ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​ពង្រឹង​សន្តិសុខ​អ៊ីនធឺណិត​នៅ​មុន​ការ​បោះឆ្នោត


លោក​ ដូណាល់ ត្រាំ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បាន​មក​ដល់​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ នៅ​ U.S. Bank Arena ទីក្រុង Cincinnati រដ្ឋ​អូហៃយ៉ូ (Ohio)​ សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ២០១៩។

គោល​បំណង​សំខាន់​គឺ​ដើម្បី​បង្ការ​ការ​កើត​ជា​ថ្មី​នៃ​ការ​ជ្រៀត​ជ្រែក​តាម​អ៊ីនធឺណិត​របស់​រុស្ស៊ី ចំពោះ​ការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ ​ដែល​​យុទ្ធនាការ​នេះ​ត្រូវ​គេ​​ចងក្រង​យ៉ាង​ជាក់​ច្បាស់។

ដោយ​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​កាន់​តែ​ខិត​ជិត​មក​ដល់ បញ្ហា​សន្តិសុខតាមប្រព័ន្ធ​អ៊ីនធឺណិតបាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ក្នុង​ផ្នែក​នេះនិង​អ្នក​តាក់តែង​ច្បាប់​មាន​ការ​បារម្ភ។

ថ្លែង​នៅ​ព្រឹត្តិការណ៍​ថ្មីៗ​កន្លង​ទៅ​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​ការ​សិក្សា​អន្តរជាតិ CSIS ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សមាជិក​ព្រឹទ្ធសភា​លោក Chris Van Hollen បាន​កត់សម្គាល់​ថា រដ្ឋ​ទាំង​៥០​របស់​សហរដ្ឋ​អាមេរិក​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ​២០១៦។

សមាជិក​ព្រឹទ្ធសភា​លោក Van Hollen​ ​បញ្ជាក់បន្ថែម​ថា៖ «ដូច្នេះ​តើ​រុស្ស៊ីឬ​ប្រទេស​ណា​ក៏​ដោយ​នៅ​ពេល​នេះ​ទទួល​បាន​ប្រយោជន៍​អ្វី​នៅ​ពេល​គេ​ជ្រៀត​ជ្រែក​ដូច្នេះ? នោះ​គឺ​ថា វា​បង្កើត​ឲ្យ​មាន​ការ​បែកបាក់​គ្នា​ក្នុង​ប្រទេស។ វា​ច្បាស់​ណាស់​ថា ប្រសិន​បើ​ពួក​គេ​ជ្រៀតជ្រែក​ក្នុង​នាម​បេក្ខជន​ណា​ម្នាក់ នោះ​វា​អាច​មាន​ឥទ្ធិពល​ដល់​លទ្ធផល​ការ​បោះឆ្នោត‍»។

រូបឯកសារ៖ ​លោក Chris Van Hollen សមាជិក​ព្រឹទ្ធសភា ថ្លែង​អំពី​ការ​សម្លាប់​អ្នក​កាសែត Jamal Khashoggi កាល​ពី​ខែមករា ២០១៩។
រូបឯកសារ៖ ​លោក Chris Van Hollen សមាជិក​ព្រឹទ្ធសភា ថ្លែង​អំពី​ការ​សម្លាប់​អ្នក​កាសែត Jamal Khashoggi កាល​ពី​ខែមករា ២០១៩។

លោក និង​អ្នក​ជំនាញ​ក្នុង​វេទិកា​នោះ បាន​លើក​ឡើង​ថា ប្រទេស​នានា ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ខាង​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត កាន់​តែ​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​របស់​ពួក​គេ​ល្អ​ឥត​ខ្ចោះ​ឡើង។

លោក Andy Greenberg អ្នក​សារព័ត៌មាន​មួយ​រួប​នៃ​ទស្សនាវដ្ដី​បច្ចេកវិទ្យា Wired ថ្លែង​ថា៖ «ការ​ផ្តាច់​ភ្លើង​ដំបូង​បំផុត​ដែល​បង្ក​ដោយ​ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត ឬ hackers បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥។ រុស្ស៊ី​ពេល​នោះ​បាន​ធ្វើសង្គ្រាម​តាម​អ៊ីនធឺណិត​ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធន៍របស់​ខ្លួន។ ពួក​គេ​បាន​យក​ប្រទេស​អ៊ុយក្រែន​ជា​មន្ទីរពិសោធន៍​សម្រាប់​សាកល្បង​បច្ចេកទេស​នានា​សម្រាប់ធ្វើ​សឹក​តាម​អ៊ីនធឺណិត។ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប្រទេស​អ៊ុយក្រែន មិន​យូរ​មិន​ឆាប់ វា​ច្បាស់​ណាស់ នឹង​ធ្លាយ​ចេញ​ទៅ​កើត​ចំពោះ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក។ ហើយ​នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង‍»។​

លោក Alex Crowther ពី​សាកលវិទ្យាល័យ​ការពារ​ជាតិ​ក្នុង​រដ្ឋធានី​វាស៊ីនតោន​ ថ្លែង​ថា រុស្ស៊ី​ចាប់​មាន​សកម្មភាពនៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។ ប្រទេស​អេស្តូនី​ត្រូវ​បាន​វាយប្រហារ​កាល​ពី​ឆ្នាំ​២០០៧ ប្រទេស​ហ្សកហ្ស៊ី​នៅ​ឆ្នាំ​២០០៨។ សហរដ្ឋ​អាមេរិក​ឥឡូវ​នេះជា​គោលដៅ​មួយ។

លោក Crowther និយាយ​ថា រុស្ស៊ី​ព្យាយាម​រក្សា​សកម្មភាព​វាយប្រហារ​របស់​ខ្លួន​ត្រឹម​កម្រិត​មួយដែល​គេ​មិន​ទាន់​អាច​កំណត់​ថា​ជា​សកម្មភាព​ដូច​សង្គ្រាម៖ «ពួកគេ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​កម្រិត​មិន​ច្បាស់​លាស់។ វា​ស្ថិត​នៅ​ក្រោម​កម្រិត​ប្រកាសសឹក​សង្គ្រាម។‍»

លោក Andy Greenberg ពីទស្សនាវដ្ដី​បច្ចេកវិទ្យា Wired ជឿ​ជាក់​ថា មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​សហគមន៍​អន្តរជាតិ​ត្រូវ​មក​ប្រជុំ​គ្នា​ដើម្បី​បង្កើត​បទដ្ឋាន​អន្តរជាតិ​ថ្មី​ដើម្បី​ហាម​ឃាត់​ការ​ជ្រៀតជ្រែក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​ព្យាយាម​ដាក់​កំហិត​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ត្រូវ​ដាក់កំហិត​ខ្លួន​យើង​ដែល​ជា​សហគមន៍​សាកល​នេះ ឲ្យ​ប្រកាន់បទដ្ឋាន​ជាក់លាក់​មួយ​ចំនួន​ ដោយ​មិន​ប្រើប្រាស់​ការ​វាយប្រហារ​ទាំង​នេះ​ទៅលើ​ជន​ស៊ីវិល​ទេ។ ហើយ​នៅ​ទី​បំផុត​យើង​ត្រូវ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​អ្វី​មួយ​ដែល​ស្រដៀង​គ្នា​នឹង​អនុសញ្ញា​ហ្សឺណែវ​សម្រាប់​សង្គ្រាម​តាម​អ៊ីនធឺណិត។ ដូច​អ្វី​ដែល​លោក Josh Korman នៅ​ក្រុមប្រឹក្សា Atlantic Council បាន​ហៅ​ថា​តំបន់​ហាម​ឃាត់​សង្គ្រាម​ក្នុង​អ៊ីនធឺណិត ប៉ុន្តែ​សម្រាប់​សង្គ្រាម​ក្នុង​អ៊ីនធឺណិត ដែល​ដូច​ថា អ្នក​អាច​វាយប្រហារ​គោលដៅ​យោធា​បាន ប៉ុន្តែ​ប្រសិន​បើ​អ្នក​វាយប្រហារ​មន្ទីរពេទ្យ នោះ​វា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​អ្នក​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ក្នុង​ឡាអេ‍»។

បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ លោក Joe Biden (ឆ្វេង) និង​លោក Bernie Sanders ថ្លែង​ក្នុង​ពេល​ជជែក​ដេញ​ដោល​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ធ្នូ ២០១៩ នៅ​ទីក្រុង​ឡូសអែនជឺឡែស។
បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ លោក Joe Biden (ឆ្វេង) និង​លោក Bernie Sanders ថ្លែង​ក្នុង​ពេល​ជជែក​ដេញ​ដោល​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ធ្នូ ២០១៩ នៅ​ទីក្រុង​ឡូសអែនជឺឡែស។

លោក​ថ្លែង​ថា​ការ​បណ្តុះបណ្តាល​អំពី​សុវត្ថិភាព​តាម​អ៊ីនធឺណិត​ក៏​ជា​គន្លឹះ​សំខាន់​ដែរ៖ «៩០​ភាគរយ​នៃ​ការ​វាយប្រហារ​ជោគជ័យ​តាម​អ៊ីនធឺណិត​ចាប់​ផ្តើម​ពី​ការ​វាយប្រហារ​បញ្ឆោត​ហៅ​ថា phishing។ អ្នក​ស្រមៃ​មើល​ប្រទេស​មួយ​ដែល​មាន​ពលរដ្ឋ​ឃើញ​ព័ត៌មាន​ក្លែងបន្លំ ហើយ​លាន់​មាត់​ថា មើល​នោះ​ព័ត៌មាន​ក្លែងបន្លំ! ប្រទេស​ហ្វាំងឡង់​សម្រេច​បាន​កម្រិត​នេះ​ហើយ។ ដូច្នេះ​ការ​ប្រើប្រាស់​ទិន្នន័យ​ព័ត៌មាន​និង​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ការ​ទទួល​ខុស​ត្រូវ​មាន​សារៈសំខាន់​ជា​ខ្លាំង‍»។​

ប៉ុន្តែ​បញ្ហា​នេះ​នឹង​មិន​បាត់​ទៅ​ណា​ទេ។ ​ការ​ចំណាយ​ទាំងក្នុង​វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ​ បាន​កើន​ឡើង​ជាង​៣.៥០០​ភាគ​រយ ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ទៀត៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG