ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ថា រុស្ស៊ី​និង​កូរ៉េ​ខាងជើង​នឹង​ពង្រីក​ទំនាក់ទំនង​ទ្វេ​ភាគី


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ស្ដាំ) ចាប់​ដៃ​គ្នា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នៅ​ប្រទេស​រុស្ស៊ី ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩។ (KCNA VIA KNS / AFP)

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ថា ប្រទេស​រុស្ស៊ី​និង​កូរ៉េ​ខាង​ជើង​នឹង «ពង្រីក​ទំនាក់ទំនង​ទ្វេ​ភាគី​ដ៏​ទូលំទូលាយ​និង​មាន​ប្រយោជន៍​ជាមួយ​នឹង​កិច្ច​ប្រឹងប្រែង​រួម»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​បន្ថែម​ថា នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក Kim Jong Un នៅ​ចំ​ទិវា​រំដោះ​ជាតិ​របស់​កូរ៉េ​ខាងជើង លោក Putin បាន​បញ្ជាក់​ថា ទំនាក់ទំនង​ជិតស្និទ្ធ​គឺ​ជា​ផល​ប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ​និង​ជួយ​ពង្រឹង​ដល់​សន្តិសុខ​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​និង​តំបន់​អាស៊ី​ឦសាន្ត។

លោក Kim Jong Un ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ផង​ដែរ​ទៅ​កាន់​លោក Putin ដោយ​បាន​បញ្ជាក់​ថា មិត្តភាព​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាងជើង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ដោយ​ការ​ទទួល​បាន​ជ័យជម្នះ​លើ​ប្រទេស​ជប៉ុន ដែល​នៅ​ពេល​នោះ​ប្រទេស​ជប៉ុន​បាន​ត្រួតត្រា​ឧបទ្វីប​កូរ៉េ។

លោក Kim Jong Un បាន​លើកឡើង​នៅ​ក្នុង​លិខិត​នោះ​ថា «កិច្ច​សហ​ប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​និង​បែប​យុទ្ធវិធី ការ​គាំទ្រ និង​សាមគ្គីភាព» រវាង​ប្រទេស​ទាំង​ពីរ​តាំង​ពី​ពេល​នោះ​មក​បាន​ឈាន​ដល់​កម្រិត​ថ្មី​មួយ ដែល​នោះ​គឺ​កិច្ច​ប្រឹងប្រែង​រួម​ដើម្បី​រារាំង​ការ​គំរាមកំហែង​និង​ការ​បង្កហេតុ​ពី​កម្លាំង​យោធា​សត្រូវ។

លោក Kim Jong Un បាន​ប្រមើល​មើល​ថា កិច្ច​សហប្រតិបត្តិការ​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាងជើង​នឹង​រីក​ចម្រើន​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ ២០១៩ ដែល​នៅ​ពេល​នោះ លោក​បាន​ជួប​ជាមួយ​នឹង​លោក Putin៕

XS
SM
MD
LG