មេដឹកនាំមកពីសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូងនិងជប៉ុន បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រជំរុញឲ្យអង្គការសហប្រជាជាតិបង្កើនការអនុវត្តន៍ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងបន្ទាប់ពីបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបរបស់ប្រទេសនេះកាលពីថ្ងៃទី៤ ខែកក្កដា។
ពួកមេដឹកនាំទាំង៣ប្រទេសកំពុងសុំឲ្យសហគមន៍អន្តរជាតិអនុវត្តជាបន្ទាន់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដាក់ទណ្ឌកម្មកូរ៉េខាងជើង។ នេះបើតាមកិច្ចសន្ទានាដែលបានធ្វើឡើងរវាងប្រធានាធិបតីសហ រដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតី Moon Jae-in នៃប្រទេសកូរ៉េខាងត្បូងនិងលោក Shinzo Abe នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន នៅឯសន្និសីទកំពូលG-20 ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
មេដឹកនាំទាំង៣បានបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់ពួកអស់លោកដើម្បីធ្វើឲ្យប្រទេសកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែ ហើយពួកអស់លោកបានអំពាវនាវដល់ប្រទេសនានាដែលមានព្រំដែនជាមួយកូរ៉េខាងជើងឲ្យជួយជំរុញកូរ៉េខាងជើងបញ្ឈប់ការគំរាមកំហែងប្រទេសផ្សេងៗទៀត ហើយនិងបញ្ឈប់កម្មវិធីកាំជ្រួច Ballistic របស់រដ្ឋាភិបាលក្រុងព្យូងយ៉ាង នេះបើតាមសេចក្តីថ្លែងការណ៍នោះ។
ជំនួបនោះកើតមានឡើង២ថ្ងៃក្រោយបីលោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Nikki Haley ប្រចាំនៅអង្គការសហប្រជាជាតិព្រមានថា ការសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងមិនបានធ្វើឲ្យមានដំណោះស្រាយខាងការទូតភ្លាមៗទេ ហើយលោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ទៀតថា សហរដ្ឋអាមេរិកនឹងស្នើការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសនោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនោះ៕