ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden​ បន្ត​ទទូច​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សំាង​កូវីដ១៩


លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា ក្នុង​ទិវា​ឯករាជ្យជាតិ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៤ ខែកក្កដា ឆ្នាំ២០២១។ (AP Photo/Patrick Semansky)
លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា ក្នុង​ទិវា​ឯករាជ្យជាតិ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៤ ខែកក្កដា ឆ្នាំ២០២១។ (AP Photo/Patrick Semansky)

បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​មិន​អាច​ចាក់​វ៉ាក់សាំង​បាន​តាម​តួលេខ​កំណត់​ត្រឹមទិវា​ឯករាជ្យ​ជាតិ​នោះ​ ​ ​លោកប្រធានាធិបតី Joe Biden ​នៅ​ថ្ងៃ​អង្គារ​នឹង​អំពាវ​នាវ​ម្តង​ទៀត​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ដែល​មិន​ទាន់​បានចាក់​វ៉ាក់សំាង ទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ខ្លួន​និង​អ្នក​ដទៃ​ទៀត​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា ជាពិសេស​វីរុស​បំប្លែងថ្មី​ចុង​ក្រោយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។​

លោក ​Biden ​ត្រូវ​បាន​កំណត់​ពេល​ថ្លែង​សុន្ទរកថា​នៅ​ឯ​សេតវិមាន​អំពី​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩​ និង​កម្មវិធី​ចាក់​វ៉ាក់សំាង ​ស្រប​ពេល​ដែល​មាន​កំណើន​ព្រួយ​បារម្ភ​អំពីវីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta) ​រីក​រាល​ដាល​ពេស​ពេញ​ប្រទេស។​

រដ្ឋបាល​របស់​លោក​ Biden ​បាន​កំណត់​ថា​ ​៧០%​នៃ​ពលរដ្ឋ​អាមេរិកាំង​ពេញ​វ័យត្រូវ​ទទួល​បាន​វ៉ាក់សំាង​យ៉ាង​ហោច​ណាស់​មួយដូស ​ត្រឹម​ថ្ងៃ​ទី៤ ​ខែ​កក្កដា។ ​ទីភ្នាក់ងារ​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ (CDC) សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រថា ​ពលរដ្ឋ​អាមេរិកាំង​៦៧%បាន​ចាក់​វ៉ាក់​សំាង​មួយ​ដូស​ និង​៤៧%​បាន​ចាក់​ពីរ​ដូស។​

លោក​ប្រធានាធិបតី​បាន​ប្រកាស​ជោគជ័យ​មួយ​ផ្នែក​ក្នុង​ទិវា​បុណ្យ​ឯករាជ្យជាតិ​កាល​ពីល្ងាច​ថ្ងៃ​អាទិត្យ​នៅ​ឯ​សេតវិមាន ​ជា​កន្លែង​ដែល​លោក​និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី​ Jill Biden ​បាន​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​ប្រមាណ​មួយ​ពាន់​នាក់ ដែល​ជា​បុគ្គលិក​ជួរ​មុខទប់​ទល់​នឹង​ជំងឺកូវីដ​ បុគ្គលិក​ដែល​ត្រូវ​បន្ត​ការងារ​ចាំបាច់ ​និង​សមាជិក​យោធា។​

ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​រយៈ​ពេល​១៥​ នាទី លោក ​Biden ​បាន​ប្រាប់​អ្នក​ចូលរួម​ថា ​«យើង​នឹង​អាច​ធ្វើ​ដំណើរ​ឡើង​វិញ។ ​យើង​នឹង​ជួប​ជុំគ្នា​ឡើង​វិញ។ ​ការ​រកស៊ី​នឹង​បើក​ឡើងវិញ​ ហើយ​នឹង​ជួល​បុគ្គលិក​ធ្វើ​ការ​វិញ។​ សព្វ​ថ្ងៃ​នេះ​នៅ​ទូទាំង​ប្រទេស​ យើង​អាច​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​ អាមេរិក​នឹង​វិល​ត្រឡប់​មកដូច​ធម្មតា​វិញ​ទាំងអស់»។​

លោក​ថ្លែង​ដូច្នេះ​នៅពេល​លោកប្រកាសថា​ ស.រ.អា.​ជិត​បាន​ឯករាជ្យ​ពី​ការ​រាតត្បាត​ជំងឺ​នេះ។​

ទោះ​ជាយ៉ាង​ណា លោកប្រធានាធិបតី​បាន​ព្រមាន​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ដែល​បាន​សម្លាប់​ប្រជាជន​អាមេរិកាំង​ជាង​៦០​ម៉ឺន​នាក់​នេះ ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ៕

XS
SM
MD
LG