ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិបត្តិការ​កុម្ម៉ង់ដូ​នៅអាហ្វហ្គានីស្ថានបានរំដោះ​បុគ្គលិក​សន្តិសុខ​ចំនួន ​៦២នាក់ពី​ពន្ធនាគារ​ពួក​តាលីបង់​


រូបផែនទីបង្ហាញពីស្រុក Bala Murghab ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ក្រុម​មន្ត្រីនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា ​ប្រតិបត្តិការ​កុម្ម៉ង់ដូ​នៅ​ភាគពាយព្យបាន​រំដោះ​បុគ្គលិក​សន្តិសុខ​ចំនួន​ ៦២​នាក់​ ដែល​ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​របស់​ពួក​តាលីបង់។​ ទន្ទឹម​នឹង​នេះដែរ ​ក្នុង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លី​នៅ​កន្លែង​ផ្សេង​ទៀតក្រុម​ឧទ្ទាម​បាន​និយាយ​ថា ​ខ្លួន​បាន​សម្លាប់​កង​កម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន​យ៉ាង​តិច​១៨​នាក់។

សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការពារជាតិ​បាន​កត់​សម្គាល់​ថា ​ប្រតិបត្តិការ​កុម្ម៉ង់ដូ​នោះ​មាន​គោល​ដៅ​វាយ​ប្រហារ​មណ្ឌល​ឃុំឃាំង​ដែល​របស់​ក្រុម​បះបោរ​នៅ​ក្នុង​ស្រុក​ Bala Murghab​ ក្នុង​ខេត្ត Badghis។ ​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​និយាយ​ថា ​ប្រតិបត្តិការ​នេះចាប់​បាន​ឆ្មាំ​គុក​តាលីបង់​ចំនួន​៥និង​បាន​ធ្វើ​ឲ្យ​ក្រុម​បះបោររង​របួស​ជាច្រើន​នាក់​ទៀត។​ អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគ​ច្រើន​ជាសមាជិក​នៃ​កងទ័ព​ជាតិ​អាហ្វហ្គានីស្ថាន។​

ក្រុម​តាលីបង់​មិនបាន​ចេញ​ប្រតិកម្ម​ភ្លាមៗ​ទេ។​

ទន្ទឹម​នឹង​នេះ ​មន្ត្រី​នានា​បាន​និយាយ​ថា​ ​ការ​វាយ​លុក​ដ៏​ធំមួយ​របស់​ក្រុម​បះបោរកាល​ពីល្ងាច​ថ្ងៃ​អង្គារ ​ទៅ​លើមូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​ខេត្ត​ Kunduz ​ភាគខាង​ជើង​បាន​សម្លាប់​កង​កម្លាំង​សន្តិសុខ​យ៉ាង​តិច​១៨​នាក់​ដែល​ភាគ​ច្រើន​ជាបុគ្គលិក​កងទ័ព​ជាតិ​អាហ្វហ្គានីស្ថាន។​ សេចក្ដី​ថ្លែងការណ៍​របស់ពួក​តាលីបង់​បាន​អះអាង​ថា​ យុទ្ធជន​របស់​ខ្លួន​បាន​វាយ​លុក​មូលដ្ឋាន​យោធា​នៅ​ក្នុង​ស្រុក​ Dashti Archi ​ដោយ​បាន​សម្លាប់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ចំនួន​ ៣៥នាក់​និង​បាន​ចាប់​ខ្លួន​ ៤​នាក់​ ​តែទោះ​ជាយ៉ាង​ណា​ ​ក្រុម​តាលីបង់​ច្រើន​តែ​និយាយ​បំផ្លើស៕​

XS
SM
MD
LG