មួយឆ្នាំក្រោយពីការបោះឆ្នោតដែលទទួលរងការស្តីបន្ទោសនៅកម្ពុជា សហរដ្ឋអាមេរិកបានរំឭកឡើងវិញនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នោះ«មានកំហុសយ៉ាងខ្លាំង»។
នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ស្ថានទូតអាមេរិកនៅកម្ពុជាបានលើកឡើងថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកកត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា។ ការបោះឆ្នោតនោះមិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាដែរ»។
ស្ថានទូតដដែលបានបន្ថែមថា ការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៨នោះ«បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀតនូវសមិទ្ធផលរបស់ប្រទេសកម្ពុជាក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក»។
ស្ថានទូតសហរដ្ឋអាមេរិកដែលទំនងជានិយាយយោងដល់ការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧ បានអំពាវដល់រដ្ឋាភិបាលកម្ពុជា«ឲ្យចាត់វិធានការជាក់ស្តែងនានាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងលោកកឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយដែលយាយីពលរដ្ឋរបស់ខ្លួន»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយតបវិញថា ការបោះឆ្នោតនៅកម្ពុជាគឺជាផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដែលមិនតម្រូវឲ្យមានបរទេសណាមកឈ្លានពាន និងលុកលុយការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ។
លោកបន្ថែមថា៖ «យើងមិនបោះឆ្នោតដើម្បីបំពេញចិត្តក្រុមណា ឬបរទេសណាទេ ហើយបើមិនឲ្យតម្លៃការបោះឆ្នោត អ្នកដែលលើកឡើងនោះគឺអាចមានសិទ្ធិជ្រើសរើសការដើរចេញពីប្រទេសខ្មែរ»។
រដ្ឋាភិបាលតែងតែនិយាយការពារការបោះឆ្នោតឆ្នាំ២០១៨ ដែលគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះអាសនៈរដ្ឋសភាទាំងអស់ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ហើយបានបង្កើតតួនាទីទីប្រឹក្សាសម្រាប់មេដឹកនាំគណបក្សដែលគ្មានសំឡេងគាំទ្រពីពលរដ្ឋ៕