កាលពីថ្ងៃព្រហស្បតិ៍ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់រួចមក។
នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនេះ អ្នកស្រី Pelosi បានជួបពិភាក្សាជាមួយនឹងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo អំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
អ្នកស្រី Pelosi និងលោក Kim Jin Pyo បានសន្យាគាំទ្រឱ្យមានវិធីកម្លារារាំងប្រឆាំងនឹងកូរ៉េខាងជើង និងគាំទ្រធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលកូរ៉េខាងជើងលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
នៅក្រោយជំនួបនោះ លោក Kim Jin Pyo បានអានសេចក្ដីថ្លែងការណ៍រួមថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក «បានបង្ហាញក្ដីបារម្ភទាក់ទិននឹងស្ថានការណ៍ធ្ងន់ធ្ងរ ដែលនៅក្នុងស្ថានការណ៍នោះ កម្រិតនៃការគំរាមកំហែងរបស់កូរ៉េខាងជើងកំពុងកើនឡើងខ្លាំង»។
អ្នកស្រី Pelosi ក៏បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា អ្នកស្រីនិងលោក Kim Jin Pyo បានពិភាក្សាអំពីវិធីនៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខតំបន់ សេដ្ឋកិច្ច និងអាកាសធាតុ។
ប្រធានធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol មិនបានជួបជាមួយនឹងអ្នកស្រី Pelosi នោះទេ ដោយសារតែលោកកំពុងឈប់សម្រាកនៅសប្ដាហ៍នេះ ប៉ុន្តែលោកបានសន្ទនាតាមទូរស័ព្ទរយៈពេល ៤០ នាទីជាមួយនឹងអ្នកស្រី Pelosi ដោយលោកបានសន្យាធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងសភាសហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់លោក Kim Tae Hyo ទីប្រឹក្សារងផ្នែកសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងត្បូង។
បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូងមក អ្នកស្រី Pelosi បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនកាលពីយប់ថ្ងៃព្រហស្បតិ៍។ ប្រទេសជប៉ុនគឺជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi ទៅកាន់ទ្វីបអាស៊ី បន្ទាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី កោះតៃវ៉ាន់ និងកូរ៉េខាងត្បូង។
អ្នកស្រី Pelosi គ្រោងមានជំនួបពិសារអាហារពេលព្រឹកជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃសុក្រ៕
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —