ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​មិន​បាន​ឲ្យ​លោក ត្រាំ រួច​ខ្លួន​ពី​ការ​ចោទប្រកាន់​ថា ​រារាំង​ដល់​ដំណើរការ​ស៊ើបអង្កេត​ទេ ​


អតីតរដ្ឋអាជ្ញាពិសេសលោក Robert Mueller ធ្វើសក្ខីកម្មពាក់ព័ន្ធនឹងរបាយការណ៍របស់លោកស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ី នៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០១៩។

លោក Robert Mueller អតីត​រដ្ឋអាជ្ញា​ពិសេស​បាន​ថ្លែង​ទៅ​កាន់​រដ្ឋសភា​កាល​ពីថ្ងៃ​ពុធថា ការ​ស៊ើបអង្កេត​របស់​លោក​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ មិន​បាន​ឲ្យ​លោក ត្រាំ រួច​ខ្លួន​ពី​ការ​ចោទប្រកាន់ថា​ បាន​រារាំង​ដល់​ដំណើរការ​ស៊ើបអង្កេត​ ដូចដែល​លោក​ប្រធានាធិបតី​បាន​អះអាង​នោះ​ទេ។

នៅពេល​ដែល​ការ​ផ្ដល់​សក្ខីកម្ម​ចាប់​ផ្ដើម គណៈកម្មាធិការរដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​តុលាការ​សហព័ន្ធ​ លោក Jerrold Nadler បាន​សួរ​លោក​រដ្ឋអាជ្ញា Robert Mueller ​ថា «តើ​លោក​មាន​បាន​ឲ្យ​លោក​ប្រធានាធិបតី​រួច​ខ្លួន​ទាំងស្រុង​ដែរ​ឬ​ទេ?‍»

លោក Mueller បាន​ឆ្លើយ​តប​វិញ​ថា «ទេ‍ លោក​ប្រធានាធិបតី​មិន​ត្រូវ​បាន​ឲ្យ​រួចខ្លួន​ចំពោះ​សកម្មភាព​ដែល​គេ​បាន​ចោទប្រកាន់​ថា​លោក​បាន​ប្រព្រឹត្ត​នោះ​ទេ‍។‍» ​

ក៏​ប៉ុន្តែ​លោក Mueller បាន​ពន្យល់​ថា លោក ត្រាំ អាច​នឹង​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នោះ​ទេ ដោយសារ​តែ​គោលការណ៍​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ដែល​មាន​ជា​យូរ​មក​ហើយ​នោះ រារាំង​មិន​ឲ្យ​ចោទប្រកាន់​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​នោះ​ទេ។ លោក Mueller បាន​ថ្លែង​ថា ក្រុមការងារ​របស់​លោក​បាន​ព្យាយាម​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​នឹង​លោក ត្រាំ ​អស់​រយៈពេល​មួយ​ឆ្នាំ​ តែ​មិន​បាន​ជោគជ័យ​ដើម្បី​ឲ្យ​លោក​ផ្ដល់​សក្ខីកម្ម​ដោយ​ផ្ទាល់​ ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​ត្រឹម​តែ​ឆ្លើយ​នឹង​សំណួរ​ខ្លះ​ជា​លាយលក្ខណ៍​អក្សរ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Mueller ដែល​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​លើ​របាយការណ៍​ដែល​មាន​កម្រាស់​៤៤៨​ទំព័រ ​ដែល​ក្រុម​ការងារ​ស៊ើបអង្កេត​របស់​លោក​បាន​ចងក្រង​ បន្ទាប់​ពី​ស៊ើបអង្កេត​អស់រយៈពេល​២២​ខែ​នោះ បាន​ទទួល​ស្គាល់​ចំពោះ​លោក Doug Collins ថា ក្រុមការងារ​ស៊ើបអង្កេត​របស់​លោក​បាន​សន្និដ្ឋាន​ថា មាន​ភស្តុតាង​មិន​គ្រប់គ្រាន់​ក្នុង​ការ​ចោទប្រកាន់​លោក ត្រាំ ឬ​បុគ្គលិក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ​២០១៦ ដែល​ថា​ឃុបឃិត​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ដើម្បី​ជួយ​លោក ត្រាំ ឲ្យ​ឈ្នះ​ឆ្នោត​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​អាណត្តិ​រយៈពេល​បួន​ឆ្នាំ។ ​

លោក ត្រាំ បាន​និយាយ​ថា ក្នុង​សប្តាហ៍​នេះ លោក​មិន​មាន​គម្រោង​នឹង​មើល​សវនាការ​រយៈពេល​៥​ម៉ោង​ដែល​លោក Mueller ផ្ដល់​សក្ខីកម្ម និង​ត្រូវ​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ទូទាំង​ប្រទេស​នោះ​ទេ ឬ​ក៏​លោក​អាច​ទស្សនា​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ លោក​បាន​ទទូច​ថា សវនាការ​នេះ​គឺ​ជា​ការ​ចំណាយ​ពេលវេលា​ឥតប្រយោជន៍​ ហើយ​ថា លោក​បាន​រួច​ខ្លួន​ពី​ការ​ចោទប្រកាន់​ដែល​ថា លោក​បាន​ឃុបឃិត​ជាមួយនឹង​រុស្ស៊ី ឬ​ជ្រៀតជ្រែក​ក្នុង​ការ​ស៊ើបអង្កេត​របស់​លោក Mueller ហើយ។

ភ្លាមៗ​មុន​ពេល​ដែល​សវនាការ​នេះ​បាន​ចាប់​ផ្ដើម លោក ត្រាំ បាន​អះអាង​ថា លោក​គ្មាន​កំហុស​ម្ដងហើយ​ម្ដង​ទៀត នៅ​ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ជា​អក្សរ​ធំៗ​ថា «គ្មាន​ការ​ឃុបឃិត គ្មាន​ការ​រារាំង!‍»

ប្រជាពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​អាច​តាមដាន​ការ​សាកសួរ​ដ៏​ចម្រូងចម្រាស​ នៅ​ចំពោះ​មុខ​គណៈកម្មាធិការរដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​តុលាការ​សហព័ន្ធ​និង​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នេះ​បាន។

សវនាការ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភា​ទាំង​២៣៥​នាក់​ដែល​ប្រឆាំង​នឹង​រូប​លោក ហើយ​ក្នុង​នោះ​មួយ​ភាគ​បី​នៃ​ពួកគេ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្ដឹង​ទម្លាក់​លោក ត្រាំ ចេញ​ពី​តំណែង ឬ​ចាប់​ផ្ដើម​បើក​សវនាការ​សាកសួរ​ដើម្បី​ទម្លាក់​លោក​ ត្រាំ ចេញ​ពី​តំណែង​តែ​ម្ដង។ ​ក្រុម​អ្នក​រិះគន់​ទាំង​នេះ​ចោទប្រកាន់​លោក​ប្រធានាធិបតី​ថា​បាន​ប្រព្រឹត្ត​«បទឧក្រិដ្ឋធ្ងន់ធ្ងរ​និង​បទល្មើស​មជ្ឈិម» តាមរយៈ​ការ​ព្យាយាម​បញ្ឈប់​ការ​ស៊ើបអង្កេត​រយៈពេល​២២​ខែ​របស់​លោក Mueller ​ដែល​គ្រប់គ្រាន់​ដើម្បី​ប្ដឹង​ទម្លាក់​លោក​ចេញ​ពី​តំណែង​បាន៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG