ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​សប្ដាហ៍​ក្រោយ


រូប​ឯកសារ៖ រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង​យន្តហោះ F-35B របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ ហោះ​ព្រម​គ្នា​ជាមួយ​យន្តហោះ​ចម្បាំង F-15K របស់​កូរ៉េខាងត្បូង​ ពី​លើ​ឧបទ្វីប​កូរ៉េ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៧។
រូប​ឯកសារ៖ រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង​យន្តហោះ F-35B របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ ហោះ​ព្រម​គ្នា​ជាមួយ​យន្តហោះ​ចម្បាំង F-15K របស់​កូរ៉េខាងត្បូង​ ពី​លើ​ឧបទ្វីប​កូរ៉េ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៧។

យោធា​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដ៏​ធំ​បំផុត​មួយ​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​ខកខាន​មិន​បាន​ធ្វើ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

សមយុទ្ធ​នេះ​គ្រោង​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ការ​ប្រឈម​នឹង​ភាព​គឃ្លើន​កើនឡើង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ប្រទេស​នេះ​បាន​បង្កើន​ការ​សាកល្បង​អាវុធ​និង​ការ​គំរាមកំហែង​បង្ក​ជម្លោះ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក។

សមយុទ្ធ​រដូវ​ក្ដៅ​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នេះ ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២២ ខែ​សីហា ដល់​ថ្ងៃ​ទី ១ ខែ​កញ្ញា​ខាង​មុខ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្រោម​ស្លាក «របាំង​ការពារ​សេរីភាព Ulchi» នឹង​មាន​ការ​ហាត់​សម​នៅ​ទីវាល​ផ្ទាល់​ដែល​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង នាវា​ចម្បាំង រថក្រោះ និង​ទាហាន​ប្រហែល​រាប់​ម៉ឺន​នាក់។

សមយុទ្ធ​នេះ​គូស​បញ្ជាក់​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ការ​បន្ត​ឡើង​វិញ​នូវ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​លុប​ចោល​សមយុទ្ធ​ជា​ប្រចាំ​របស់​ខ្លួន​មួយ​ចំនួន និង​ធ្វើ​សមយុទ្ធ​មួយ​ចំនួន​ទៀត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​ធ្វើ​ឱ្យ​ដូច​ទៅ​នឹង​សមយុទ្ធ​ជាក់ស្ដែង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​បង្កើត​លំហ​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង និង​ដោយសារតែ​ក្ដី​បារម្ភ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ថា​ការ​ធ្វើ​សមយុទ្ធ​នេះ​ជា​ការ​ធ្វើ​សមយុទ្ធ​បែប​ការពារ​ខ្លួន​ក៏ដោយ ក៏​សមយុទ្ធ​នេះ​អាច​ប្រាកដ​ជា​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ជើង​ខឹង​សម្បា។ កន្លង​មក កូរ៉េ​ខាង​ជើង​បាន​ហៅ​ការ​ធ្វើ​សមយុទ្ធ​ទាំង​អស់​របស់​ក្រុម​សម្ព័ន្ធមិត្ត​នេះ​ថា​ជា​ការ​ហាត់សម​ដើម្បី​ឈ្លានពាន​ខ្លួន និង​បាន​ប្រើ​សមយុទ្ធ​នេះ​ដើម្បី​ផ្ដល់​ហេតុផល​ដល់​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ខ្លួន។

ក្រសួង​ការពារ​ជាតិ​អាមេរិក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ត្រៀម​ទល់ទល់​នឹង​មីស៊ីល​និង​សមយុទ្ធ​ស្វែងរក​និង​តាមដាន​គ្រាប់​ផ្លោង​មីស៊ីល​នៅ​ឯ​សមុទ្រ​រដ្ឋ Hawaii កាលពី​ថ្ងៃ​ទី ៨ ដល់​ទី ១៤ ខែ​សីហា​កន្លង​ទៅ​នេះ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ត្រី​ភាគី​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​ពី​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG