ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បង្ហាញ​កង្វល់​ជា​ថ្មី​ចំពោះ​ព័ត៌មាន​លើក​ឡើង​ពី​លទ្ធភាព​ការតាំង​មូលដ្ឋាន​ទ័ព​បរទេស​នៅ​កម្ពុជា


រូបឯកសារ៖ ទង់ជាតិអាមេរិកាំង បក់រវិចៗ​ក្បែរ​វិមានសភា​​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ ។
រូបឯកសារ៖ ទង់ជាតិអាមេរិកាំង បក់រវិចៗ​ក្បែរ​វិមានសភា​​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ ។

រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិកបន្ត​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​តាំង​មូល​ដ្ឋានកងទ័ព​បរទេស​ដែល​ត្រូវ​បាន​គេរាយ​ការណ៍​កន្លង​មក​ថា​ ​អាចមាន​លើ​ទឹកដី​ប្រទេស​កម្ពុជា​នោះ ហើយ​ដែល​អាច​គំរាម​កំហែង​ដល់​សន្តិសុខក្នុង​តំបន់។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញ​ដោយស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

ការ​បញ្ជាក់​ជាថ្មី​នៃ​កង្វល់​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះលទ្ធភាព​នៃ​វត្តមាន​កងទ័ព​បរទេស​លើ​ទឹក​ដី​កម្ពុជា​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ការ​បក​ស្រាយលើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គ​មេ​បញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ដែល​ថា​ ​លោក​ W. Patrick Murphy​ ​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ក្នុង​ជំនួប​ជា​មួយ​នាយ​ឧត្តម​សេនីយ៍​វង្ស ពិសេន​ អគ្គ​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​ថា​ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​កន្លង​មក​ពី​មូលដ្ឋាន​យោធាចិននៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ «គឺ​ជា​ការ​មិន​ពិត»។​

ស្ថានទូត​អាមេរិក​បាន​ប្រតិកម្ម​ក្នុងសេចក្តី​ប្រកាសតាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទាំងអាក់​អន់​ចិត្ត​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖​

«ដើម្បី​ជា​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ ​លោក​ឯក​អគ្គរដ្ឋទូត ​និង​សហ​រដ្ឋ​អាមេរិក​នៅ​តែ​មាន​កង្វល់​ចំពោះ​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយស្តី​ពី​លទ្ធភាព​ដែល​អាច​មាន​គ្រឿង​បរិក្ខា​យោធា​បរទេស​នៅ​កម្ពុជា។​ បើ​មាន​ដូច្នេះ​មែន​គឺ​អាច​គំរាម​កំហែង​ដល់​អធិប​តេយ្យភាព​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​ស្ថិរភាព​តំបន់»។​

សេចក្តី​ប្រកាស​របស់​ស្ថានទូត​អាមេរិក​ធ្វើ​ឡើងតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ការ​ជួប​ពិភាក្សា​រវាង​ឯក​អគ្គរដ្ឋ​ទូតលោក ​Murphy ​និង​លោក​វង្ស ពិសេន ​អគ្គ​មេបញ្ជាការ​កងយោធពល​ខេមរ​ភូមិន្ទ​ នៅ​អគ្គ​មេ​បញ្ជាការ​ដ្ឋាន​កងទ័ព​កម្ពុជា​ នា​ទី​ក្រុង​ភ្នំពេញ។​

VOA ​មិនទាន់​អាច​ទាក់​ទង​ឧត្តម​សេនីយ៍​ទោ​ថោង សូលីម៉ូ​ អ្នក​នាំពាក្យ​អគ្គ​បញ្ជាការដ្ឋាន​កង​យោពល​ខេមរ​ភូមិន្ទ​ និង​នាយ​ឧត្តម​សេនីយ៍​ឈុំ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ទេ ​នៅថ្ងៃ​សុក្រ​នេះ។​

ក្នុង​ជំនួប​រវាង​លោក​ Murphy ​និង​លោកវង្ស ពិសេនកាលពី​ថ្ងៃ​ទី៣​ខែធ្នូ ​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ បេសក​កម្ម​ថែរក្សា​សន្តិភាព​ និង​សកម្ម​ភាព​បោស​សម្អាត​គ្រាប់មីន។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​មួយ​របស់​ស្ថានទូត​អាមេរិក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

​ស្ថានទូត​អាមេរិក​បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ លោក​ឯក​អគ្គ​រដ្ឋទូត ​Murphy ​ក៏​បាន​ពិភាក្សា​ពី​ភាព​ជឿន​លឿនចាំ​បាច់​សម្រាប់​ពង្រីក​កិច្ច​សហការ​ផ្នែក​សន្តិសុខ​ ដែល​រួម​មាន​«ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការពារ​អធិបតេយ្យ​ភាព​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​មិន​ឲ្យមានការ​តាំង​មូលដ្ឋាន​យោធា​បរទេស»។​

ក៏​ប៉ុន្តែភាគី​អគ្គ​មេ​បញ្ជាការ​ដ្ឋាន​កងទ័ព​កម្ពុជាផ្តល់​ការ​កត់​សម្គាល់​ផ្ទុយ ​នៅ​ត្រង់​ការ​ពិភាក្សា​អំពី​អធិប​តេយ្យ​ភាព​ និង​លទ្ធភាព​នៃការ​តាំង​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អគ្គ​មេបញ្ជា​ការដ្ឋាន​កងទ័ព​កម្ពុជា ​ដែល​បាន​ចេញ​ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​បន្ទាប់​ពី​ជំនួបភាគី​ទាំង​ពីរ។​

អគ្គ​មេ​បញ្ជា​ការដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទបាន​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនថា​ ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​«ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​ព័ត៌មាន​កន្លង​មក​ដែល​បាន​ផ្សព្វផ្សាយ​ថា​ ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​លើទឹក​ដី​របស់​ខ្លួន ​ហើយ​ដែល​បញ្ហា​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ធ្វើ​ការ​បដិសេធ​ជា​ច្រើន​ដង​រួច​មក​ហើយ​ដែរ​ ក្នុង​នោះ​ថែម​ទាំង​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​ជាតិ​ អន្តរជាតិជា​ច្រើន​ស្ថាប័ន​ ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ដែល​មាន​ការ​សង្ស័យ​ទៀត​ផង»។

អគ្គ​មេ​បញ្ជាការដ្ឋាន​បាន​បន្ថែម​ក្នុង​ន័យ​ដើ​មថា៖​

«ឯក​អគ្គរដ្ឋទូត​បាន​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​នេះ​គឺ​ជា​ការ​មិន​ពិត​ ​ហើយ​ដែល​ចង់​ធ្វើ​ឲ្យ​បាត់​បង់​ស្ថិរភាព​តែ​ប៉ុណ្ណោះ»។​

រូបឯកសារ៖ លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធិ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​(Asian Vision Institute)។
រូបឯកសារ៖ លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធិ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​(Asian Vision Institute)។

លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធិ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​(Asian Vision Institute) ​ប្រាប់​ VOA​ តាម​បណ្តាញ​ទំនាក់​ទំនង​សង្គមថា ការ​ប្រកួត​ប្រជែងអំណាច​រវាងអាមេរិក​ និង​ប្រទេសចិន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មិន​ទាន់​ចុះ​ថម​ថយ​នោះ​ នឹង​មិន​អាច​បន្សាប​ការ​បារម្ភ​របស់​អាមេរិកចំពោះ​ដំណឹង​ដែល​ផ្សាយ​ពី​លទ្ធភាព​ដែល​ចិន​អាច​តាំង​មូលដ្ឋានទ័ព​នៅ​កម្ពុជា​បាន​ទេ។​

«ក៏​ប៉ុន្តែ​អ្វី​ដែល​កម្ពុជាត្រូវ​ធ្វើ​បន្ថែម​គឺ​នៅ​តែ​បន្ត​ ខំ​បន្ត​ពន្យល់​ទៅ​ដល់​សហ​រដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​សហ​រដ្ឋ​អាមេរិក​គេ​ហៅ​ថា​ ​ដើម្បី​យល់​អំពី​គោល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​ ជា​ពិសេស​គោល​នយោបាយ​ការពារ​ជាតិ​ហ្នឹង​ ដែល​មាន​ភាព​ឯករាជ្យ​ អធិប​តេយ្យ​ហ្នឹង​ជា​ដើម។​ អ៊ីចឹង​វាត្រូវ​ការ​រយៈ​ពេល​មួយដើម្បី​បង្កើត​នូវ​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក»។​

អ្នក​វិភាគ​កិច្ច​ការ​តំបន់​រូប​នេះអះអាង​ថា​ កម្ពុជា​គ្មាន​ការ​ចាំបាច់​ដែល​ត្រូវ​ឲ្យ​មាន​ការ​តាំង​មូលដ្ឋាន​យោធាបរទេស​ណា​មួយ​លើ​ទឹកដី​ខ្លួន​ឡើយ​ ព្រោះ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មិន​បាន​រង​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​ជាដុំ​កំភួន​ ពី​ប្រទេស​ក្បែរ​ខាង​ រួមមាន​ វៀតណាម​ ឡាវ​ និង​ថៃ​ទេ។

លោក​ជឿ​ថា​ អ្វីដែល​កម្ពុជាគួរ​បារម្ភគឺ​ហានិភ័យ​នៃសន្តិសុខ​ផ្ទៃក្នុងពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជឿទុក​ចិត្តគ្នា​ខាង​នយោបាយ​ ការ​ផ្សះផ្សា​សង្គម​ ​គម្លាត​អភិវឌ្ឍន៍​រវាង​ទីក្រុង​ និង​ជន​បទ​ កំណែទម្រង់​សេវា​សាធារណៈ​ គ្រោះ​មហន្តរាយ​ ការ​ប្រែប្រួល​អាកាស​ធាតុ ​និងសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម៕

XS
SM
MD
LG