ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បញ្ជាក់​ជា​ថ្មី​ពី​សារៈ​សំខាន់​នៃ​ការ​គោរព​ច្បាប់​អន្តរ​ជាតិ​ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិនខាង​ត្បូង


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (ទី៥​រាប់​ពី​ឆ្វេង) ចាប់​ដៃ​គ្នា​ជាមួយ​នឹង​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២។

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ និង​បង្ហាញ​ក្តី​កង្វល់​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​មួយ​ចំនួន​របស់​អាស៊ាន​ និង​បាន​ស្នើ​ឱ្យ​ភាគី​ជម្លោះ​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ ហើយ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ​ ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា។ ​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ស្តីពី​កិច្ច​ប្រជុំ​កំពូល​រដ្ឋ​មន្ត្រី​ការ​បរទេស​តំបន់​អាស៊ី-បូព៌ា​លើក​ទី​១២​ ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​នៅ​ថ្ងៃ​ទី​៥​ខែ​សីហា​ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា​ (AKP)នា​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០២២​នេះ​ កិច្ច​ប្រជុំ​នេះ​បាន​បញ្ជាក់​សារ​ជាថ្មី​នូវ​សារៈ​សំខាន់​នៃ​ការ​មិន​ប្រើប្រាស់​កង​កម្លាំង ​និង​អនុវត្ត​ការ​រឹតត្បិត​សកម្ម​ភាព​នានា​ដោយ​ភាគី​ជម្លោះ​និង​រដ្ឋ​ដទៃ​ទៀត​ ព្រម​ទាំង អនុវត្ត​ទៅ​តាម​ការ​កំណត់​ទាំងឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឬ​ហៅ​កាត់​ថា​DOC ​(Declaration on the Conduct of Parties in the South China Sea)​ ដើម្បី​ធានា​ឱ្យ​បាន​សន្តិសុខ​ និង​ស្ថិរភាព​ក្នុង​ទីតាំង​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «កិច្ច​ប្រជុំ​សង្កត់​ធ្ងន់​ទៅ​លើការ​ចាំបាច់​នៃ​ការ​កសាង​ទំនុក​ចិត្ត ​វិធាន​ការ​ការពារ​ និង​ការ​ជឿទុក​ចិត្ត​លើ​ច្បាប់​អន្តរជាតិ ​ជាពិសេស​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ ​(UNCLOS) ​ឆ្នាំ​១៩៨២»។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក​បណ្ឌិត គិន ភា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ជម្លោះ​ដ៏រ៉ាំរ៉ៃ​ ដែល​បាន​អូស​បន្លាយ​ពេល​ជាយូរ​មក​ហើយ​និង​គ្មាន​ដំណោះ​ស្រាយ។ ​ដូច្នេះ​ អ្វី​ដែល​ភាគី​ទំនាស់​គួរ​ធ្វើ​នោះ​គឺ​«រក្សាភាព​ដើម»។​

លោក​បន្ថែម​ថា​ ភាគី​ក្រៅ​ជម្លោះ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ក្នុង​ចេតនា​អុជអាល ​ដែល​រុញ​ឱ្យ​កម្តៅ​កាន់តែ​ឆាប​ឆួល​ ហើយ​ជាពិសេស​ភាគី​ក្នុង​ជម្លោះ​ផ្ទាល់​ត្រូវ​ដោះ​ស្រាយ​រួម​គ្នា​ ដោយ​មិន​ត្រូវ​ធ្វើ​ឱ្យ​រឿង​នេះ​ក្លាយ​ទៅ​ជា​ជម្លោះ​អន្តរជាតិ​នោះ​ទេ។​

លោក​ថ្លែង​ថា៖​«ចៀសវាង​ការ​ធ្វើ​អន្តរ​ជាតូបនីយ​កម្ម​នៃ​ជម្លោះ ​ដែល​នាំ​ឱ្យ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង​ វា​កាន់​តែ​ក្តៅ កាន់តែ​ធ្វើ​ឱ្យ​មាន​កា​រប៉ះ​ពាល់​ទៅ​ដល់​បញ្ហា​សន្តិភាព​ ស្ថិរ​ភាព​តំបន់ ​និង​វិបុលភាព​រួម​របស់​ពិភព​លោក»។​

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​ជម្លោះ​ដែល​អូស​បន្លាយ​និង​ចាក់​ស្រេះ ​ហេតុ​នេះ​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះត្រូវ​ការ​ពេល​វេលា​ច្រើន​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​វិបត្តិ​នេះ។ ​

លោក​ថ្លែង​ថា៖​«អ៊ីចឹង​វា​មិន​អាច​មាន​ដំណោះ​ស្រាយ​ឆាប់ៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទេ។​ អ្វី​ដែល​អាស៊ាន​និង​ចិន​កំពុង​តែ​ធ្វើ​គឺ​ដោះ​ស្រាយ​បញ្ហា​សន្សឹមៗ​ ជាពិសេស​សម្រេច​បាន​នូវ​ក្រម​ប្រតិបត្តិ​ COC»។​

បើ​តាម​លោក​ឈាង​ វណ្ណារិទ្ធ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​(COC)​គឺ​ជា​យន្តការ​ដ៏​សំខាន់​ដើម្បី​ឱ្យ​មាន​ការ​យល់​គ្នា​កាន់​តែ​ច្រើន​ សហប្រតិ​បត្តិការ ​និង​ពង្រឹង​នូវ​ការ​គោរព​ច្បាប់​អន្តរជាតិ​ដែល​ជា​វិថី​ដើរ​ចេញ​ពី​ជម្លោះ​ដ៏រ៉ាំរ៉ៃ​មួយ​នេះ។​

វីអូអេ​មិន​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ផៃ​ ស៊ីផាន​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

យ៉ាងណា​ក៏​ដោយ​ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ប្រាក់ សុខុន​ធ្លាប់​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​«ប្រកាន់​ខ្ជាប់​ភាព​អត់​ធ្មត់​ជា​អតិបរមា» ​និង​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​ដោយ​សន្តិវិធី​ ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ​ រួម​ទាំង​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS)​ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​១៩៨២។​

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​ខែ​មិថុនា ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន អនុរដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ​អ្នកស្រី ​ Wendy Sherman ​បាន​អះអាង​ថា​ អាមេរិក​មាន​បំណង​ធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​នៃ​សមាគម​អាស៊ាន​នៅ​ឆ្នាំ​២០២២​ ហើយ​ជួយ​ធានា​ឱ្យ​កម្ពុជា​អាច​ដើរ​តួនាទី​ប្រកប​ដោយ​ន័យ​ស្ថាបនា នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ​និង​នយោបាយ​សំខាន់ៗ​ នៅ​ក្នុង​តំបន់​ ដូច​ជា​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​និង​បញ្ហា​តំបន់​ទន្លេ​មេគង្គ។​

ក្រោយ​មក​ រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក​ Antony J. Blinken ​បាន​សង្កត់​ធ្ងន់​នូវ​ការ​ប្តេជ្ញា​របស់​អាមេរិក​ចំពោះ​អាស៊ាន ​តួនាទី​ដ៏​សំខាន់​របស់​អាស៊ាន​សម្រាប់​យុទ្ធសាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​និង​បាន​លើក​ឡើង​អំពី​ការ​បដិសេធ​របស់​អាមេរិក​ប្រឆាំង​នឹង​ការ​អះអាង​របស់​ចិន​«ដោយ​មិន​ស្រប​ច្បាប់»​ទៅ​លើ​ដែន​ទឹក​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​និង​បញ្ជាក់​ជា​ថ្មី​ថា​ អាមេរិក​នៅ​ជាមួយ​ប្រទេស​ភាគី​ជម្លោះ​ដែល​ជា​សមាជិក​អាស៊ាន ​ដើម្បី​តទល់​នឹង​ការ​បង្ខំ​របស់​ចិន។​ ក៏ប៉ុន្តែ​ចិន​ជា​រឿយៗ​អះអាង​ពីការ​កាន់កាប់​ស្ទើរតែ​ទាំង​អស់​នៃ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG