមេរិក​មិន​មាន​សេចក្តី​អាក់អន់​ស្រពន់ចិត្ត​នោះ​ឡើយ​ ​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អជា​មួយ​ប្រទេស​ចិន​ ​តែ​លោក​ថា ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ជំហាន​ដើរ​របស់​ខ្លួន​ផង​ដែរ។​

​លោក​ ​W. Patrick Murphy​ ​ដែល​ទើបបាន​មកដល់​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​កញ្ញា​ ​ដើម្បី​បំពេញ​មុខ​នាទី​ជា​ប្រមុខ​ការទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ផ្ដល់​បទ​សម្ភាសន៍​ផ្ដាច់មុខ​មួយ​ដល់​ VOA ​នៅ​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី១៣​ ​ខែ​ធ្នូ​ ​ដោយ​លោក​បាន​រំឭក​ថា ​កម្ពុជា​អាច​ជ្រើស​រើស​ប្រទេស​ដៃគូ​តាម​ចិត្ត​ចង់​បាន​ ​តែ​ត្រូវ​គិត​ពី​ចីរភាព​នៃ​ហិរញ្ញវត្ថុ​ ​ប្រយោជន៍​ប្រជាជន​ ​និង​អធិបតេយ្យ​ភាពជាតិ។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

​«កម្ពុជា​គួរតែ​មាន​ទំនាក់​ទំនង​ល្អជា​មួយ​នឹង​ប្រទេស​ចិន។​ ​សហរដ្ឋអាមេរិក​ខ្លួនឯង​ក៏​ស្វះស្វែង​ចង់បាន​នូវ​ទំនាក់ ទំនង​ល្អជា​មួយ​ប្រទេស​ចិន​ដូចគ្នា​ដែរ។​ ​វា​អាច​នឹង​ស្មុគស្មាញ​ ​តែ​ប្រទេស​ចិន​ជា​ប្រទេស​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​នេះ​ ​ហើយក៏​ជា​ប្រទេស​ដ៏​សំខាន់​មួយ​សម្រាប់​បណ្ដា​ប្រទេស​នានា​ដូចជា​សម្រាប់​កម្ពុជា​ជាដើម»។

សូម​ទស្សនា​បទ​សម្ភាសន៍​ទាំង​ស្រុង​ត្រង់​នេះ៖

​ប្រទេស​ចិន​ ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ​ខណៈ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​របស់​សាកលលោក​មួយ​នេះ​ ​ក៏​ជា​រដ្ឋ​ដែល​គ្រប់គ្រង​ជិត​ពាក់​កណ្ដាល​នៃ​ ​បំណុល​ជាង​៧,២ពាន់​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​បរទេស។​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចិន​មាន​ទៅ​ដល់​ប្រមាណ​៧ពាន់​លាន​ដុល្លារ​ ​កាលពី​ឆ្នាំ២០១៨។

​យ៉ាង​ណាក្ដី​លោក​ ​W. Patrick Murphy​ ​ក៏​បាន​លើកឡើង​ផង​ដែរ​ថា៖​

​«អ្វី​ដែល​យើង​លើក​ឡើង​គឺ​ថា​ ​កម្ពុជា​គួរ​តែ​ពិចារណា​ទៅ​លើ​ទំនាក់​ទំនង​របស់​ខ្លួន​ ​មិន​គួរ​នៅ​ខ្ទាស់​ជាប់​ទាំងស្រុង​ជាមួយ​ប្រទេស​តែមួយ​នោះ​ទេ។​ ​កម្ពុជា​មានដៃ​គូ​ជាច្រើន​ ​ហើយ​កម្ពុជា​គួរ​តែ​គិតគូរ​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​លក្ខខណ្ឌ​ភ្ជាប់​ជាមួយ​នឹង​ជំនួយ​ ​ប្រាក់កម្ចី​ ​និង​ការ​វិនិយោគ​នានា​ ​ឱ្យ​ស្រប​ទៅ​តាម​និយាម​អន្តរជាតិ​ ​និង​តាម​គោលបំណង​ជាក់ស្ដែង​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ ​ដែល​ធានា​នូវ​តម្លាភាព​ ​ការ​ប្រឆាំង​អំពើពុករលួយ​ ​និង​ការ​វិនិយោគ​ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ ​ដែល​រស់នៅ​តាម​មូលដ្ឋាន។​ ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​សម្រេច​ជ្រើស​រើស​ប្រទេស​ជា​ដៃគូ»។

​លំហូរ​នៃ​ទុន​វិនិយោគ​របស់​ចិន​បាន​និង​កំពុង​ផ្លាស់ប្ដូរ​ទីក្រុង​ជាប់មាត់​សមុទ្រ​ ​ព្រះសីហនុ​ ​និង​បាន​ដើរតួ​នាទី​ស្នូល​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​និង​សំណង់។​ អ្នក​ជំនួញ​ចិន​ក៏បាន​កសាង​កាស៊ីណូ​រាប់​សិប​នៅ​ទីនោះ​ផង​ដែរ។​ ​អ្នករិះគន់​បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ការពឹងពាក់​របស់​កម្ពុជា​លើ​ប្រភព​តែមួយ​នៃ​លំហូរ​ទុន​វិនិយោគ​ ​រហូត​មានការ​សង្ស័យ​ពី​ចេតនា​របស់​ចិន​ ​ថា​មាន​របៀបវារៈ​សន្តិសុខ​បង្កប់​ក្រោយ​សេដ្ឋកិច្ច។

​ស្ថានទូត​ចិន​នៅ​ភ្នំពេញ​មិនបាន​ឆ្លើយតប​សារ​អេឡិចត្រូនិក​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

​ក្នុង​ខែ​កក្កដា​ ​កាសែត Wall​ ​Street​ ​Journal​ ​ដ៏​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​ ​បាន​ផ្សាយ​របាយ​ការណ៍​មួយ​ថា​ ​ប្រទេស​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា​ ​ដើម្បី​អាច​មាន​លទ្ធភាព​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ។ របាយការណ៍​នេះ​ត្រូវ​បាន​ភាគី​កម្ពុជា​បដិសេធជា​បន្ត​បន្ទាប់

​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​មួយ​រូប​នៅ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៃ​កងទ័ព​អាមេរិក​ ​លោក​ ​Joel​ ​B​.​ ​Vowell​ ​ថែម​ទាំង​បាន​និយាយ​ជា​សាធារណៈ​បញ្ជាក់​ពី​កិច្ច​ព្រមព្រៀង​សម្ងាត់​ខាងលើ​ថែមទៀត​ផង​។​ ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា​មិន​មានការ​ចុះ​កិច្ច​ព្រមព្រៀង​បែប​នេះ​ឡើយ​។​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​បដិសេធ​ថា​ខ្លួន​មិន​មានបំណង​ប្រើប្រាស់​កម្ពុជា​សម្រាប់​មូលដ្ឋានទ័ព​នោះ​ទេ​។

រូប​ឯកសារ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញអ្នកសារព័ត៌មាននូវអគារ Boat Maintenance Facility ដែលសាងសង់ដោយសហរដ្ឋអាមេរិក ទៅកាន់អ្នកយកព័ត៌មានដែលត្រូវបានអញ្ជើញឲ្យទស្សនាមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
រូប​ឯកសារ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញអ្នកសារព័ត៌មាននូវអគារ Boat Maintenance Facility ដែលសាងសង់ដោយសហរដ្ឋអាមេរិក ទៅកាន់អ្នកយកព័ត៌មានដែលត្រូវបានអញ្ជើញឲ្យទស្សនាមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ចំណុច​នេះ​ ​លោក​ ​W. Patrick Murphy​ ​ហាក់​បាន​បរិយាយ​ត្រឹមតែ​ការ​យោង​តាម​អត្ថបទ​សារព័ត៌មាន​ ​ដោយ​លោក​ថា៖

​«យើង​បាន​សម្ដែង​នូវ​ក្ដី​ព្រួយបារម្ភ​របស់​យើង​ទាំង​ជា​សាធារណៈ​ ​និង​ជា​លក្ខណៈ​ឯកជន​ ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ ​ថា​ ​បើសិនជា​សេចក្ដី​រាយការណ៍​ទាំងនោះ​ពិតជា​ត្រឹមត្រូវ​មែន​នោះ​ ​ហើយ​បើសិនជា​មានការ​រៀបចំ​ដូច្នោះ​មែន​ ​នោះ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​រាប់មិនអស់​ទៅលើ​អធិបតេយ្យ​ភាព​ ​និង​ឯករាជ្យ​ភាព​របស់​កម្ពុជា​ ​ហើយ​ទីបំផុត​វា​ក៏​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក​ ​និង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ»។

​លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ជាសមាជិក​ព្រឹទ្ធសភា​ ​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន​ ​សែន​ ​បាន​គិតគូរ​រួចមក​ហើយ​អំពី​បញ្ហា​ប្រាស្រ័យ​ទាក់ទង​ដោយ​ប្រយ័ត្ន​ជាមួយ​ប្រទេស​ដទៃ។

​មន្ត្រី​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​ ​បាន​ប្រាប់​ VOAថា៖

​«អ៊ី​ចឹង​ខ្ញុំ​យល់​ថា​ ​ការ​ព្រួយបារម្ភ​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ក៏​ជា​ការ​ទាញ​អារម្មណ៍​មួយកាន់​តែ​បង្កើន​ការ​ទទួល​ខុស​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​របស់​គណបក្សប្រជាជន​កម្ពុជា​ ​បាទ​ ​ក្នុង​បញ្ហា​ទាក់ទង​នឹង​បំណុល​នេះ»។

​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិក​ ​ស្ថិត​ក្នុង​ស្ថានភាព​រអាក់រអួល​នា​ពេល​កន្លងមក។​ ​កម្ពុជា​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា​ ជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​ប្រឆាំង​ ​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន។ ​ប៉ុន្តែ​ថ្មីៗ​នេះ​ ​មានការ​ឆ្លើយឆ្លង​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ ​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ស្ដារ​ទំនាក់​ទំនង​ឱ្យ​ប្រសើរ​ជាង​មុន​ផង​ដែរ។

​លោក​បណ្ឌិត​ ​អៀ​ ​សុផល​ ​សាស្ត្រាចារ្យ​ជំនាញ​កិច្ចការ​អន្តរជាតិ​ ​នៅ​មហាវិទ្យាល័យ​ ​Occidental​ ​សហរដ្ឋអាមេរិក​ ​បាន​លើកឡើង​ថា​ ​លោក​យល់ស្រប​ជាមួយ​លោក​ ​Murphy​ ​ដែល​ថា​កម្ពុជា​គួរតែ​រក្សា​ទំនាក់ទំនង​ល្អ​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាមួយ​ប្រទេស​ចិន​ ​ហើយ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ទុក​ទីក្រុង​វ៉ាស៊ីនតោន​ថា​ជា​«​តួ​ចិត្តអាក្រក់​»​នោះ​ទេ។

​អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​ ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

​ទីក្រុង​ភ្នំពេញ​គួរតែ​តោង​យល់ថា​«​ការ​ដាក់​ស៊ុត​ទាំងអស់​ចូល​ទៅ​ក្នុង​កន្ត្រក​របស់​ចិន​នឹង​មិនល្អ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ​តែ​មើលទៅ​ ​រដ្ឋាភិបាល​កម្ពុជាហាក់​ដូច​ជា​កំពុងតែ​ពុល​ជាមួយ​ប្រាក់​កាស​ ​និង​ភាព​ឡូយឆាយ​ ​ដែល​ចិន​ផ្ដល់​ឱ្យ​។​ ​នេះ​ជា​ប្រការ​ដែល​នាំ​ឱ្យ​ឈ្លក់​វង្វេង​ណាស់»។

​លោក​បណ្ឌិត​ ​អៀ​ ​សុផល​ ​បាន​បន្ថែម​ថា៖​

«ដោយ​ពិនិត្យ​ពិចារណា​អំពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក​ដែល​កំពុង​បន្ត​កើតមាន​ ​និង​ការប្រកួត​ប្រជែង​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ក្រៅ​ប្រទេស​ ​ដែល​មាន​សភាព​កាន់តែ​ស្រួច​ស្រាល់​ ​កម្ពុជា​មិន​គួរ​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​មាន​មូលដ្ឋាន​យោធា​នៅក្នុង​ប្រទេស​នោះ​ឡើយ​។​ ​ប្រទេស​កម្ពុជា​គួរតែ​ជា​របស់​ប្រជាជន​កម្ពុជា​ ​មិនមែន​ជា​របស់​ក្រុម​អភិជន​មាន​លុយ​មានអំណាច​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​នោះ​ឡើយ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG