ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​និង​ពួក​តាលីបង់​កំណត់​ថ្ងៃ​ខែ​​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព


រូបឯកសារ៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​សាព័ត៌មាន ​ជាមួយ​លោករដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ឆ្នាំ ២០១៨។
រូបឯកសារ៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​សាព័ត៌មាន ​ជាមួយ​លោករដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ឆ្នាំ ២០១៨។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញផ្សាយ​នៅ​ពេល​ដំណាល​គ្នា ​លោក​រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា. Mike Pompeo ​និង​ពួក​តាលីបង់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ កិច្ច​ព្រម​ព្រៀង​មួយរវាង​ស.រ.អា.​និង​ពួក​តាលីបង់​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ​ ដែល​នឹង​បើក​ផ្លូវឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​អាមេរិកាំង​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។​

កិច្ច​ព្រម​ព្រៀង​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ដក​កង​កម្លាំង​ស.រ.អា.​ទាំង​អស់​តាមដំណាក់​កាល​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ជា​ថ្នូរ​នឹង​ការ​ធានារ៉ាប់រង​ពីពួក​តាលីបង់​ថា ​ពួក​គេ​នឹង​មិន​អនុញ្ញាត​ឱ្យ​ដែន​ដី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​ធ្វើ​ភេរវកម្ម​ ហើយ​ថា​ពួក​គេ​នឹង​ចូល​រួមក្នុង​ដំណើរការ​ផ្សះផ្សា​គ្នា​ជា​មួយ​ជនជាតិ​អាហ្វហ្គានីស្ថាន​ ឯទៀតៗ។

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ Pompeo ​បាន​និយាយ​ថា៖ «កិច្ច​ចរចា​រវាង​ក្រុមអាហ្វហ្គានីស្ថាន នានា​នឹង​ចាប់​ផ្តើម​ធ្វើ​ឆាប់ៗ​នេះ​ ហើយ​នឹង​បន្ត​ពី​ជំហាន​ជា​មូល​ដ្ឋាន​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​ទូលំទូលាយ​និង​អចិន្ត្រៃយ៍​មួយ​ ព្រម​ទាំង​អនាគត​ផែន​ទី​បង្ហាញ​ផ្លូវខាង​នយោបាយ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន ផង​ដែរ»។

នៅ​មុន​ពិធី​ចុះ​ហត្ថាលេខា​លើ​កិច្ចព្រម​ព្រៀង​នេះ នឹង​មាន​រយៈ​ពេល៧​ថ្ងៃ​សម្រាប់​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ដោយ​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​នេះ​ដែល​នឹង​ត្រូវ​សង្កេតការ​ដោយ​ភាគី​ទាំង​អស់ក្នុង​សង្គ្រាម​នេះ,

កង​កម្លាំង​ស.រ.អា., ពួក​តាលី​បង់ និង​កងកម្លាំង​សន្តិសុខ​របស់រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។ ភាគី​ទាំង​អស់​បាន​និយាយ​បំភ្លឺ​ថា​ ពួក​គេរក្សា​សិទ្ធិ​ក្នុង​ការ​តប​ត​នឹង​ការ​វាយប្រហារ​ណាមួយ។​

រយៈ​ពេល​នេះ​ជា​វិធានការ​កសាង​ការ​ទុក​ចិត្ត​គ្នា​ ព្រម​ទាំង​ជា​ការ​ស្ទង់​ប្រមាណ​ឱ្យ​ដឹង​ថា ​តើ​ពួក​តាលីបង់​មាន​ការ​ត្រួត​ត្រា​ពេញ​លេញ​លើ​កង​កម្លាំង​ប្រយុទ្ធ​របស់​ពួក​គេ​ឬទេ។

សេចក្តី​ថ្លេងការណ៍​មួយ​របស់​ពួក​តាលីបង់​បាន​ចែង​ថា៖ «នៅ​ពេល​នេះ​ភាគី​ទាំង​ពីរ​បង្កើត​ឱ្យ​មាន​ស្ថានភាព​សន្តិសុខ​មួយ​នៅ​មុន​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​បាន​ធ្វើ​សេចក្តី​អញ្ជើញ​ដល់​ពួក​អ្នក​តំណាង​ជាន់​ខ្ពស់​នៃ​ប្រទេស​និង​អង្គការ​មួយ​ចំនួន​ឱ្យ​ចូល​រួម​ក្នុង​ពិធី​ចុះហត្ថលេខា»។

ពិធី​ចុះ​ហត្ថលេខា​នេះ​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​រដ្ឋធានី​ដូហា​ នៃ​ប្រទេស​កាតា​ ដែល​នៅ​ទី​នោះ​ពួក​តាលីបង់​មាន​ការិយាល័យ​នយោបាយ​ក្រៅ​ផ្លូវការ​មួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ភាគី​ទាំង​ពីរ​ក៏​បាន​ធ្វើ​ការ​ចរចា​ជិត​១៨​ខែ​នៅ​ក្នុង​ក្រុង​នោះ​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG