រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទំនងជាមានការតាំងចិត្តប្ដូរផ្ដាច់នៅក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដែលជាកិច្ចព្រមព្រៀងមួយធ្វើឡើងជាមួយប្រទេសរុស្ស៊ីកាលពីឆ្នាំ ១៩៨៧ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មក។
លោក Trump បានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានរំលោភសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម INF នេះ ដោយសារតែប្រទេសរុស្ស៊ីបានដាក់ពង្រាយមីស៊ីល។
លោក Bolton បានហៅការរំលោភរបស់រុស្ស៊ីលើសន្ធិសញ្ញានេះថា «ធ្វើឡើងយូរមកហើយ និងមានលក្ខណៈធ្ងន់ធ្ងរ»។
លោក Bolton និយាយដូច្នេះថា៖ «ការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF នេះ មិនមែនជាការគំរាមកំហែងនោះទេ។ ប៉ុន្តែ ការដាក់ពង្រាយមីស៊ីលរបស់រុស្ស៊ីទៅវិញទេ ដែលជាការគំរាមកំហែង។ គោលជំហររបស់សហរដ្ឋអាមេរិកគឺថា រុស្ស៊ីរំលោភលើសន្ធិសញ្ញានេះ។ គោលជំហររបស់រុស្ស៊ីគឺថា ពួកគេមិនបានរំលោភលើសន្ធិសញ្ញានេះ។ ដូច្នេះ សំណួរសួរថាតើត្រូវស្នើរុស្ស៊ីឲ្យគោរពតាមអ្វីដែលពួកគេគិតថាពួកគេមិនបានរំលោភនោះបានដែរឬទេ?»។
លោក Bolton បានប្រាប់អ្នកកាសែត បន្ទាប់ពីបញ្ចប់ជំនួបរបស់លោកជាមួយនឹងលោក Putin រួចមកថា ការជូនដំណឹងជាផ្លូវការអំពីការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងនៅ «ពេលវេលាសមរម្យមួយ»។
អតីតប្រធានាធិបតីរុស្ស៊ីលោក Mikhail Gorbachev និងអតីតប្រធានាធិបតីអាមេរិកលោក Ronald Reagan បានចុះហត្ថលេខាលើសន្ធិសញ្ញានុយក្លេអ៊ែរ INF នេះកាលពីឆ្នាំ ១៩៨៧។ គោលបំណងសន្ធិសញ្ញានេះគឺរារាំងសហរដ្ឋអាមេរិក និងរុស្ស៊ីមិនឲ្យផលិត សាកល្បង និងស្ដុកទុកមីស៊ីលបាញ់ចេញពីដីដែលអាចហោះបានចម្ងាយពី ៥ រយទៅ ៥ ពាន់គីឡូម៉ែត្រ៕