ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​សេវា​សុខភាព​សាធារណៈ​​អាមេរិក​ថា​«ជំងឺ​រាតត្បាត​មិន​ទាន់​ចប់​ទេ»


លោក​វេជ្ជបណ្ឌិត ​Vivek Murthy​ ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ក្នុង​អំឡុង​​នៃ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ឆ្នាំ​២០២១។

លោក​វេជ្ជបណ្ឌិត ​Vivek Murthy​ ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​សហរដ្ឋ​អាមេរិកបាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោកបារម្ភ​អំពី​ការកើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​នៅ​ក្នុង​ប្រទេស​និង​បាន​ស្តី​បន្ទោស​ផ្នែក​ខ្លះ​នៃ​បញ្ហា​នេះ​លើ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មិន​បាន​ខិតខំ​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​លុប​ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​ភាព​ចាំបាច់​នៃ​ការ​ចាក់​វ៉ាក់សាំង។​

លោក​ Murthy​ បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍​ Fox News Sunday​ ថា៖ «ខ្ញុំ​បារម្ភ​អំពី​អ្វី​ដែល​យើង​កំពុង​មើល​ឃើញ»។​

លោក​ថ្លែង​ដូច្នេះ​ខណៈ​មាន​ការ​ឆ្លង​ថ្មី​ចំនួន​២៩.០០០​ករណី​ជារៀង​រាល់​ថ្ងៃ​នៅ​សហរដ្ឋ​អាមេរិក​គឺ​ប្រហាក់​ប្រហែល​នឹង​តួលេខ​ខែ​មេសា​ឆ្នាំ​២០២០​នៅ​ពេល​ជំងឺនេះ​រាតត្បាត​ជា​លើក​ដំបូង​នៅ​ទូទាំង​ប្រទេស។​ រីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​(delta) ដែល​ឆ្លង​ខ្លាំង​បង្ក​បញ្ហា​ជាពិសេស។​លោក​បាន​មាន​ប្រសាសន៍​ថា​«ជំងឺ​រាតត្បាត​នេះ​មិនទាន់​ចប់​ទេ»។​

លោក​បាន​មាន​ប្រសាសន៍​ថា៖ ​«ដំណឹង​ល្អ​គឺ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅតែ​មាន​ការ​ការពារ​ខ្លាំង»។​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា​៩៥%​នៃ​មរណភាព​ដែល​កំពុង​កើតឡើង​នៅ​សហរដ្ឋ​អាមេរិក​ជាង​២៥០​នាក់​ក្នុង​មួយ​ថ្ងៃ​គឺ​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង។​

លោក​ Murthy ​បន្ទរ​សុន្ទរកថា​ថ្មីៗ​របស់​ប្រធានាធិបតី​ Joe Biden​ ថាប្រជាជន​កំពុង​«លង់នឹង​ព័ត៌មាន​មិន​ពិត»​ ថាវ៉ាក់សាំង​មិន​មាន​សុវត្ថិភាព​ឬ​មិន​ចាំបាច់។​

លោក​ប្រធានាធិបតី​ Biden​ កាល​ពី​សប្តាហ៍​មុន​បាន​និយាយ​ថា​ព័ត៌មាន​មិនពិត​នៅ​លើ​បណ្តាញ​សង្គម​គឺ​«កំពុង​សម្លាប់​មនុស្ស»​ ហើយ​ថា​« ជំងឺ​នេះ​រាតត្បាត​ចំពោះ​តែអ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង»។​

ក្រុមហ៊ុនបណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook)​ដែល​ជនជាតិ​អាមេរិក​រាប់លាន​នាក់​ប្រើប្រាស់​និយាយ​ថា​ខ្លួន​បាន​លុប​ព័ត៌មាន​មិន​ពិត​ចំនួន​១៨​លាន​អំពី​ជំងឺ​កូវីដ១៩ ។ ​

លោក ​Murthy​ បាន​និយាយ​ថា៖​ «ទោះបី​ហ្វេសប៊ុក​បាន​ធ្វើ​យ៉ាង​នេះ​ក៏ដោយ​វា​មិន​គ្រប់គ្រាន់​ទេ។​ចេតនា​ល្អ​ប៉ុន្តែ​ខ្ញុំ​ស្នើ​ឱ្យ​បង្កើន​ការ​ខិតខំ​លើស​ហ្នឹង»៕

XS
SM
MD
LG