ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ​នេះ


លោក Sher Mohammad Abbas Stanikzai ប្រធាន​ផ្នែក​នយោបាយ​របស់​ក្រុម​តាលីបង់ (រូប​ទី២​រាប់​ពី​ឆ្វេង) និង​ក្រុម​មន្ត្រី​តាលីបង់​ផ្សេង​តៀត​ធ្វើ​ការ​អធិដ្ឋាន​នៅ​ក្នុង​ការ​ចរចា​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Sher Mohammad Abbas Stanikzai ប្រធាន​ផ្នែក​នយោបាយ​របស់​ក្រុម​តាលីបង់ (រូប​ទី២​រាប់​ពី​ឆ្វេង) និង​ក្រុម​មន្ត្រី​តាលីបង់​ផ្សេង​តៀត​ធ្វើ​ការ​អធិដ្ឋាន​នៅ​ក្នុង​ការ​ចរចា​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​តាលីបង់​ហាក់​ដូចជា​មាន​ភាព​ជឿជាក់​ថា​ខ្លួន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ​នេះ ដោយ​មាន​វត្តមាន​អ្នក​ធានា​អន្តរជាតិ​ចូលរួម​ជាមួយ​ផង​ដែរ ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល ១៨ ឆ្នាំ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Abdul Salam Hanafi មេដឹកនាំ​កំពូល​មួយ​រូប​នៃ​ក្រុម​តាលីបង់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ដែល​មាន​ទំនោរ​ទៅ​រក​ពួក​តាលីបង់​ថា ភាគី​ទាំង​សង​ខាង​បាន​សម្រេច​រួម​គ្នា​នៅ​ក្នុង​ការ​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​នេះ​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ដែល​ជា​កន្លែង​ដែល​បាន​រៀបចំ​ការ​ចរចា​រយៈពេល ១៨ ខែ​រវាង​សហរដ្ឋ​អាមេរិក និង​ពួក​តាលីបង់​កន្លង​មក។

លោក Hanafi ដែល​ជា​សមាជិក​ស្នូល​មួយ​រូប​នៃ​ក្រុម​ចរចា​របស់​ពួក​តាលីបង់ ក៏​ដូចជា​ការិយាល័យ​នយោបាយ​របស់​ក្រុម​តាលីបង់​នៅ​ក្នុង​ទីក្រុង​ដូហា មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​នៃ​ពិធី​ចុះ​ហត្ថលេខា​នេះ​ទេ ប៉ុន្តែ​ប្រភព​ពី​ពួក​តាលីបង់​ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

លោក Hanafi បាន​និយាយ​ថា អ្នក​តំណាង​មក​ពី​ប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន​ទាំង​អស់ ក៏​ដូចជា​មក​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បណ្ដា​ប្រទេស​ឥស្លាម និង​សហភាព​អឺរ៉ុប ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ។

លោក Hanafi បាន​បន្ត​ថា ការ​ចរចា​សន្តិភាព​រវាង​សហរដ្ឋ​អាមេរិក និង​ពួក​តាលីបង់​បាន​បញ្ចប់​រួច​រាល់​ហើយ ហើយ «ពួក​យើង​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សេចក្ដី​ព្រាង​ចុង​ក្រោយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​រួច​ហើយ»។

លោក​បាន​បន្ថែម​ថា បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ភ្លាម សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នឹង​ដោះលែង​ពួក​តាលីបង់​ដែល​ជាប់​ឃុំ​ចំនួន ៥ ពាន់​នាក់ ហើយ​ក្រុម​តាលីបង់​ក៏​នឹង​ដោះលែង​អ្នក​ដែល​ខ្លួន​ដាក់​ឃុំ​ចំនួន​ប្រហែល ១ ពាន់​នាក់​ផង​ដែរ៕

XS
SM
MD
LG