ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ផ្តល់​វ៉ាក់សាំង​កូវីដ​២លានដូស​ដល់​ប្រទេស​វៀតណាម


រូបឯកសារ៖ ស្ត្រី​ម្នាក់​ទទួល​វ៉ាក់សាំង​​របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ Hai Duong ខេត្ត Hai Duong ប្រទេស​វៀតណាម ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ស្ត្រី​ម្នាក់​ទទួល​វ៉ាក់សាំង​​របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ Hai Duong ខេត្ត Hai Duong ប្រទេស​វៀតណាម ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ចំនួន​២លាន​ដូស​ដល់​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ជាជំនួយ​ថ្មីៗ​បំផុតរបស់​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​នានា​ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​បញ្ជូន​ជំនួយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna ដែល​ជា​ផ្នែក​មួយ​នៃ​ជំនួយ​៨០​លាន​ដូសដែល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​សន្យាផ្តល់​ឲ្យ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភព​លោក​នោះ​ ​នឹង​ទៅ​ដល់​ប្រទេស​វៀតណាម​នៅ​ចុង​សប្តាហ៍​នេះ។ នេះ​បើ​តាមមន្ត្រី​សេតវិមាន​មួយ​រូបដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មន្ត្រីអាមេរិក​រូប​នេះបន្ត​ថា «នេះ​ជាការ​ចាប់ផ្តើម​នៃ​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅ​ឲ្យ​ប្រទេស​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​សហរដ្ឋ​អាមេរិក​ ​បាន​បញ្ជូន​វ៉ាក់សាំង​ចំនួន​១លាន​ដូសទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ហើយ​សេតវិមាន​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​ដឹក​ជញ្ជូន​វ៉ាក់សាំង​ចំនួន​៤លាន​ដូស​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់ ដែល​នឹង​ត្រូវ​ទទួល​វ៉ាក់សាំង​អាមេរិក​ក្នុង​ចំណោម​៨០លាន​ដូស​នោះ​ផង​ដែរ រួម​មាន​ប្រទេស​កម្ពុជា ឡាវ ប៉ាពូញូហ្គីណេ ហ្វីលីពីន​ និង​ប្រទេស​ថៃ។

ប្រទេស​កុម្មុយនីស្ត​វៀតណាម​ដែល​មាន​ព្រំ​ដែន​ជាប់​ប្រទេស​ចិន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថាជា​ប្រទេស​គំរូ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូវីដ១៩។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ អត្រា​អ្នក​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​នេះនៅ​មាន​ចំនួន​ទាប​នៅ​ឡើយ​ ក្នុង​ចំណោម​ពលរដ្ឋ​វៀតណាម​សរុប​ ដែល​មាន​ចំនួន​៩៧​លាន​នាក់ ហើយ​ការ​ឆ្លងជំងឺ​កូវីដ១៩​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង៕

XS
SM
MD
LG